ការចំហចិត្តទទួលការបង្រៀន

 

ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ។ សុភាសិត ១:៥

ការ​ទទួល​ការ​រិះគន់ និង​ការ​កែ​តម្រង់ ពី​អ្នក​ដទៃ មាន​សារៈ​សំខាន់​ណាស់។ រឿង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ចំណោម​អ្នក​និពន្ធ​ផង​ដែរ។ ហេតុនេះ​ហើយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​លោក​រីឆាត ប៊ី ហេយ(Richard B. Hays) ដែល​ជា​បណ្ឌិត និង​ទេវវិទូ បាន​សរសេរ​អត្ថបទ​មួយ ដើម្បី​កែ​សម្រួល​សំណេរ ដែល​គាត់​បាន​សរសេរ​ខុស​កាល​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សន: ដែល​គាត់​ធ្លាប់​មាន​កាល​ពី​អតីត​កាល ដោយ​សព្វ​ថ្ងៃ​នេះ គាត់​បាន​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ​ពី​អ្នក​ដទៃ ពេញ​មួយ​ជីវិត។

នៅ​ក្នុង​សេចក្តី​ផ្តើម​នៃ​កណ្ឌ​គម្ពីរ​សុភាសិត ស្តេច​សាឡូម៉ូន បាន​រៀប​រាប់​ត្រួស​ៗ អំពី​គោល​បំណង នៃ​ការ​និពន្ធ​សុភាសិត​។ តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ជំរុញ​ផង​ដែរ​ថា ទ្រង់​បាន​និពន្ធ​សុភាសិត​ទាំង​នោះ “ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ”(សុភាសិត ១:៥)។

ស្តេច​សាឡូម៉ូន​បាន​ជំរុញ​ពួក​អ្នក​ប្រាជ្ញ ឲ្យ​ស្តាប់ រៀន​សូត្រ និង​បន្ត​លូត​លាស់​ផង​ដែរ។​ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល ដែល​បាន​អះ​អាង​ថា ទោះ​គាត់​បាន​ដើរ​តាម​ព្រះយេស៊ូវ​អស់​រាប់​សិប​ឆ្នាំ​ហើយ​ក្តី ក៏​គាត់​នៅ​តែ​ព្យាយាម​ស្គាល់​ព្រះយេស៊ូវ​ជា​និច្ច(ភីលីព ៣:១០)។

គ្មាន​នរណា​ម្នាក់​រង​គ្រោះ ដោយសារ​ការ​បន្ត​បើក​ចំហ​ចិត្ត​ទទួល​ការ​បង្រៀន​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ ។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​បន្ត​លូតលាស់ និង​រៀន​សូត្រ​អំពី​សេចក្តី​ពិត​ក្នុង​ជំនឿ (និង​រឿង​នៃ​ជីវិត) ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដឹក​នាំ​យើង​ចូល​ទៅ​ក្នុង​សេចក្តី​ពិត(យ៉ូហាន ១៦:១៣) ដើម្បី​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ដ៏​ល្អ និង​អស្ចារ្យ​នៃ​យើង។—Bill Crowder

តើ​អ្នក​មាន​ការ​អន់​ថយ ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត ឬ​ក្នុង​ការ​លូត​លាស់​ខាង​វិញ្ញាណ? តើ​អ្នក​អាច​បើក​ចំហ​ចិត្ត​ទទួល​ការ​បង្រៀន​ដូចម្តេច​ខ្លះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​ជួយ​អ្នក​ឲ្យ​លូតលាស់​ថែម​ទៀត ក្នុង​ជីវិត?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​រំឭក​ទូល​បង្គំ​ថា ទូល​បង្គំ​មាន​សេចក្តី​ជា​ច្រើន​ដែល​ត្រូវ​រៀន​សូត្រ អំពី​ព្រះអង្គ និង​ជីវិត​នេះ។ សូម​ព្រះអង្គ​ប្រទាន​ទូល​បង្គំ នូវ​វិញ្ញាណ​ដែល​បន្ទាប​ខ្លួន និង​ចំហ​ចិត្ត​ទទួល​ការ​បង្រៀន ដើម្បី​ឲ្យ​ទូលបង្គំ​បន្ត​លូត​លាស់ ក្នុង​ព្រះ​គុណ និង​ការ​ស្គាល់​ព្រះ​យេស៊ូវ។

For further study, see Why Read the Bible? at DiscoverySeries.org/courses/why-read-the-bible/.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles