រកកូនសោនៅកន្លែងខុស

 

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩

លោក​ថូម៉ាស ឃីតធីង(Thomas Keating) បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​របស់​មនុស្ស ដែល​ក្នុង​នោះ គាត់​បាន​ចែក​ចាយ​រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ថា៖ មាន​គ្រូ​បង្រៀន​ម្នាក់​បាន​បាត់​កូន​សោ​ផ្ទះ។ គាត់​បាន​លត់​ជង្គង់​ចុះ នៅ​លើ​ស្មៅ ដើម្បី​រក​មើល​កូនសោ​នោះ។ ពេល​ដែល​សិស្ស​គាត់​ឃើញ​គាត់​កំពុង​ស្វែង​រក​កូនសោ​ដូចនោះ ពួក​គេ​ក៏​បាន​ជួយ​ស្វែង​រក​ផង​ដែរ តែ​​រក​មិន​ឃើញ។ ទីបំផុត សិស្ស​ម្នាក់​ដែល​ឆ្លាត​ជាង​គេ​ក៏​បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​លោក​គ្រូ​នឹក​ឃើញ​ថា កូនសោ​នោះ​ប្រហែល​បាត់​នៅ​កន្លែង​ណា?” គ្រូ​របស់​ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “​បាទ ខ្ញុំ​បាន​បាត់​វា នៅ​ក្នុង​ផ្ទះ”។ ពួកគេ​ក៏បាន​លាន់​មាត់​ថា “បើ​អញ្ចឹង ហេតុអ្វី​លោកគ្រូ​មក​ស្វែង​រក​វា នៅ​ទីនេះ​ទៅ​វិញ?” គាត់​ឆ្លើយ​ថា “ព្រោះ​នៅ​ទី​នេះ មាន​ពន្លឺ​ថ្ងៃ​ស្រួល​រក​ជាង”។​

លោក​ឃីតធីង ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យើង​បាន​បាត់​កូនសោ​ចូល​ទៅ​រក “ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដែល​ជា​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​វត្តមាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ”។ “បើ​គ្មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ទេ នោះ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន​ប្រយោជន៍។ តែ​បើ​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះអង្គ​នឹង​នាំ​យើង​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍”។

មនុស្ស​ពិត​ជា​ងាយ​ភ្លេច​ថា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​កំពុង​ឡើង​ចុះ ព្រះ​ទ្រង់​នៅ​តែ​មាន​កូនសោ​សម្រាប់​បំពេញ​ការ​ស្រេក​ឃ្លាន ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ តែ​ពេល​ណា​យើង​ឈប់​ស្វែង​រក​កូន​សោ​នោះ នៅ​កន្លែង​ខុស ​ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រទាន​យើង នូវ​ការ​សម្រាក​ពិត​ប្រាកដ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១១ ព្រះយេស៊ូវ​បាន​សរសើរ​ដំកើង​ព្រះ​វរបិតា ដែល​បាន​បង្ហាញ​ផ្លូវ​ព្រះ​អង្គ មិន​មែន​សម្រាប់​ពួក​អ្នក​ប្រាជ្ញា តែ​សម្រាប់​ក្មេង​តូច​ៗ​វិញ(ខ.២៥)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់”(ខ.២៨) ឲ្យ​ចូល​មក​រក​ព្រះអង្គ ដើម្បី​ទទួល​ការ​សម្រាក។

យើង​អាច​រក​ឃើញ​ការ​សម្រាក​ដ៏​ពិត ពេល​ណា​យើង​ស្គាល់​ផ្លូវ​របស់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ទ្រង់​​មាន​ព្រះទ័យ​ស្លូត ហើយ​សុភាព (ខ.២៩)។ ព្រះអង្គ​បាន​ត្រៀម​ជា​ស្រេច ដើម្បី​ស្វាគមន៍​យើង​ចូល​មក​រក​ការ​ប្រកប​ស្និទ្ធស្នាល​ជា​មួយ​ព្រះ​អង្គ។—Monica La Rose

ហេតុ​អ្វី​អ្នក​ចង់​ស្វែង​រក​ភាព​ស្កប់​ចិត្ត និង​ក្តី​អំណរ នៅ​កន្លែង​ខុស? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​នឹក​ចាំ​ថា អ្នក​ត្រូវ​ស្វែង​រក​សន្តិភាព ការ​សម្រាក និង​ការ​ស្កប់​ចិត្ត ក្នុង​ព្រះ​អម្ចាស់​វិញ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​ពិត​ជា​ងាយ​នឹង​ស្វែង​រក​ការ​ស្កប់​ចិត្ត ក្នុង​កន្លែង​ដែល​ភ្នែក​ទូល​បង្គំ​ងាយ​ស្រួល​មើល គឺ​នៅ​កន្លែង​ដែល​មនុស្ស​ភាគ​ច្រើន​ហាក់​ដូច​ជា​ចូល​ចិត្ត​ទៅ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​មើល​ទៅ ហើយ​ងាក​មក​រក​ព្រះ​អង្គ ដើម្បី​ស្វែង​រក​ការ​សម្រាក​ដ៏​ពិត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៣-៤៥ និង​ កិច្ចការ ២៧:២៧-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles