ពេលដែលអ្នកត្រូវការជំនួយ

សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ ទំនុកដំកើង ១២១:២

ថ្ងៃ​នោះ​ជា​ថ្ងៃច័ន្ទ តែ​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ ឈា-មីង(Chia-ming) មិនបាន​នៅ​ការិយាល័យ​ទេ។ គាត់​នៅផ្ទះ កំពុង​សម្អាត​បន្ទប់ទឹក។ គាត់​គិតថា គាត់​​អត់​ការងារ​ធ្វើ​មួយ​ខែ​ហើយ ហើយ​គាត់​មិនឃើញ​មានឱកាស​ការងារ​សោះ។ ក្រុមហ៊ុន​គាត់​បាន​បិទទ្វារ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩។ ការ​ព្រួយបារម្ភ​អំពី​ពេល​អនាគត បាន​នាំ​ឲ្យ​ឈា-មីង​មានការ​ភ័យខ្លាច។ គាត់​គិតថា ខ្ញុំ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ តើ​ខ្ញុំ​ទៅ​រក​ជំនួយ​នៅកន្លែង​ណា?

នៅ​គ្រា​សញ្ញាចាស់ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ១២១:១ អ្នកធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ បាន​សួរ​សំណួរ​ស្រដៀង​នេះ​ផង​ដែរ​ថា តើ​ពួក​គេ​ត្រូវ​ទៅ​រក​ជំនួយ​នៅ​ទីណា? ការ​ធ្វើដំណើរ​ទៅ​ទីក្រុង​បរិសុទ្ធ នៅ​លើ​ភ្នំ​ស៊ី​យ៉ូន មាន​ចម្ងាយ​ឆ្ងាយ ហើយ​មាន​គ្រោះថ្នាក់​ច្រើន​ផង ដោយ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឡើង​ទៅ​កន្លែង​ខ្ពស់ៗ ដែល​ពិបាក​ក្រៃលែង។ បញ្ហា​ប្រឈម​ដែល​ពួក​គេ​ជួប ហាក់ដូចជា​ការ​ធ្វើដំណើរ​ដ៏​ពិបាក ដែល​យើង​ជួប ក្នុង​ជីវិត ក្នុង​ពេល​សព្វថ្ងៃ ដោយ​ដើរតាម​ផ្លូវ​នៃ​ជំងឺ បញ្ហា​ទំនាក់ទំនង ការ​បែកបាក់ ស្រ្តេស​នៅ​កន្លែង​ធ្វើការ ឬ​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ភាព​គ្មាន​ការងារ​ធ្វើ ដូច​ឈា-មីង ជាដើម។

តែ​យើង​អាច​មាន​សង្ឃឹម​ឡើង ដោយ​ផ្អែក​ទៅលើ​សេចក្តី​ពិត​ដែល​ថា ព្រះ​ដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី នឹង​ជួយ​យើង(ខ.២)។ ព្រះអង្គ​ថែរក្សា​ជីវិត​យើង(ខ.៣,៥,៧-៨) ហើយ​ព្រះអង្គ​ជ្រាប​ថា យើង​ត្រូវការ​អ្វីខ្លះ។ ព្រះគម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ​បាន​ប្រើ​ពាក្យ សា​មា ក្នុង​បទ​គម្ពីរ​នេះ ដែល​មានន័យថា “ការពារ​”។ ព្រះ​អាទិករ​នៃ​ចក្រវាល ជា​អ្នកការពារ​យើង។ យើង​ស្ថិតនៅ​ក្នុង​ការ​ឃុំគ្រង​របស់​ព្រះអង្គ។ ថ្មីៗនេះ ឈា-មីង​បាន​ចែកចាយ​ថា “ព្រះអង្គ​ថែរក្សា​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​បាន​ឲ្យ​ខ្ញុំ​មានការ​ងារ​ជា​គ្រូបង្រៀន​”។

ខណៈ​ពេល​ដែល​យើង​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះ គ្រប់​ជំហាន ក្នុង​ដំណើរ​ជីវិត​យើង យើង​អាច​មើលទៅ​មុខ ដោយ​ក្តី​សង្ឃឹម ដោយ​ដឹង​ថា យើង​ស្ថិតនៅ​ក្នុង​ការ​ឃុំគ្រង និង​ការ​ការពារ នៃ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។—Karen Huang

តើ​អ្នក​ត្រូវការ​ជំនួយ​អ្វី​ខ្លះ​ពី​ព្រះ នៅ​ថ្ងៃ​នេះ? តើ​ការ​ដឹង​ថា ព្រះអង្គ​ជា​អ្ន​ក​បង្កើត​ផ្ទៃមេឃ និង​ផែនដី​បាន​លើក​ទឹកចិត្ត​អ្នក​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ធ្វើជា​ប្រភព​នៃ​ជំនួយ​របស់​ទូលបង្គំ នៅក្នុង​ដំណើរ​ជីវិត​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:១-៨៨ និង ១កូរិនថូស ៧:២០-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles