ផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ

ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ។ យ៉ាកុប ៤:១៥

កាលពី​ឆ្នាំ២០០០ មាន​ក្រុមហ៊ុន​ថ្មី​មួយ​ធ្វើអាជីវកម្ម​ផ្តល់​សេវា​ជួល​ខ្សែភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីម៊ែល។ គេ​បាន​ដាក់​លក់​ក្រុមហ៊ុន​នេះ ឲ្យ​ទៅ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ(Blockbuster) ដែល​ជា​ស្តេច នៃ​ទី​ផ្សា​ជួល​ខ្សែភាពយន្ត និង​វីដេអូ​ហ្គេម នៅ​សម័យ​នោះ។ កាលនោះ ក្រុមហ៊ុន​នែ​តភ្លី​ច(Netflix) មាន​អ្នក​ជាវ​ជាប្រចាំ​តែ៣សែន​នាក់ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ មាន​អ្នក​ជាវ​ជាប្រចាំ​រាប់​លាន​នាក់។ ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រក៏​បាន​បណ្តោយ​ឲ្យ​ឱកាស​ទិញ​ក្រុមហ៊ុន​នេះ ធ្លាក់ទៅក្នុង​ដៃគូ​ប្រកួត​ដ៏​តូចតាច​របស់​ខ្លួន។ ជា​លទ្ធផល សព្វថ្ងៃ​នេះ ក្រុមហ៊ុន​នែតភ្លី​ច​មាន​អ្នក​ជាវ​ជាប្រចាំ១៨០លាន​នាក់ ហើយ​មានតម្លៃ​ជិត ២០០ ពាន់​លាន​ដុល្លា។ ហើយ​ចំណែក​ឯ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រវិ​ញ​ក៏​បាន​ក្ស័យ​ធន់។ គ្មាន​នរណា​ម្នាក់​អាច​ព្យាករណ៍​ថា ពេល​អនាគត​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ​ទេ។

យើង​បាន​ជួប​ការ​ល្បួង​ឲ្យ​ជឿ​ថា យើង​អាច​គ្រប់គ្រង​ជីវិត​ខ្លួនឯង ហើយ​ផែនការ​យើង​នៅ​ពេលអនាគត នឹង​​ជោគជ័យ។ ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ​”(៤:១៤)។ ជីវិត​មនុស្ស​ខ្លី​ណាស់ ក៏​ឆាប់​ស្លាប់ ហើយ​ផុយ​ស្រួយ​ជាង​ការ​យល់​ដឹង​របស់​យើង​។ ការ​រៀប​ផែនការ​មាន​ភាព​ចាំបាច់ តែ​អំពើបាប​នៃ​ការ​សន្មត គឺ​កើតមាន​នៅក្នុង​ការ​សន្និដ្ឋាន​ថា យើង​កំពុង​គ្រប់គ្រង​ជីវិត​ខ្លួនឯង។ ហេតុនេះ​ហើយ លោក​យ៉ាកុប​បាន​ដាស់តឿន​យើង កុំ​ឲ្យ “មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​” ព្រោះ “គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”(ខ.១៦)។

ដើម្បី​ជៀសវាង អំពើបាប​មួយ​នេះ យើង​ត្រូវ​ចូលរួម​ជាមួយ​ព្រះ ដោយ​ការ​ដឹងគុណ​ព្រះអង្គ។ ការ​ដឹងគុណ​ព្រះ​ជួយ​ក្រើន​រំឭក​យើង​ថា ព្រះអង្គ​ជា​ប្រភព​នៃ “អស់ទាំង​អំណោយទាន​ដ៏​គ្រប់លក្ខណ៍​”(១:១៧)។ ដូចនេះ ពេលណា​យើង​ចូល​មក​រក​ព្រះអង្គ យើង​ត្រូវ​ទូល​សូម​ព្រះអង្គ មិនគ្រាន់​តែ​ប្រទាន​ពរ ដល់​ផែនការ​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​ប៉ុណ្ណោះទេ តែ​ថែមទាំង​ជួយ​យើង ឲ្យ​ចូលរួម​ជាមួយ​ព្រះអង្គ នៅក្នុង​ការអ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ផង​ដែរ។ ដូចនេះ ពេល​យើង​អធិស្ឋាន ចូរ​យើង​សូម​ព្រះអង្គ​ឆ្លើយតប តាមបំណង​ព្រះទ័យ​ព្រះអង្គ(៤:១៥)។—Glenn Packiam

តើ​អ្នក​បាន​ជួប​ការ​ល្បួង ឲ្យ​គ្រប់គ្រង​ជីវិត​ខ្លួនឯង​ដូចម្តេច​ខ្លះ? តើ​ការ​ចុះចូល​នឹង​ព្រះ ហើយ​ចូលរួម​ជាមួយ​ព្រះអង្គ មានន័យ​ដូចម្តេច សម្រាប់​អ្នក?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​ថ្វាយ​ផែនការ ការភ័យខ្លាច និង​បំណងប្រាថ្នា​ដល់​ព្រះអង្គ។ ទូលបង្គំ​សូម​ចុះចូល​នឹង​ព្រះអង្គ ដោយ​ថ្វាយ​ពេល​អនាគត​ដល់​ព្រះអង្គ ដោយ​គ្មាន​អំនួត អំពី​ពេល​អនាគត។ ទូលបង្គំ​សូម​ទុកចិត្ត​ព្រះអង្គ ព្រោះ​ព្រះអង្គ​តែងតែ​ថែរក្សា​ទូលបង្គំ​មិនដែល​ខាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២០-១២២ និង ១កូរិនថូស ៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles