ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់។ យ៉ូអែល ១:១៩
កាលពីឆ្នាំ១៧១៧ ខ្យល់ព្យុះដ៏កាចសាហាវបានបញ្ចេញកំហឹងអស់ជាច្រើនថ្ងៃ ដោយនាំមកនូវទឹកជំនន់នៅពាសពេញភាគឥសាននៃទ្វីបអឺរ៉ុប។ មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត ក្នុងប្រទេសហូឡង់ អាឡឺម៉ង់ និងដាណឺម៉ាក។ ប្រវត្តិសាស្រ្តបានបង្ហាញថា យ៉ាងហោចណាស់ មានអ្នកដឹកនាំប្រចាំតំបន់មួយបានធ្វើការឆ្លើយតប ដែលគួរឲ្យចាប់អារម្មណ៍ និងតាមប្រពៃណី ក្នុងពេលនោះ។ អាជ្ញាធរទីក្រុងក្រូនីជែន ប្រទេសហូឡង់ បានអំពាវនាវឲ្យមាន “ថ្ងៃអធិស្ឋាន” មួយថ្ងៃ ដើម្បីឆ្លើយតប ចំពោះគ្រោះមហន្តរាយនេះ។ អ្នកប្រវត្តិសាស្រ្តបានកត់ត្រាថា ថ្ងៃនោះ ប្រជាពលរដ្ឋទាំងឡាយ បានជួបជុំគ្នា នៅតាមបណ្តាព្រះវិហារ អស់ជាច្រើនម៉ោង “ដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ ច្រៀងបទទំនុកដំកើង និងអធិស្ឋាន”។
ហោរាយ៉ូអែលក៏បានពិពណ៌នា អំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលប្រជាជនយូដាបានជួបប្រទះ ដែលបាននាំឲ្យពួកគេមានការអធិស្ឋានផងដែរ។ នៅសម័យនោះ សត្វកណ្តូបមួយហ្វូងធំ បានគ្របដណ្តប់ពីលើទឹកទីពួកគេ ដោយបំផ្លិចបំផ្លាញចំការទំពាំងបាយជូរ និងដើមល្វា (យ៉ូអែល ១:៧)។ លោកយ៉ូអែល និងប្រជាជនគាត់មានការសោកស្តាយចំពោះគ្រោះមហន្តរាយនេះជាខ្លាំង ហើយក៏បានអធិស្ឋាន សូមព្រះអម្ចាស់ជួយពួកគេ (១:១៩)។ ទោះដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ប្រជាជននៅតំបន់អឺរ៉ុបប៉ែកឥសាន និងប្រជាជនយូដា សុទ្ធតែបានជួបគ្រោះមហន្តរាយ ដែលកើតឡើង ពីផលវិបាកនៃអំពើបាប និងលោកិយដែលបានធ្លាក់ក្នុងអំពើបាប(លោកុប្បត្តិ ៣:១៧-១៩ រ៉ូម ៨:២០-២២)។ ប៉ុន្តែ ពួកគេក៏បានដឹងផងដែរថា បញ្ហានោះបានបណ្តាលឲ្យពួកគេស្រែករកព្រះ ហើយស្វែងរកព្រះអង្គ ដោយការអធិស្ឋាន(យ៉ូអែល ១:១៩)។ ហើយព្រះទ្រង់មានបន្ទូលថា “ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្ត”(២:១២)។
ពេលណាយើងប្រឈមមុខដាក់ការលំបាក និងគ្រោះមហន្តរាយ ចូរយើងងាកបែកមករកព្រះ ដោយការឈឺចាប់ និងការប្រែចិត្ត។ ព្រះទ្រង់មានព្រះទ័យអាណិត និងពេញដោយក្តីស្រឡាញ់(ខ.១៣) បានជាព្រះអង្គនាំយើងមករកអង្គទ្រង់ ដោយប្រទានការកម្សាន្តចិត្ត និងជំនួយដែលយើងត្រូវការ។—Tom Felten
ហេតុអ្វី ជាញឹកញាប់ មនុស្សងាកមករកព្រះ ពេលដែលពួកគេជួបគ្រោះមហន្តរាយ? តើព្រះអង្គអាចប្រើពេលដ៏ពិបាកយ៉ាងដូចម្តេចខ្លះ ដើម្បីនាំយើងចូលមករកព្រះអង្គ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការគង់នៅជាមួយទូលបង្គំ ពេលណាទូលបង្គំជួបទុក្ខលំបាក។ សូមព្រះអង្គជួយទូលបង្គំ ឲ្យស្រែករកព្រះអង្គ ហើយស្វែងរកក្តីសង្ឃឹម ការប្រោសឲ្យជា និងការបន្សុទ្ធ ដែលមានតែព្រះអង្គទេដែលអាចប្រទាន ក្នុងពេលដ៏ពិបាក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២