ឱព្រះយេហូវ៉ា​អើយ ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់។ យ៉ូអែល ១:១៩

កាលពី​ឆ្នាំ១៧១៧ ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បាន​បញ្ចេញ​កំហឹង​អស់​ជាច្រើន​ថ្ងៃ ដោយ​នាំមក​នូវ​ទឹកជំនន់​នៅ​ពាសពេញ​ភាគ​ឥសាន​នៃ​ទ្វីបអឺរ៉ុប។ មនុស្ស​រាប់ពាន់​នាក់​បាន​បាត់បង់​ជីវិត ក្នុង​ប្រទេស​ហូ​ឡង់ អា​ឡឺម៉​ង់ និង​ដាណឺម៉ាក។ ប្រវត្តិ​សាស្រ្ត​បាន​បង្ហាញថា យ៉ាង​ហោច​ណាស់ មាន​អ្នកដឹកនាំ​ប្រចាំ​តំបន់​មួយ​បាន​ធ្វើការ​ឆ្លើយតប ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​តាម​ប្រពៃណី ក្នុង​ពេលនោះ។ អាជ្ញាធរ​ទី​ក្រុង​ក្រូ​នី​ជែន ប្រទេស​ហូ​ឡង់ បាន​អំពាវនាវ​ឲ្យ​មាន “ថ្ងៃ​អធិស្ឋាន” មួយថ្ងៃ ដើម្បី​ឆ្លើយតប ចំពោះ​គ្រោះ​មហន្តរាយ​នេះ។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ថា ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ទាំងឡាយ បាន​ជួបជុំគ្នា នៅ​តាម​បណ្តា​ព្រះវិហារ អស់​ជាច្រើន​ម៉ោង “ដើម្បី​ស្តាប់​គ្រូគង្វាល​អធិប្បាយ ច្រៀង​បទ​ទំនុកដំកើង និង​អធិស្ឋាន”។

ហោរា​យ៉ូអែល​ក៏បាន​ពិពណ៌នា អំពី​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​ប្រជាជន​យូដា​បាន​ជួបប្រទះ ដែល​បាន​នាំឲ្យ​ពួក​គេ​មានការ​អធិស្ឋាន​ផង​ដែរ។ នៅ​សម័យ​នោះ សត្វ​កណ្តូប​មួយ​ហ្វូង​ធំ បាន​គ្រប​ដណ្តប់​ពីលើ​ទឹក​ទី​ពួក​គេ ដោយ​បំផ្លិច​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ដើម​ល្វា (យ៉ូអែល ១:៧)។ លោក​យ៉ូអែល និង​ប្រជាជន​គាត់​មានការ​សោក​ស្តាយ​ចំពោះ​គ្រោះមហន្តរាយ​នេះ​ជា​ខ្លាំង ហើយ​ក៏​បាន​អធិស្ឋាន សូម​ព្រះអម្ចាស់​ជួយ​ពួក​គេ (១:១៩)។ ទោះ​ដោយ​ផ្ទាល់ ឬមិន​ផ្ទាល់​ក្តី ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ប៉ែក​ឥសាន និង​ប្រជាជន​យូដា សុទ្ធតែ​បាន​ជួប​គ្រោះមហន្តរាយ ដែល​កើតឡើង ពី​ផលវិបាក​នៃ​អំពើបាប និង​លោកិយ​ដែល​បាន​ធ្លាក់​ក្នុង​អំពើបាប(លោ​កុប្បត្តិ ៣:១៧-១៩ រ៉ូម ៨:២០-២២)។ ប៉ុន្តែ ពួក​គេ​ក៏បាន​ដឹងផង​ដែរ​ថា បញ្ហា​នោះ​បាន​បណ្តាល​ឲ្យ​ពួក​គេ​ស្រែក​រក​ព្រះ ហើយ​ស្វែងរក​ព្រះអង្គ ដោយ​ការអធិស្ឋាន(យ៉ូអែល ១:១៩)។ ហើយ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​យ៉ាងនោះ​ក៏ដោយ ចូរ​ឲ្យ​ឯង​រាល់គ្នា​វិល​មក​ឯអញ ឲ្យអស់​អំពី​ចិត្ត”(២:១២)។

ពេលណា​យើង​ប្រឈមមុខ​ដាក់​ការ​លំបាក និង​គ្រោះ​មហន្តរាយ ចូរ​យើង​ងាក​បែក​មករ​កព្រះ ដោយ​ការឈឺចាប់ និង​ការ​ប្រែចិត្ត។ ព្រះ​ទ្រង់​មាន​ព្រះទ័យ​អាណិត និង​ពេញដោយ​ក្តី​ស្រឡាញ់(ខ.១៣) បាន​ជា​ព្រះអង្គ​នាំ​យើង​មក​រក​អង្គ​ទ្រង់ ដោយ​ប្រទាន​ការកម្សាន្ត​ចិត្ត និង​ជំនួយ​ដែល​យើង​ត្រូវការ។—Tom Felten

ហេតុអ្វី ជា​ញឹកញាប់ មនុស្ស​ងាក​មករ​កព្រះ ពេល​ដែល​ពួក​គេ​ជួប​គ្រោះមហន្តរាយ? តើ​ព្រះអង្គ​អាច​ប្រើ​ពេល​ដ៏​ពិបាក​យ៉ាងដូច​ម្តេច​ខ្លះ ដើម្បី​នាំ​យើង​ចូល​មករ​កព្រះអង្គ?

ឱព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​គង់នៅ​ជាមួយ​ទូលបង្គំ ពេលណា​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ស្រែក​រក​ព្រះអង្គ ហើយ​ស្វែងរក​ក្តី​សង្ឃឹម ការ​ប្រោស​ឲ្យ​ជា និង​ការ​បន្សុទ្ធ ដែល​មានតែ​ព្រះអង្គ​ទេ​ដែល​អាច​ប្រទាន ក្នុង​ពេល​ដ៏​ពិបាក។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២