ព្រះអង្គជ្រាបអំពីចិត្តរបស់ខ្ញុំ

 

អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ។ អេសាយ ១១:៣

បន្ទាប់​ពី​អ្នក​ទិញ​ឥវ៉ាន់ នៅ​ហាង​លក់​ទំនិញ បាន​បង់​លុយ​ទិញ​ឥវ៉ាន់​ហើយ ខ្ញុំ​ក៏​បាន​ចូល​ទៅ​កន្លែង​គិត​លុយ ដើម្បី​ស្គែន​ឥវ៉ាន់​ដែល​ខ្ញុំ​បាន​ទិញ។ ពេល​នោះ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា មាន​មនុស្ស​ម្នាក់​បាន​មក​បញ្ចេញ​កំហឹង​ដាក់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ដឹង​សោះ​ថា គាត់​ត្រូវ​ចូល​ទៅ​បង់​លុយ​មុន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​និយាយ​សុំទោស​គាត់ ដោយ​ចិត្ត​ស្មោះ។ តែ​គាត់​នៅ​តែ​មិន​អត់​ឱន​ឲ្យ​ខ្ញុំ ហើយ​ស្តី​ឲ្យ​ខ្ញុំ ដោយ​គ្មាន​ត្រា​ប្រណី។

តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ខុស អ្នក​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​ព្យាយាម​សុំ​ទោស​គេ តែ​គេ​បដិសេធ​មិន​ព្រម​ទទួល​ការ​សុំទោស​របស់​អ្នក​ទេ? យើង​មិន​មាន​អារម្មណ៍​ល្អ​ទេ ពេល​ដែល​គេ​យល់​ច្រឡំ ឬ​វិនិច្ឆ័យ​យើង​ខុស ហើយ​បើ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​គាត់ កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ យើង​ក៏​កាន់​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ដែរ។​ ពេល​នោះ យើង​ពិត​ជា​ចង់​ឲ្យ​គាត់​យល់​ពី​ជម្រៅ​ចិត្ត​យើង​ណាស់។

បទ​គម្ពីរ​អេសាយ ១១:១-៥ បាន​ចែង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជ្រើស​តាំង អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា ឬ​ការ​វិនិច្ឆ័យ​ដ៏​ល្អ​ឥត​ខ្ចោះ។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា អ្នក​ដឹក​នាំ​នោះ “នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំជំរះ​ពួក​ទាល់ក្រ ដោយ​សេចក្តី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្តី​ទៀង​ត្រង់”(ខ.៣-៤)។ បទ​ទំនាយ​នេះ​បាន​សម្រេច ក្នុង​ព្រះ​ជន្ម និង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ ក្នុង​នាម​យើង​ជា​មនុស្ស​មាន​បាប និង​មាន​ភាព​កម្សោយ យើង​មិន​តែង​តែ​ធ្វើ​ការវិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​ជា​និច្ច​ឡើយ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​អាច​សង្ឃឹម​ថា ព្រះ​ដែល​ទត​ឃើញ និង​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​យើង​យ៉ាង​ត្រឹម​ត្រូវ។—Arthur Jackson

តើ​គេ​យល់​ច្រឡំ ឬ​វិនិច្ឆ័យ​អ្នក​ខុស នៅ​ពេល​ណា? តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ ហើយ​ស្គាល់​អ្នក​ទាំង​ស្រុង នៅ​ពេល​ដែល​អ្នក​ដទៃ​មិន​យល់​អំពី​អ្នក?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ជ្រាប​អំពី​ទូលបង្គំ​គ្មាន​កន្លែង​ចន្លោះ ទាំង​ពាក្យ​សម្ដី ការ​គិត និង​ការ​ប្រព្រឹត្ត។ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​វិនិច្ឆ័យ​អ្នក​ដទៃ​ខុស ដោយសារ​ទូល​បង្គំ​មិន​បាន​ដឹង​ច្បាស់ អំពី​ស្ថានភាព​របស់​គាត់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៥-២៧ និង កិច្ចការ ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles