ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ វិវរណៈ ៥:៩
ទំនុកភ្លេងមួយសម្រាប់ផ្សាយពាណិជ្ជកម្ម នៅទសវត្សរ៍ឆ្នាំ១៩៧០ បានបណ្តាលចិត្តមនុស្សមួយជំនាន់។ គេបានបង្កើតភ្លេងសម្រាប់ផ្សាយពាណិជ្ជកម្មនេះ ធ្វើជាផ្នែកមួយ នៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនកូកាកូឡា ដែលមានចំណងជើងថា “របស់ពិត”។ ទីបំផុត ក្រុមអ្នកស្វែងរកថ្មី ដែលជាជនជាតិអង់គ្លេស ក៏បានយកទំនុកភ្លេងនេះ ធ្វើជាបទចម្រៀងមួយបទ ដែលមានភាពលេចធ្លោជាងគេ ក្នុងពិភពលោក នៅសម័យនោះ។ ប៉ុន្តែ មនុស្សជាច្រើននៅមិនទាន់ភ្លេចការច្រៀងបទនេះ ដោយយុវជនមួយក្រុម នៅលើកំពូលភ្នំ ក្រៅទីក្រុងរ៉ូម ដែលមានចាក់ផ្សាយតាមទូរទស្សន៍ឡើយ។ ក្នុងបទចម្រៀងនេះ អ្នកនិពន្ធបានលេងពាក្យ ក្នុងការពិពណ៌នា អំពីសត្វឃ្មំ និងដើមឈើហូបផ្លែ ដើម្បីបង្រៀនពិភពលោក ឲ្យច្រៀងចេញពីចិត្ត និងភាពសុខដុមនៃសេចក្តីស្រឡាញ់។
សាវ័កយ៉ូហានបានពិពណ៌នា អំពីការច្រៀង ដែលមានភាពអស្ចារ្យជាងនេះទៀត។ គាត់បានទទួលការបើកសម្តែងឲ្យឃើញ “គ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ” ច្រៀងបទចម្រៀងមួយបទ(វិវរណៈ ៥:១៣)។ បទចម្រៀងនេះគ្មានការលេងពាក្យនោះទេ គឺមានតែការសរសើរដ៏ស្មោះត្រង់។ តែគ្មានអ្វីដែលមានតម្លៃជាងការប្រោសលោះ ដែលបានធ្វើឡើងដោយព្រះដ៏ពិត ដែលបទចម្រៀងនេះបានច្រៀងសរសើរនោះទេ។ ហើយក៏គ្មានអ្វីដែលគួរឲ្យកោតស្ញែងជាងការបើកសម្ដែងឲ្យឃើញសង្គ្រាម សេចក្តីស្លាប់ និងលទ្ធផល ដែលការលះបង់ដោយក្តីស្រឡាញ់របស់ព្រះអង្គត្រូវតែជម្នះនោះឡើយ។
ប៉ុន្តែ នេះជាទិដ្ឋភាពនៃកូនចៀមនៃព្រះទទួលអំពើបាបយើង ហើយឈ្នះសេចក្តីស្លាប់ ហើយជម្នះការភ័យខ្លាចដែលយើងមានចំពោះសេចក្តីស្លាប់ ព្រមទាំងបង្រៀនជីវិតទាំងអស់នៅស្ថានសួគ៌ និងផែនដី ឲ្យច្រៀង ដោយភាពសុខដុមដ៏ឥតខ្ចោះ។—Mart DeHaan
តើមានអ្វីបណ្តាលចិត្តអ្នកឲ្យច្រៀង? តើចិត្ត និងគំនិតរបស់អ្នកមានការប៉ះពាល់យ៉ាងណា ពេលដែលអ្នកបានយល់អំពីការបើកសម្ដែងរបស់លោកយ៉ូហាន អំពីជីវិតទាំងអស់ដែលច្រៀងសរសើរកូនចៀម និងសេចក្តីស្រឡាញ់របស់ព្រះអង្គ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យស្គាល់ភាពអស្ចារ្យនៃការអ្វីដែលព្រះអង្គបានធ្វើ ដើម្បីប្រទានទូលបង្គំនូវបទចម្រៀង ដែលអាចច្រៀង ដោយអំណរ ដោយមនុស្សគ្រប់គ្នា ដែលព្រះអង្គបានបង្កើត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៦-៤៨ និង កិច្ចការ ២៨