ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ
ហើយទន់ទាបឡើយ។ ទំនុកដំកើង ៥១:១៧
មានពេលមួយ ខ្ញុំបានមើលផ្ទាំងគំនូរ ដែលមានចំណងជើងថា ចូរពិចារណា អំពីផ្កាឈូក ដែលជាស្នាដៃរបស់លោក ម៉ាកូតូ ហ្វ៊ូជីមូរ៉ា(Makoto Fujimura )។ មើលមួយភ្លែត ខ្ញុំគិតថា វាគ្រាន់តែជាផ្ទំាងគំនូរធម្មតា ដែលជាងគំនូរបានប្រើពណ៌តែមួយ ដើម្បគូរ ផ្កាឈូកមួយទង ដែលហាក់ដូចជាកំពុងលាក់ខ្លួន នៅក្នុងផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំក៏បានដឹងថា វាជាផ្ទាំងគំនូរដ៏រស់រវើក ដែលវិចិត្រករបានផាត់ពណ៌៨០ស្រទាប់ ដោយប្រើកំទេចរ៉ែដែលបានកិនលម្អិត។ នេះជារចនាបថគំនូរជប៉ុន ដែលមានឈ្មោះថា នីហុងហ្កា ជារចនាបទ ដែលលោកហ្វ៊ូជីមូរ៉ាបានហៅថា “សិល្បៈយឺតៗ”។ ពេលខ្ញុំមើលឲ្យជិត ខ្ញុំឃើញរូបភាពចម្រុះ និងភាពស្រស់ស្អាតជាច្រើនស្រទាប់។ លោកហ្វ៊ូជីមូរ៉ាបានពន្យល់ថា ពេលដែលគាត់គិតអំពីតិចនិចនៃការបង្កើត “ភាពស្រស់ស្អាត ចេញពីភាពប្រេះបែកនេះ” នោះគាត់ក៏បាននឹកចាំអំពីដំណឹងល្អ ដែលក្នុងនោះ ការរងទុក្ខរបស់ព្រះយេស៊ូវបាននាំមកនូវភាពពេញលេញ និងក្តីសង្ឃឹមសម្រាប់លោកិយ។
ព្រះទ្រង់សព្វព្រះទ័យនឹងទទួលយកផ្នែកនៃជីវិតយើង ដែលប្រេះបែក និងខ្ទេចខ្ទាំ ហើយធ្វើឲ្យថ្មី និងស្រស់ស្អាតឡើង។ ស្តេចដាវីឌត្រូវការជំនួយរបស់ព្រះ ដើម្បីជួសជុលភាពប្រេះបែក ក្នុងជីវិតទ្រង់ ដែលបណ្តាលមកពីកំហុសដ៏ធ្ងន់ធ្ងររបស់ទ្រង់។ ស្តេចដាវីឌបានប្រើអំណាចទ្រង់ជាស្តេចក្នុងផ្លូវខុស ដោយទៅលួចប្រពន្ធគេ ហើយរៀបគម្រោងសម្លាប់ប្តីរបស់នាងទៀត។ បន្ទាប់មក ទ្រង់ក៏បាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១ ដោយថ្វាយ “ចិត្តដែលខ្ទេចខ្ទាំ និងទន់ទាប” របស់ទ្រង់(ខ.១៧) ហើយទូលសូមសេចក្តីមេត្តា។
ដើម្បីឲ្យព្រះបង្កើតចិត្តបរិសុទ្ធនៅក្នុងស្តេចដាវីឌ(ខ.១០) ជាដំបូង ទ្រង់ត្រូវតែថ្វាយចិត្តដែលប្រេះបែករបស់ទ្រង់។ បានសេចក្តីថា ទ្រង់ត្រូវថ្វាយទុក្ខសោក និងការទុកចិត្តដល់ព្រះអម្ចាស់។ ស្តេចដាវីឌក៏បានថ្វាយចិត្តទ្រង់ ដល់ព្រះដែលស្មោះត្រង់ និងអត់ទោសបាប ដែលទទួលយកអ្វីដែលប្រេះបែកដោយក្តីស្រឡាញ់ ហើយកែប្រែឲ្យក្លាយជាស្រស់ស្អាតឡើង។—Lisa M. Samra
តើផ្នែកណាខ្លះ នៃចិត្តរបស់អ្នក ដែលប្រេះបែក? តើអ្នកអាចថ្វាយភាពប្រេះបែករបស់អ្នកដល់ព្រះ ដោយរបៀបណា?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមថ្វាយភាពប្រេះបែករបស់ទូលបង្គំដល់ព្រះអង្គ ដោយជឿថា ព្រះអង្គនឹងកែប្រែភាពប្រេះបែកទាំងនោះ ឲ្យមានភាពស្រស់ស្អាត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩៤-៩៦ និង រ៉ូម ១៥:១៤-៣៣