ពង្រឹងសាច់ដុំនៃសេចក្តីជំនឿ

 

ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០

ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​សួន​សត្វ ខ្ញុំ​ក៏​បាន​ឈប់ ដើម្បី​សម្រាក​នៅ​ក្បែរ​កន្លែង​ដែល​គេ​ដាក់​តាំង​សត្វ​អាញី។ ខ្ញុំ​ឃើញ​សត្វ​អាញី​បាន​សំយុង​ក្បាល​ចុះ​មក​ក្រោម។ វា​ហាក់​ដូច​កំពុង​មាន​ការ​ស្កប់​ចិត្ត នឹង​ការ​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​មិន​កម្រើក​អ្វី​សោះ។ ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ។ ដោយសារ​បញ្ហា​សុខភាព ខ្ញុំ​ពិបាក​នៅ​ស្ងៀម​មួយ​កន្លែង ហើយ​តែង​តែ​ចង់​ផ្លាស់​ទី​ទៅ​មុខ​ជា​និច្ច ដើម្បី​ធ្វើ​អ្វី​មួយ។ ខ្ញុំ​ស្រេក​ឃ្លាន​ចង់​ឈប់​មាន​អារម្មណ៍​ទន់​ខ្សោយ​ទៀត ពោល​គឺ​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សុខភាព​របស់​ខ្ញុំ​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​កំពុង​មើល​ទៅ​សត្វ​អាញី ខ្ញុំ​សង្កេត​ឃើញ​វា​លាត​សន្ធឹង​ដៃ​ម្ខាង តោង​មែក​ឈើ​នៅ​ក្បែរ​នោះ រួច​នៅ​ស្ងៀម​ដូច​មុន​ទៀត។ ការ​នៅ​មួយ​កន្លែង​ត្រូវ​ការ​ឲ្យ​យើង​ប្រើ​កម្លាំង​ផង​ដែរ។ បើ​ខ្ញុំ​ចង់​មាន​ចិត្ត​ស្កប់​ស្កល់ នឹង​ការ​ផ្លាស់​ទី​យឺតៗ ឬ​នៅ​ស្ងៀម​ដូច​សត្វ​អាញី នោះ​ខ្ញុំ​ត្រូវ​ការ​កម្លាំង​សាច់ដុំ​ដែល​ខ្លាំង​អស្ចារ្យ។ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​កម្លាំងខាង​វិញ្ញាណ

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ប្រកាស​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែប្រទាន កម្លាំង​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ ជា កម្លាំង​របស់​យើង(ខ.១)។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ជុំវិញ​យើង​ក៏​ដោយ “ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្ដា តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច”(ខ.៧)។ ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ​ឈប់​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ(ខ.១១)។

ការ​ធ្វើ​ដំណើរ​របស់​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ច្រើន​តែ​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​យឺត​ៗ ហើយ​ចំណាយ​ពេល​នៅ​ស្ងៀម ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​បាន។ ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ចរិយា​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ យើង​អាច​ពឹង​ផ្អែក​លើ​កម្លាំង​ព្រះ​អង្គ ទោះ​ព្រះ​អង្គ​មាន​ផែន​ការ ហើយ​បាន​កំណត់​ល្បឿន​ឲ្យ​យើង​ដើរ ទោះ​លឿន ឬ​យឺត​យ៉ាង​ណា​ក៏​ដោយ។

ទោះ​យើង​នៅ​តែ​បន្ត​តយុទ្ធ​នឹង​ការ​រង​ទុក្ខ ឬ​តស៊ូ​ក្នុង​ការ​រង់​ចាំ​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​គង់​នៅ​ជា​មួយ ដោយ​ស្មោះ​ត្រង់​ជា​និច្ច។ សូម្បី​តែ​នៅ​ពេល​យើង​មិន​មាន​អារម្មណ៍​ថា មាន​កម្លាំង ក៏​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​សាច់​ដុំ​នៃ​ជំនឿ​យើង​មាន​ភាព​រឹង​មាំ​ឡើង។ —Xochitl Dixon

តើ​អ្នក​បាន​ពិសោធន៍​នឹង​កម្លាំង​មក​ពី​ព្រះ ដែល​ចម្រើន​កម្លាំង​អ្នក ក្នុង​រដូវ​កាល​នៃ​ការ​ឈប់​បង្អង់ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​ជញ្ជឹង​គិត​អំពី​ចរិយា​សម្បត្តិ ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អង្គ ជួយ​ឲ្យ​អ្នក​អត់ទ្រាំ​យ៉ាង​ណា សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា មិន​មាន​កម្លាំង?

ឱ​ព្រះ​ដែល​មាន​គ្រប់​ចេស្ដា ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​ប្រទាន​ទូល​បង្គំ​នូវ​ឱកាស​ពង្រឹង​ជំនឿ​ទូល​បង្គំ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​ជា​កម្លាំង​ទូល​បង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles