ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។ ១កូរិនថូស ១:១៨
លោកហ្សាំង(Zhang) បាននិយាយថា គាត់បានចម្រើនវ័យធំឡើង ដោយគ្មានព្រះ គ្មានសាសនា គ្មានជំនឿអ្វីទាំងអស់។ កាលពីឆ្នាំ ១៩៨៩ គាត់បានខិតខំទាមទារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព សម្រាប់ប្រជាជនគាត់ ដោយជួយដឹកនាំពួកនិស្សិតធ្វើបាតុកម្មដោយអហិង្សា។ តែបាតុកម្មនោះត្រូវបានរដ្ឋាភិបាលបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ហើយមនុស្សរាប់រយនាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ។ ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងរឿងនេះ គាត់មានឈ្មោះនៅក្នុងបញ្ជីឈ្មោះមនុស្ស ដែលរដ្ឋាភិបាលចង់ចាប់ខ្លួនខ្លាំងបំផុត។ បន្ទាប់ពីគាត់បានជាប់គុកមួយរយៈពេលខ្លីមក គាត់ក៏បានរត់គេចខ្លួន ទៅភូមិដាច់ស្រយាលមួយ ដែលនៅទីនោះ គាត់ក៏បានជួបកសិករចាស់ទុំម្នាក់ ដែលបាននាំគាត់ឲ្យស្គាល់ជំនឿរបស់គ្រីស្ទបរិស័ទ។ កសិករនោះមានតែកណ្ឌគម្ពីរយ៉ូហាន ដែលគេបានកត់ចម្លងបានមួយក្បាល តែខ្លួនមិនចេះអានអក្សរ ដូចនេះ ក៏បានពឹងលោកហ្សាំងអានឲ្យស្តាប់។ ពេលដែលលោកហ្សាំងអាន កសិករនោះក៏បានពន្យល់ប្រាប់គាត់ ហើយមួយឆ្នាំក្រោយមក លោកហ្សាំងក៏បានក្លាយជាអ្នកជឿព្រះយេស៊ូវ។
តាមរយៈរឿងគ្រប់យ៉ាង ដែលលោកហ្សាំងបានឆ្លងកាត់ គាត់បានមើលឃើញថា ព្រះកំពុងដឹកនាំគាត់ទៅរកឈើឆ្កាង ដោយអំណាចចេស្តាទ្រង់ ហើយគាត់ក៏បានយល់សេចក្តីដែលសាវ័កប៉ុលបានបង្រៀនក្នុងកណ្ឌគម្ពីរ ១កូរិនថូសថា “ដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ”(១:១៨)។ ការអ្វីដែលមនុស្សជាច្រើនចាត់ទុកជារឿងឆ្កួតឡប់ ឬភាពទន់ខ្សោយ បានក្លាយជាកម្លាំងរបស់លោកហ្សាំង។ ក្នុងចំណោមយើង ក៏មានអ្នកខ្លះ ដែលធ្លាប់គិតដូចនេះផងដែរ មុនពេលខ្លួនទទួលជឿព្រះគ្រីស្ទ។ ប៉ុន្តែ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងអាចពិសោធន៍នឹងអំណាចចេស្តា និងប្រាជ្ញារបស់ព្រះ ចូលក្នុងជីវិតយើង ហើយនាំយើងទៅរកព្រះគ្រីស្ទ។ សព្វថ្ងៃនេះ លោកហ្សាំងបានបម្រើការជាគ្រូគង្វាល ដោយផ្សព្វផ្សាយសេចក្តីពិតនៃឈើឆ្កាង ឲ្យតែមានឱកាស។
ព្រះយេស៊ូវមានអំណាចកែប្រែចិត្តដែលរឹងបំផុត។ តើមាននរណាខ្លះ ត្រូវការព្រះអង្គប៉ះពាល់ចិត្ត ដោយអំណាចចេស្តាទ្រង់ នៅថ្ងៃនេះ?—Alyson Kieda
មុនពេលអ្នកទទួលជឿព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ តើអ្នកមានការយល់ឃើញយ៉ាងណា អំពីដំណឹងល្អនៃឈើឆ្កាង? តើមាននរណាខ្លះ ដែលត្រូវការដំណឹងល្អនៃឈើឆ្កាង?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការដឹកនាំទូលបង្គំឲ្យចូលមករកព្រះអង្គ តាមរយៈឈើឆ្កាង។ បើគ្មានព្រះអង្គទេ ទូលបង្គំនឹងវង្វេងជារៀងរហូត!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣