ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០
ក្នុងអំឡុងពេលដំណើរកម្សាន្តនៅសួនសត្វ ខ្ញុំក៏បានឈប់ ដើម្បីសម្រាកនៅក្បែរកន្លែងដែលគេដាក់តាំងសត្វអាញី។ ខ្ញុំឃើញសត្វអាញីបានសំយុងក្បាលចុះមកក្រោម។ វាហាក់ដូចកំពុងមានការស្កប់ចិត្ត នឹងការនៅស្ងៀមមួយកន្លែង ដោយមិនកម្រើកអ្វីសោះ។ ខ្ញុំក៏បានដកដង្ហើមធំ។ ដោយសារបញ្ហាសុខភាព ខ្ញុំពិបាកនៅស្ងៀមមួយកន្លែង ហើយតែងតែចង់ផ្លាស់ទីទៅមុខជានិច្ច ដើម្បីធ្វើអ្វីមួយ។ ខ្ញុំស្រេកឃ្លានចង់ឈប់មានអារម្មណ៍ទន់ខ្សោយទៀត ពោលគឺមិនសប្បាយចិត្តនឹងបញ្ហាសុខភាពរបស់ខ្ញុំសោះ។ ប៉ុន្តែ ពេលខ្ញុំកំពុងមើលទៅសត្វអាញី ខ្ញុំសង្កេតឃើញវាលាតសន្ធឹងដៃម្ខាង តោងមែកឈើនៅក្បែរនោះ រួចនៅស្ងៀមដូចមុនទៀត។ ការនៅមួយកន្លែងត្រូវការឲ្យយើងប្រើកម្លាំងផងដែរ។ បើខ្ញុំចង់មានចិត្តស្កប់ស្កល់ នឹងការផ្លាស់ទីយឺតៗ ឬនៅស្ងៀមដូចសត្វអាញី នោះខ្ញុំត្រូវការកម្លាំងសាច់ដុំដែលខ្លាំងអស្ចារ្យ។ ដើម្បីឲ្យខ្ញុំអាចទុកចិត្តព្រះ នៅគ្រប់ពេលវេលាទាំងអស់ នៃជីវិតខ្ញុំ ខ្ញុំត្រូវការកម្លាំងខាងវិញ្ញាណ ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានប្រកាសថា ព្រះទ្រង់មិនគ្រាន់តែប្រទាន កម្លាំងដល់យើងប៉ុណ្ណោះទេ តែព្រះអង្គ ជា កម្លាំងរបស់យើង(ខ.១)។ ទោះមានរឿងអ្វីកើតឡើងនៅជុំវិញយើងក៏ដោយ “ព្រះអម្ចាស់ដ៏មានគ្រប់ចេស្ដា តែងតែគង់នៅជាមួយយើងជានិច្ច”(ខ.៧)។ ព្រះអង្គក៏បានបង្គាប់យើង ឲ្យឈប់បង្អង់សិន ឲ្យបានដឹងថា ព្រះអង្គជាព្រះ(ខ.១១)។
ការធ្វើដំណើររបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនតែតម្រូវឲ្យយើងបោះជំហានយឺតៗ ហើយចំណាយពេលនៅស្ងៀម ដែលហាក់ដូចជាមិនអាចធ្វើបាន។ ពេលណាយើងពឹងផ្អែកលើចរិយាសម្បត្តិដែលមិនចេះប្រែប្រួលរបស់ព្រះ យើងអាចពឹងផ្អែកលើកម្លាំងព្រះអង្គ ទោះព្រះអង្គមានផែនការ ហើយបានកំណត់ល្បឿនឲ្យយើងដើរ ទោះលឿន ឬយឺតយ៉ាងណាក៏ដោយ។
ទោះយើងនៅតែបន្តតយុទ្ធនឹងការរងទុក្ខ ឬតស៊ូក្នុងការរង់ចាំក៏ដោយ ព្រះអង្គនៅតែគង់នៅជាមួយ ដោយស្មោះត្រង់ជានិច្ច។ សូម្បីតែនៅពេលយើងមិនមានអារម្មណ៍ថា មានកម្លាំង ក៏ព្រះអង្គនឹងជួយឲ្យសាច់ដុំនៃជំនឿយើងមានភាពរឹងមាំឡើង។ —Xochitl Dixon
តើអ្នកបានពិសោធន៍នឹងកម្លាំងមកពីព្រះ ដែលចម្រើនកម្លាំងអ្នក ក្នុងរដូវកាលនៃការឈប់បង្អង់ យ៉ាងដូចម្តេចខ្លះ? តើការជញ្ជឹងគិតអំពីចរិយាសម្បត្តិ ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ជួយឲ្យអ្នកអត់ទ្រាំយ៉ាងណា សូម្បីតែនៅពេលដែលអ្នកមានអារម្មណ៍ថា មិនមានកម្លាំង?
ឱព្រះដែលមានគ្រប់ចេស្ដា ទូលបង្គំសូមអរព្រះគុណ សម្រាប់ការប្រទានទូលបង្គំនូវឱកាសពង្រឹងជំនឿទូលបង្គំ ដោយទុកចិត្តថា ព្រះអង្គជាកម្លាំងទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០