
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់
ដោយPatricia Raybon
July 28, 2022
ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៣ កាលខ្ញុំមានការងារជាលើកដំបូង ក្នុងអំឡុងពេលខ្ញុំកំពុងរៀននៅវិទ្យាល័យ ខ្ញុំបានធ្វើការនៅក្នុងហាងលក់សំលៀកបំពាក់នារី ដែលនៅទីនោះ សន្តិសុខស្រីម្នាក់បានស្លៀកពាក់ដូចអ្នកដើរទិញឥវ៉ាន់ ហើយក៏បានដើរតាមពីក្រោយស្រ្តី ដែលគាត់គិតថា ប្រហែលជាចង់លួចខោអាវ ដែលមានដាក់លក់ក្នុងហាង។ ម្ចាស់ហាងបានប្រាប់សន្តិសុខ អំពីលក្ខណៈរបស់មនុស្សដែលគួរឲ្យសង្ស័យ។ អ្នកដទៃទៀត ដែលពួកគេមិនឃើញមានអ្វីគួរឲ្យព្រួយបារម្ភ នោះពួកគេក៏មិនបានតាមឃ្លាំមើលឡើយ។ គេធ្លាប់មើលមកខ្ញុំដោយការសង្ស័យ ហើយក៏បានតាមពីក្រោយខ្ញុំ នៅក្នុងហាងនោះផងដែរ។ វាជាបទពិសោធន៍ដែលគួរឲ្យចាប់អារម្មណ៍ ព្រោះខ្ញុំនៅតែស្គាល់យុទ្ធសាស្ត្ររបស់គេ។ ស្តេចដាវីឌបានជួបរឿងដែលផ្ទុយពីនេះ។ ទ្រង់បានប្រកាសថា ព្រះពររបស់ព្រះបានតាមទ្រង់ជាប់ ដែលមានដូចជាសេចក្តីសប្បុរស និងសេចក្តីមេត្តា។ អំណោយទានទាំងពីរនេះតាមទ្រង់ជាប់ជានិច្ច គឺមិនមែនតាមដោយការសង្ស័យ តែដោយសេចក្តីស្រឡាញ់ដ៏ពិត។ លោកឆាល ស្ព័រជិន ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ បានពិពណ៌នាថា ព្រះពរមួយគូរនេះតាមអ្នកជឿយ៉ាងប្រកិត ក្នុងអំឡុងពេលដ៏សោកសៅ ក៏ដូចជាពេលដ៏រីករាយ។ “នៅថ្ងៃរងាដ៏សោកសៅ ក៏ដូចជាថ្ងៃដែលមានអាកាសធាតុល្អដ៏រីករាយ សេចក្តីសប្បុរសរបស់ព្រះអង្គ បំពេញតម្រូវការយើង ហើយសេចក្តីមេត្តាលាងសម្អាតបាបរបស់យើង”។ កាលពីក្មេង ស្តេចដាវីឌជាអ្នកគង្វាលចៀម ដូចនេះ ទ្រង់ជ្រាបថា ហេតុអ្វីសេចក្តីសប្បុរស និងសេចក្តីមេត្តាជាគូរនឹងគ្នា ដែលព្រះទ្រង់បានប្រទានមក។ ការអ្វីផ្សេងទៀត ដែលអាចតាមពីក្រោយអ្នកជឿ មានដូចជា ការភ័យខ្លាច ការព្រួយបារម្ភ ការល្បួង និងការសង្ស័យ។ ប៉ុន្តែ ស្តេចដាវីឌបានប្រកាសថា ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណានឹងជាប់តាមយើង រាល់តែថ្ងៃ ដរាបដល់អស់១ជីវិត។ គឺដូចដែលស្តេចដាវីឌបានប្រកាសដោយអំណរថា “ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ”(ទំនុកដំកើង ២៣:៦)។ នេះជាអំណោយដ៏អស្ចារ្យដែលតាមយើងជាប់ រហូតដល់ពេលយើងបានទៅនៅជាមួយព្រះអង្គ!—Patricia Raybon តើជីវិតអ្នកមានព្រះពរយ៉ាងណា ពេលដែលសេចក្តីសប្បុរស និងសេចក្តីមេត្តាតាមអ្នកជាប់? តើធ្វើដូចម្តេច ឲ្យអ្នកដឹងកាន់តែច្បាស់ថា សេចក្តីសប្បុរស និងសេចក្តីមេត្តារបស់ព្រះអង្គ តាមអ្នកជាប់? ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការតាមពីក្រោយទូលបង្គំ ដោយបំណងព្រះទ័យល្អ និងព្រះពរដ៏ប្រសើរ ដែលជាសេចក្តីសប្បុរស និងសេចក្តីមេត្តារបស់ព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១