និយាយពាក្យនៃព្រះគុណ ក្នុងពេលពិបាកបំផុត

ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ។ លូកា ២៣:៣៤

អ្នក​ស្រី​ឆាឡា(Charla) បាន​ដឹង​ខ្លួន​ថា គាត់​ជិត​ដល់​ពេល​លា​ចាក​លោក​ហើយ។ ខណៈ​ពេល​ដែល​គាត់​កំពុង​គេង​នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ គ្រូ​ពេទ្យ​ផ្នែក​វះកាត់​បាន​នាំ​ពេទ្យ​ក្មេង​ៗ​មួយ​ក្រុម​មក​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​បន្ទប់​របស់​គាត់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​នោះ វេជ្ជបណ្ឌិត​មិន​បាន​អើពើ​ចំពោះ​អ្នក​ស្រី​ឆាឡា​សោះ ខណៈ​ពេល​ដែល​គាត់​កំពុង​រៀប​រាប់​អំពី​ស្ថានភាព​ជំងឺ​របស់​គាត់ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ទី​បំផុត គ្រូពេទ្យ​រូប​នោះ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​សួរ​សុខ​ទុក្ខ​គាត់។ អ្នក​ស្រី​ឆាឡា​ក៏​បាន​ញញឹម​ទាំង​ពិបាក ហើយក៏​បាន​និយាយ​យ៉ាង​សុភាព ទៅ​កាន់​មនុស្ស​មួយ​ក្រុម​នោះ អំពី​ក្តី​សង្ឃឹម និង​សន្តិភាព ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ព្រះ​យេស៊ូវ។

កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ព្រះ​កាយ​ដ៏​ខ្ទេច​ខ្ទាំ​របស់​ព្រះ​យេស៊ូវ​បាន​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង ដោយ​ក្តី​អាម៉ាស់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស ដែល​កំពុង​ឈរ​មើល​ព្រះអង្គ។ តើ​ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​មនុស្ស ដែល​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​ព្រះអង្គ​ទេ? ទេ។ ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​មាន​បន្ទូល​ថា “ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ ទោះ​ពួក​គេ​បាន​កាត់​ទោស និង​ឆ្កាង​ព្រះ​អង្គ ដោយ​អយុត្តិធម៌​ក៏​ដោយ។ ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ឧក្រិដ្ឋ​ជន​ម្នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​អង្គ​ថា ដោយសារ​ជំនឿ​របស់​គាត់ ​នោះ​គាត់​នឹង​បាន​ទៅ​នៅ​ស្ថាន​បរម​សុខ​ជា​មួយ​ព្រះ​អង្គ​ដែរ​(ខ.៤៣)។ ក្នុង​ពេល​ដ៏​ឈឺ​ចាប់ និង​អាម៉ាស់​នោះ ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះទ័យ​មាន​បន្ទូល​អំពី​ក្តី​សង្ឃឹម និង​ជីវិត ដោយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់។

ខណៈ​ពេល​ដែល​អ្នក​ស្រី​ឆាឡា​កំពុង​និយាយ​បញ្ចប់​ការ​ចែក​ចាយ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ស្តាប់​របស់​គាត់ គាត់​ក៏​បាន​សួរ​ទៅ​វេជ្ជបណ្ឌិត​វិញ។ គាត់​បាន​មើល​ទៅ​វេជ្ជបណ្ឌិត​ដែល​កំពុង​មាន​ទឹក​ភ្នែក​រលីងរលោង ហើយ​សួរ​ថា “លោក​គ្រូ​សុខ​សប្បាយ​ទេ?” ដោយ​ព្រះ​គុណ និង​អំណាច​របស់​ព្រះ​គ្រីស្ទ គាត់​បាន​ចែក​ចាយ ព្រះ​បន្ទូល​នៃ​ជីវិត ដោយ​បង្ហាញ​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​គ្រូ​ពេទ្យ និង​អ្នក​ដទៃ​ទៀត នៅ​ក្នុង​បន្ទប់​នោះ។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​សព្វ​ថ្ងៃ និង​នៅ​ពេល​អនាគត ចូរ​យើង​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​សេចក្តី​ក្លាហាន ឲ្យ​យើង​ចែក​ចាយ​ព្រះ​បន្ទូល​នៃ​ជីវិត ដោយ​សេចក្តី​ស្រឡាញ់។—Tom Felten

តើ​អ្នក​កំពុង​ជួប​រឿង​ដ៏​ពិបាក និង​អាម៉ាស់​អ្វី​ខ្លះ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ? តើ​អ្នក​អាច​ពឹង​ផ្អែក​ព្រះយេស៊ូវ និង​អំណាច​ចេស្តា​ព្រះ​អង្គ​យ៉ាង​ដូច​ម្តេច​ខ្លះ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​ព្រះ​បន្ទូល​នៃ​ជីវិត ក្នុង​រដូវ​កាល​ដ៏​ពិបាក​នេះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​គំរូ​នៃ​ការ​ប្រទាន​ព្រះ​គុណ និង​ការ​បន្ទាប​ព្រះ​កាយ។ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ​ឲ្យ​និយាយ​ទៅ​កាន់​មនុស្ស​ដែល​គ្មាន​ក្តី​ស្រឡាញ់ ដោយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ព្រះ​គុណ និង​ក្តី​ស្រឡាញ់​ព្រះ​អង្គ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១០-១១ និង កិច្ចការ ៤:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles