ទ្រង់​មិនដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិនដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬស្រយុតចិត្ត​ឲ្យសោះ។ ចោទិយកថា ៣១:៨

អេ​នី ចន​សិន ភ្លី​ន(Annie Johnson Flint) បាន​ក្លាយជា​ជន​ពិការ ដោយសារ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​រៀនចប់​វិទ្យាល័យ បាន​ពីរបី​ឆ្នាំ។ នាង​មិន​អាច​ដើរ​បាន​ទៀត​ ហើយ​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​ជួយ​បំពេញ​តម្រូវការ​របស់​នាង។ ដោយសារ​នាង​ពូកែ​តែងកំណាព្យ និង​បទចម្រៀង​ទំនុកដំកើង មាន​មនុស្សជា​ច្រើន​មក​សួរសុខទុក្ខ​នាង ដោយ​រាប់បញ្ចូល​ទាំង​អ្នកបម្រើ​ព្រះ​ម្នាក់ ដែល​កំពុង​មានការ​បាក់ទឹកចិត្ត នៅក្នុង​ការងារ​បម្រើ​ព្រះ។ បន្ទាប់ពី​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ភ្ញៀវ​ម្នាក់​នោះ​ក៏បាន​សរសេរ​សារ​ផ្ញើ​មក​អេ​នី ដោយ​សួរ​នាង​ថា ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​ការ​លំបាក​យ៉ាងនេះ កើតឡើង​ក្នុង​ជីវិត​នាង។

អេ​នី​ក៏បាន​ផ្ញើ​កំណាព្យ ដើម្បី​ឆ្លើយតប​ទៅវិញ​ថា “ព្រះ​ទ្រង់​មិនបាន​សន្យា​ថា ផ្ទៃមេឃ​នឹង​ស្រឡះ​ជា​រៀង​រហូត​ ហើយក៏​មិនបាន​សន្យា​ថា យើង​នឹង​ឃើញ​ផ្កា​រីក​​នៅ​តាមផ្លូវ​ណា ដែល​យើង​ដើរទៅ​នោះ​ដែរ”។ តាម​បទពិសោធន៍​របស់​នាង នាង​ដឹង​ថា ទុក្ខវេទនា​កើតមាន​ជា​ញឹកញាប់ តែ​ព្រះ​ទ្រង់​មិនដែល​បោះបង់ចោល​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​នោះ​ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះគុណ ក្នុង​ពេល​មានទុក្ខ​លំបាក ជំនួយ​មក​ពី​ស្ថានសួគ៌ សេចក្តី​អាណិត និង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ។ យើង​អាច​រក​ឃើញ​បទ​កំណាព្យ​នេះ នៅ​ក្នុង​បទ​ចម្រៀង​ទំនុក​សកល​មាន​ចំណង​ជើង​ថា “អ្វី​ដែល​ព្រះ​ទ្រង់​បាន​សន្យា”។

លោក​ម៉ូសេ​ក៏​ធ្លាប់​ជួប​ទុក្ខ​លំបាក​ផង​ដែរ តែ​គាត់​ដឹង​ថា ព្រះអង្គ​គង់នៅ​ក្បែរ​គាត់​ជានិច្ច។ ពេល​ដែល​គាត់​ផ្ទេរ​ការដឹកនាំ​ប្រជាជន​អ៊ីស្រាអែល​ទៅ​លោក​យ៉ូស្វេ គាត់​ក៏បាន​ប្រាប់​យុវជន​រូប​នោះ ឲ្យមានកម្លាំង និង​ចិត្តក្លា​ហាន​ឡើង ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ទៅជាមួយ​លោក​យ៉ូស្វេ(ចោទិយកថា ៣១:៦)។ លោក​ម៉ូសេ​ដឹង​ថា ពួក​អ៊ីស្រាអែល​នឹង​ជួប​ខ្មាំងសត្រូវ​ដ៏​កាច​សាហាវ នៅពេល​ដែល​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹកដី​សន្យា ដូចនេះ គាត់​ក៏បាន​ប្រាប់​លោក​យ៉ូស្វេ​ថា “កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ខ.៨)។

សិស្ស​របស់​ព្រះគ្រីស្ទ​នឹង​ជួប​ទុក្ខ​លំបាក និង​ការបៀតបៀន​ក្នុង​លោកិយ​ដែល​ធ្លាក់​ចូលក្នុង​អំពើបាប តែ​យើង​មាន​ព្រះវិញ្ញាណ​ព្រះ​កម្សាន្ត​ចិត្ត និង​លើក​ទឹកចិត្ត​យើង។ ព្រះអង្គ​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ។—Amy Boucher Pye

ពេល​ដែល​អ្នក​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក តើ​អ្នក​ទុកចិត្ត​ព្រះ យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចែកចាយ​ដល់​អ្នកដទៃ ដូចម្តេច​ខ្លះ អំពី​សេចក្តី​ស្មោះត្រង់ ដែល​ព្រះអង្គ​មាន​សម្រាប់​អ្នក?

ឱព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ពេលណា​ទូលបង្គំ​មាន​អារម្មណ៍​បាក់ទឹកចិត្ត និង​ថប់បារម្ភ សូម​ព្រះអង្គ​រំឭក​ទូលបង្គំ តាមរយៈ​ព្រះវិញ្ញាណ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​មិនដែល​ចាកចេញ​ពី​ទូលបង្គំ​ឡើយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៩-៩០ និង រ៉ូម ១៤