ស្រឡាញ់ និងពឹងផ្អែកលើព្រះ

នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័​រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាងរស់​នៅ​ជាប់នឹង​គាត់​វិញ។ នាងរស់ ១:១៤

លោ​កហ្ស៊ែ​ក(Zach) ជា​មនុស្ស​កំប្លែង ឆ្លាត ហើយ​មាន​មនុស្ស​ចូលចិត្ត​ច្រើន។ តែ​គាត់​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​ធ្លាក់ទឹក​ចិត្ត ដោយ​គ្មាន​នរណា​ម្នាក់​ដឹង។ បន្ទាប់ពី​គាត់​បាន​ធ្វើ​អត្តឃាត​នៅ​អាយុ១៥ឆ្នាំ អ្នកស្រី​ឡរី(Lori) ដែល​ជា​ម្តាយ បាន​និយាយ​អំពី​គាត់​ថា “វា​ពិតជា​ពិបាក​យល់​ណាស់​ថា ហេតុអ្វី​មនុស្សម្នាក់​ដែល​មាន​រឿង​ល្អៗជាច្រើន កើត​ឡើង​ចំពោះ​ខ្លួន បាន​ឈាន​ទៅដល់​ចំណុច​នោះ។ សូម្បី​តែ​មនុស្ស​ដូច​ហ្ស៊ែ​ក … ក៏​មិន​អាច​ជៀស​រួច​ដែរ”។ អ្នកស្រី ឡរី បាន​ចំណាយ​ពេល​ស្ងាត់ស្ងៀម​ជាមួយ​ព្រះ ដោយ​ទូល​ថ្វាយ​ទុក្ខសោក​របស់​គាត់​ដល់​ព្រះ។ គាត់​ថា ទុក្ខសោក​ដ៏​សែន​ជ្រៅ បន្ទាប់ពី​កូនប្រុស​គាត់​សម្លាប់​ខ្លួន គឺជា​កំរិត​នៃ​ទុក្ខសោក​ដ៏​ខ្លាំង​បំផុត។ តែ​គាត់ និង​ក្រុម​គ្រួសារ​គាត់​បាន​រៀន​ពឹងផ្អែក​លើ​ព្រះ និង​អ្នកដទៃ ដើម្បី​ទទួល​កម្លាំង ហើយ​សព្វថ្ងៃ​នេះ ពួក​គេ​កំពុង​ចំណាយពេល​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​អ្នកដទៃ ដែល​កំពុង​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត។

បាវចនា​របស់​អ្នកស្រី​ឡរី គឺ “ស្រឡាញ់ និង​ពឹងផ្អែក”។ គំរូ​នេះ​ក៏​ឃើញ​មាន នៅក្នុង​រឿង​នាងរស់ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ផង​ដែរ។ អ្នកស្រី​ណា​អូ​មី​បាន​បាត់បង់​ប្តី និង​កូន​ប្រុស​២​នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ជា​ស្វាមី​របស់​នាងរស់(នាងរស់ ១:៣-៥)។ អ្នកស្រី​ណា​អូ​មី មានចិត្ត​ល្វីងជូរចត់ និង​ធ្លាក់ទឹក​ចិត្ត ក៏បាន​ជំរុញ​នាងរស់ ឲ្យ​វិលត្រឡប់​ទៅ​រក​គ្រួសារ​របស់​នាង​វិញ ដើម្បី​ឲ្យ​មាន​ទីពឹង។ នាងរស់​ក៏​មានការ​សោកសង្រេង​ផង​ដែរ តែ​បាន “នៅ​ជាប់” នឹង​ម្តាយក្មេក​នាង ហើយ​ប្តេជ្ញា​ចិត្ត​រស់នៅ​ជាមួយ​គាត់ និង​ថែរក្សា​គាត់(ខ.១៤-១៧)។ ពួក​គេ​ក៏បាន​វិលត្រឡប់​មក​ភូមិ​បេ​ថ្លេ​ហិម ដែល​ជា​ស្រុកកំណើត​របស់​អ្នកស្រី​ណា​អូ​មី ហើយ​នៅ​ទីនោះ នាងរស់​គ្រាន់តែ​ជា​សាសន៍​ដទៃ​ប៉ុណ្ណោះ។ ប៉ុន្តែ ពួក​គេ​ស្រឡាញ់ និង​ពឹងផ្អែក​ទៅលើ​ព្រះ ហើយ​ព្រះ​ទ្រង់​ក៏បាន​ផ្គត់ផ្គង់​ការ​ខ្វះខាត​របស់​ពួក​គេ(២:១១-១២)។

ក្នុង​អំឡុង​ពេល​ដែល​យើង​សោកសង្រេង ព្រះ​ទ្រង់​នៅតែ​មាន​ក្តី​ស្រឡាញ់​ដដែល។ យើង​នៅតែ​មានព្រះអង្គ សម្រាប់​ពឹងផ្អែក ហើយ​ទន្ទឹម​នឹង​នោះ យើង​ក៏​ពឹងផ្អែក និង​ស្រឡាញ់​អ្នកដទៃ ដោ​យក​ម្លំាង​ពី​ព្រះអង្គ។—Anne Cetas

តើ​ការ​ពឹង​ផ្អែក​លើ​ព្រះ ក្នុង​អំឡុង​ពេល​សោកសង្រេង មាន​ន័យ​យ៉ាងណា សម្រាប់​អ្នក? តើន​រណា​ខ្លះ​ត្រូវការ​ជំនួយ​របស់​អ្នក នៅពេល​នេះ?

ឱ​ព្រះវរបិតា ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់ និង​ការ​ថែរក្សា​ទូលបង្គំ។ សូម​ព្រះអង្គ​ប្រើ​ទូលបង្គំ ឲ្យ​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ទុកចិត្ត​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles