ពិធីលៀងព្រះអម្ចាស់ នៅស្ថានព្រះច័ន្ទ

 

ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦

ពេល​ដែល​យាន​អវកាស​អាប៉ូឡូ​ទី​១១ បាន​ចុះ​ចត​នៅ​លើ​សមុទ្រ​នៃ​ភាព​ស្ងប់​ស្ងាត់ នៃ​ស្ថាន​ព្រះ​ច័ន្ទ នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​១៩៦៩ អវកាស​យានិក ដែល​ជា​អ្នក​ដំណើរ​អវកាស បាន​ចំណាយ​ពេល​សម្រាក​មួយ​ភ្លែត ដើម្បី​ឲ្យ​មាន​ភាព​ធូរ​ស្បើយ ពី​ការ​ធ្វើ​ដំណើរ មុន​នឹង​បោះ​ជំហាន ចូល​ទៅ​ក្នុង​ផ្ទៃ​ខាង​លើ​នៃ​ស្ថាន​ព្រះ​ច័ន្ទ​ជា​លើក​ទី១។ លោក ប៊ូហ្ស អាល់ឌីន(Buzz Aldrin) ដែល​ជា​អវកាស​យានិក បាន​ទទួល​ការអនុញ្ញាត ឲ្យ​យក​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ មក​ជា​មួយ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់។ បន្ទាប់​ពី​គាត់​បាន​អាន​ព្រះ​គម្ពីរ​ហើយ គាត់​ក៏​បាន​បរិភោគ​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ ជា​ហារ​ដំបូង​បំផុត ដែល​មនុស្ស​ជាតិ​បរិភោគ នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​បាន​ចាក់​ស្រា​ទំពាំង​បាយ​ជូរ ចូល​ទៅ​ក្នុង​ពែង ដែល​ពួក​ជំនុំ​ខ្ញុំ​បាន​ឲ្យ​មក​ខ្ញុំ។ ដោយសារ​ស្ថាន​ព្រះ​ច័ន្ទ​មាន​ទំនាញ​តិច​ជាង​ផែន​ដី​៦​ដង នោះ​ស្រា​ទំពាំង​បាយ​ជូរ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ពែង​គាត់ ដោយ​ចំកោង​ខ្លួន​យឺត​ៗ ឡើង​ទៅ​លើ​យ៉ាង​ស្រស់​ស្អាត នៅ​ចំហៀង​ពែង”។ លោក​អាល់ឌីន​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ នៅ​លើ​ស្ថាន​ព្រះច័ន្ទ ដោយ​អំណរ ដែល​ជា​ការ​ប្រកាស​ថា គាត់​បាន​ជឿ​លើ​ការ​លះ​បង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង និង​ការ​ធានា​អំពី​ការ​យាង​មក​របស់​ព្រះ​អង្គ ជា​លើក​ទី២។​

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​អង្គុយ​ជា​មួយ​ពួក​សាវ័ក​ព្រះ​អង្គ នៅ​ពេល​យប់​ដែល​គេ​បាន​ក្បត់​ទ្រង់(១កូរិនថូស ១១:២៣)។ ព្រះ​យេស៊ូវ​បាន​ប្រៀប​ប្រដូច​ព្រះ​កាយ​ព្រះអង្គ ទៅ​នឹង​នំប៉័ង​(ខ.២៤)។ ព្រះ​អង្គ​បាន​ប្រកាស​ថា ស្រា​ទំពាំង​បាយ​ជូរ ជា​និមិត្ត​រូប​នៃ “សេចក្តី​សញ្ញា​ថ្មី” ដែល​ធានា​នូវ​ការ​អត់​ទោស​បាប និង​សេចក្តីសង្គ្រោះ តាម​រយៈ​ព្រះ​លោហិត​ព្រះ​អង្គ ដែល​បាន​ហូរ​នៅ​លើ​ឈើ​ឆ្កាង(ខ.២៥)។ ពេល​ណា​យើង​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ គឺ​យើង​កំពុង​ប្រកាស​ថា យើង​មាន​ជំនឿ​លើ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ និង​មាន​សង្ឃឹម​ថា ព្រះអង្គ​នឹង​យាង​មក​ជា​លើក​ទី​២ តាម​ព្រះ​បន្ទូល​សន្យា​(ខ.២៦)។

ទោះ​យើង​នៅ​ទីណា​ក៏​ដោយ យើង​នៅ​តែ​អាច​ប្រកាស​ថា យើង​ជឿ​ព្រះ​យេស៊ូវ​ជា​អង្គ​សង្គ្រោះ​តែ​មួយ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ប្រកាស​ថា ​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​វិញ។—Xochitl Dixon

តើ​មាន​អ្វី​រារាំង​អ្នក មិន​ឲ្យ​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់ ដើម្បី​នឹក​ចាំ​អំពី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​បាន​ដឹង​ថា បង​ប្អូន​រួម​ជំនឿ​ម្នាក់​បាន​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់​នៅ​ស្ថាន​ព្រះ​ច័ន្ទ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​យេស៊ូវ។

ឱ​ព្រះ​យេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់​នៅ ដោយ​ចិត្ត​ក្លាហាន​ថ្វាយ​ព្រះ​អង្គ រហូត​ដល់​ព្រះ​អង្គ​យាង​មក​វិញ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles