ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង។ ២កូរិនថូស ៨:១៤

នៅ​អាមេរិក កន្លែង​លក់​អាហារ​ក្នុង​សាលារៀន មាន​លក្ខណៈ​មិន​ខុស​ពី​ភោជនីយដ្ឋាន​ធំ​ៗ​ឡើយ។ ជា​ញឹក​ញាប់ កន្លែង​លក់​អាហារ​ទាំង​នោះ​បាន​ត្រៀម​ម្ហូប​អាហារ លើស​ពី​តម្រូវ​ការ ព្រោះ​ពួក​គេ​មិន​អាច​ទាយ​ស្មាន​ជា​មុន​ឲ្យ​បាន​១​រយ​ភាគ​រយ​ថា សិស្ស​ត្រូវ​ការ​អាហារ​អ្វី​ខ្លះ នៅ​ថ្ងៃ​នីមួយ​ៗ ហេតុ​នេះ​ហើយ មាន​អាហារ​ជា​ច្រើន​ដែល​នៅ​សល់ ត្រូវ​គេ​បោះ​ចោល។ តែ​មាន​សិស្ស​ជា​ច្រើន​ដែល​មិន​មាន​អាហារ​គ្រប់​គ្រាន់ សម្រាប់​បរិភោគ​នៅ​ផ្ទះ ហើយ​ក៏​មាន​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ​នៅ​ចុង​សប្តាហ៍។ ដូចនេះ មន្ទីរ​អប់​រំ​ប្រចាំ​ស្រុក​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុង​តំបន់​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។ ពួក​គេ​ក៏​បាន​វេច​ខ្ចប់​អាហារ​ដែល​នៅ​សល់ ទុក​ឲ្យ​សិស្ស​យក​ទៅ​ផ្ទះ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​នៃ​ការ​ខ្ជះខ្ជាយ​អាហារ និង​ការ​ស្រេក​ឃ្លាន​ផង​ដែរ។

មនុស្ស​ភាគ​ច្រើន​មិន​គិត​ថា ការ​មាន​លុយ​ជា​បរិបូរ​គឺ​ជា​បញ្ហា ដូច​ការ​ខ្ជះខ្ជាយ​អាហារ​នោះ​ឡើយ តែ​គោលការណ៍​នៅ​ពី​ក្រោយ​កម្ម​វិធីចែក​អាហារ​របស់​សាលា​នោះ គឺ​មិន​ខុស​ពី​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​នោះ​ឡើយ។ គាត់​ដឹង​ថា ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន​កំពុង​ជួប​ទុក្ខ​លំបាក ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ប្រើ​ភាព​បរិបូរ​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(២កូរិនថូស ៨:១៤)។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​នាំ​មក​នូវ​ភាព​ស្មើ​ភាព​គ្នា ក្នុង​ចំណោម​ពួក​ជំនុំ​ទាំង​ឡាយ ដើម្បី​កុំ​ឲ្យ​មាន​ពួកជំនុំ​ខ្លះ​មាន​ភាព​សម្បូរ​សប្បាយ​ពេក ខណៈ​ពេល​ដែល​ពួក​ជំនុំ​ផ្សេង​ទៀត កំពុង​ជួប​ការ​ខ្វះ​ខាត។

សាវ័ក​ប៉ុល​មិន​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ធ្លាក់​ខ្លួន​ក្រ ដោយសារ​ការ​ជួយ​ផ្គត់ផ្គង់​គេ​នោះ​ឡើយ តែ​គាត់​គ្រាន់​តែ​ចង់​ឲ្យ៊ពួកគេ​មាន​ក្តី​អាណិត និង​មាន​ចិត្ត​សប្បុរស​ចំពោះ​ពួកជំនុំ​នៅ​ស្រុក​ម៉ាសេដូន ដោយ​ទទួល​ស្គាល់​ថា នៅ​ពេល​អនាគត ពួក​គេ​ក៏​អាច​មាន​ការ​ខ្វះ​ខាត​ដូច​ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន​ផង​ដែរ។ ពេល​ណា​យើង​ឃើញ​អ្នក​ដទៃ​ជួប​ការ​ខ្វះ​ខាត ចូរ​យើង​ធ្វើ​ការ​វាយ​តម្លៃ​ថា ខ្លួន​យើង​មាន​អ្វី​ដែល​អាច​ចែក​រំលែក​ពួក​គេ​ដែរ​ឬ​ទេ។ ការ​ជួយ​អ្នក​ដទៃ ឬ​ការ​ដាក់​ដង្វាយ​ឲ្យ​គេ ទោះ​តូច​ឬ​ធំ​ក្តី គឺ​មិន​ដែល​អត់​ប្រយោជន៍​នោះ​ឡើយ។—Kirsten Holmberg

តើ​ព្រះ​ទ្រង់​បាន​បំពេញ​តម្រូវ​ការ​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ តាម​រយៈ​អ្នក​ដទៃ ឬ​ក្រុម​ណា​មួយ? អ្នក​អាច​បង្ហាញ​ភាព​សប្បុរស​ស្រដៀង​នោះ​ដែរ ដល់​អ្នក​ផ្សេង​ទៀត យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ថ្វាយ​ធន​ធាន​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ទូល​បង្គំ។ ពេល​ណា​ទូល​បង្គំ​មាន​ការ​ខ្វះ​ខាត សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​ទូល​បង្គំ តាម​រយៈ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ផង​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៦-៨ និង​ កិច្ចការ ៦