ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ។ យ៉ូស្វេ ២២:២២
ប្តីប្រពន្ធមួយគូរបានឈរមើលផ្ទាំងគំនូរអរូបីមួយផ្ទាំងធំ ដោយការស្ងើចសរសើរ ហើយក៏បានកត់សំគាល់ឃើញថា មានកំប៉ុងថ្នាំពណ៌កំពុងចំហ និងជក់នៅពីក្រោមផ្ទាំងគំនូរនោះ។ ពួកគេក៏បានសន្និដ្ឋានថា វាជា “ផ្ទាំងគំនូរដែលគូរមិនទាន់ហើយ” ដែលនរណាក៏អាចជួយគូរបន្ថែម ដូចនេះ ពួកគេក៏បានយកជក់ជ្រលក់ពណ៌ក្នុងកំប៉ុងថ្នាំ ហើយក៏បានគូសវាសពណ៌មួយចំនួនពីលើផ្ទាំងគំនូរនោះ រួចក៏បានចាកចេញទៅ។ តាមពិត វិចិត្រករបានយកកំប៉ុងថ្នាំ និងជក់មកទុកនៅទីនោះ ក្នុងបំណងដើម្បីដាក់តាំងជាមួយផ្ទាំងគំនូរដែលគាត់បានគូររួចរាល់ហើយ។ បន្ទាប់ពីវិចិត្រសាលនោះ បានពិនិត្យមើលវីដេអូ ក្នុងកាំមីរ៉ាសុវត្ថិភាព ដែលថតបានហេតុការណ៍នោះ ពួកគេក៏បានទទួលស្គាល់ថា រឿងនេះជាការយល់ច្រឡំ ហើយក៏មិនបានដាក់ពាក្យបណ្តឹងឡើយ។
ប្រជាជនអ៊ីស្រាអែលដែលរស់នៅ ខាងកើតទន្លេយ័រដាន់ បានបង្កើតឲ្យមានការយល់ច្រឡំ ពេលដែលពួកគេសង់អាសនាធំមួយ នៅក្បែរទន្លេនោះ។ ពូជអំបូរនៃសាសន៍អ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ យល់ឃើញថា ពួកគេកំពុងតែបះបោរទាស់នឹងព្រះហើយ ព្រោះម្នាក់ៗសុទ្ធតែដឹងថា មានតែរោងឧបោសថប៉ុណ្ណោះ ដែលព្រះទ្រង់បានអនុញ្ញាតឲ្យពួកគេប្រើជាកន្លែងថ្វាយបង្គំព្រះអង្គ (យ៉ូស្វេ ២២:១៦)។
ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង ទាល់តែពូជអំបូរដែលនៅខាងកើតបានពន្យល់ថា ពួកគេគ្រាន់តែចង់សង់អាសនាតាមគំរូអាសនារបស់ព្រះប៉ុណ្ណោះ។ ពួកគេចង់ឲ្យកូនចៅជំនាន់ក្រោយ ឃើញអាសនានោះ ហើយដឹងថា ខ្លួនមានទំនាក់ទំនងខាងវិញ្ញាណ និងជាប់សាច់ឈាម ជាមួយនឹងពូជអំបូរផ្សេងទៀតនៃសាសន៍អ៊ីស្រាអែល(ខ.២៨-២៩)។ ពួកគេក៏បានពោលថា “ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ!”(ខ.២២)។ អរព្រះគុណព្រះអង្គ ដែលពូជអំបូរដទៃទៀតបានស្តាប់ពួកគេយល់ ហើយក៏បានសរសើរដំកើងព្រះ រួចត្រឡប់ទៅផ្ទះវិញ។
ដោយសារព្រះទ្រង់ “ទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្តីដែលយើងគិតដែរ”(១របាក្សត្រ ២៨:៩) ដូចនេះ ព្រះអង្គជ្រាបអំពីបំណងរបស់មនុស្សម្នាក់ៗ។ បើយើងទូលសូមព្រះអង្គ ជួយយើង ក្នុងពេលដែលមានការភាន់ច្រឡំ នោះព្រះអង្គអាចប្រទានយើងនូវឱកាសបកស្រាយឲ្យគេយល់ ឬប្រទានព្រះគុណ ដែលយើងត្រូវការ ដើម្បីអត់ទោសឲ្យអ្នកដែលធ្វើខុសមកលើយើង។ យើងអាចងាកបែរមករកព្រះអង្គ ពេលណាយើងព្យាយាមរួបរួមជាមួយអ្នកដទៃ។—Jennifer Benson Schuldt
តើអ្នកបានឲ្យតម្លៃយ៉ាងណា មកលើការរួបរួមជាមួយអ្នកដទៃ? ហេតុអ្វីយើងមិនត្រូវយល់ស្របនឹងបងប្អួនរួមជំនឿ នៅពេលខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តដែលចង់ថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើជាអ្នកស្តាប់ដោយការប្រុងប្រយ័ត្ន ហើយជាអ្នកនិយាយដោយការបន្ទាបខ្លួន ពេលណាការមិនចុះសម្រុងគ្នាកើតឡើង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៥-៣៦ និង កិច្ចការ ២៥