អាហារសម្រន់ដែលនាំឲ្យបន្ទាបខ្លួន

 

ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ។ ១ពេត្រុស ៥:៥

កញ្ចប់​នំ​ចំណិត​ដំឡូង​បារាំង​មាន​ទំហំ​តូច​ទេ តែ​បេសកជន​អាមេរិក​ម្នាក់​រៀន​សូត្រ​បាន​មេរៀន​ដ៏​ធំ​មួយ​ពី​វា។ ក្នុង​ការ​ធ្វើ​ការ​នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ នៅ​សាធារណៈ​រដ្ឋ​ដូមីនីខិន គាត់​បាន​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា នៅ​ព្រះវិហារ ហើយ​ក៏​បាន​ហែក​កញ្ចប់​នំ​ដំឡូង​បារាំង​ញាំ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​ដែល​គាត់​មិន​សូវ​ស្គាល់​ក៏​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​កញ្ចប់​នំ​នោះ យក​ចំណិត​ដំឡូង​បារាំង​ពីរ​បី​ចំណិត​ចេញ​មក​ញាំ។ អ្នក​ដទៃ​ទៀត​ក៏​បាន​លូក​យក​ចំណិត​ដំឡូង​បារាំង​ញាំ​ផង​ដែរ។

បេសកជន​រូប​នោះ​គិត​ថា ពួក​គេ​ពិត​ជា​ខ្វះ​ការ​គួរ​សម​មែន។  បន្ទាប់​មក គាត់​ក៏​រៀន​បាន​មេរៀន​មួយ ដែល​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។  គាត់​មិន​ទាន់​បាន​យល់​អំពី​វប្បធម៌ នៃ​តំបន់​ដែល​គាត់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​បម្រើ​នោះ​ឡើយ។ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​បុគ្គល​និយម តែ​នៅ​សាធារណៈ​រដ្ឋ​ដូមីនិខិន ការ​រស់​នៅ របស់​ប្រជាជន មាន​ការ​ផ្ដោត​ទៅ​លើ​សហគមន៍​ខ្លាំង​ជាង​បុគ្គល។ ការ​ចែក​អាហារ និង​របស់​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​របៀប​ដែល​ពួក​គេ​ទំនាក់​ទំនង​គ្នា។ ប្រពៃណី​របស់​គាត់​មិន​ល្អ​ជាង​ប្រពៃណី​ពួកគេ​ទេ គឺ​គ្រាន់​តែ​ខុស​គ្នា​ប៉ុណ្ណោះ។ គាត់​ក៏​បាន​សារភាព​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។ ពេល​ដែល​គាត់ ចាប់​ផ្តើម​ទទួល​ស្គាល់​ថា ខ្លួន​គាត់​មាន​ភាព​លម្អៀង គាត់​ក៏​​រៀន​បាន​ថា ការ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន បាន​ជួយ​ឲ្យ​គាត់​បម្រើ​ពួក​គេ បាន​កាន់​តែ​ប្រសើរ​ឡើង។

សាវ័ក​ពេត្រុស​បាន​បង្រៀន​មេរៀន​នេះ ដល់​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន។ គាត់ ក៏​បាន​បង្រៀន​ពួក​ចាស់​ទុំ ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រើ​អំណាច​បំពាន​មក​លើ​មនុស្ស​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន (១ពេត្រុស ៥:៣)។ ហើយ​សម្រាប់​អ្នក​ដែល​នៅ​ក្មេង​វិញ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ ហើយ​ឲ្យ​មាន​ចិត្ត​សុភាព(ខ.៥)។ គាត់​ក៏​បាន​ប្រកាស​ថា “ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ”។ ដូចនេះ “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់”(ខ.៦)។ សូម​ព្រះ​អង្គ​ជួយ​យើង ឲ្យ​រស់​នៅ​ដោយ​ការ​បន្ទាប​ខ្លួន នោះ​ចំពោះ​ព្រះ​អង្គ និង​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ។​—Patricia Raybon

តើ​អ្នក​មាន​ភាព​លម្អៀង​ណា​ខ្លះ ចំពោះ​វប្បធម៌​ដទៃ? ចូរ​ទូល​សូម​ព្រះ​អម្ចាស់​កែ​ប្រែ​អាកប្ប​កិរិយា​នោះ ដើម្បី​ឲ្យ​អ្នក​អាច​បម្រើ​មនុស្ស​គ្រប់​គ្នា ដោយ​មិន​រើស​មុខ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ដក​អំនួត ដែល​ទូល​បង្គំ​មាន​ចំពោះ​អ្នក​ដទៃ ហើយ​សូម​ជំនួស​មក​វិញ ដោយ​សេចក្តី​ស្រឡាញ់​ដែល​បន្ទាប​ខ្លួន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អាហារ​សម្រន់​ដែល​នាំ​ឲ្យ​បន្ទាប​ខ្លួន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles