អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ម៉ាថាយ ៥:១៤
វីដេអូផ្សាយពាណិជ្ជកម្មរបស់សណ្ឋាគារមួយ បាននិយាយអំពីអគារតូចមួយ ក្នុងពេលយប់ងងឹត។ គេមិនឃើញមានអ្វីផ្សេងទៀតនៅក្បែរនោះទេ។ គឺមានតែពន្លឺចេញពីចង្កៀងតូចមួយ នៅក្បែរទ្វារ នៅលើរានហាលខាងមុខនៃអគារនោះ។ ចង្កៀងនោះបញ្ចេញពន្លឺភ្លឺល្មមនឹងឲ្យភ្ញៀវដើរឡើងជណ្តើរ ចូលទៅក្នុងអគារ។ វីដេអូផ្សាយពាណិជ្ជកម្មនេះក៏បានបញ្ចប់ដោយពាក្យមួយឃ្លាថា “យើងខ្ញុំនឹងអុជចង្កៀងចោល សម្រាប់លោកអ្នក”។
ពន្លឺចង្កៀងនៅរានហាលខាងមុខ នៅក្បែរផ្លាកសញ្ញាស្វាគមន៍ ដោយរំឭកអ្នកដំណើរដ៏ហត់នឿយថា មានកន្លែងដ៏ផាសុកភាព កំពុងបើកទ្វារសម្រាប់ឲ្យពួកគេចូលសម្រាក។ ពន្លឺនោះក៏បានអញ្ជើញមនុស្សដែលធ្វើដំណើរកាត់តាមនោះ ចូលមកខាងក្នុង ហើយគេចចេញពីការធ្វើដំណើរដ៏ងងឹត និងនឿយហត់។
ព្រះយេស៊ូវមានបន្ទូលថា ជីវិតរបស់អ្នកជឿព្រះអង្គ គួរតែមានលក្ខណៈជាពន្លឺដែលស្វាគមន៍អ្នកដទៃផងដែរ។ គឺដូចដែលព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ”(ម៉ាថាយ ៥:១៤)។ ក្នុងនាមយើងជាអ្នកជឿព្រះ យើងត្រូវបញ្ចេញពន្លឺ ដើម្បីបំភ្លឺពិភពលោកដ៏ងងឹត។
ពេលដែលព្រះអង្គដឹកនាំយើង និងប្រទានអំណាច អ្នកដទៃនឹងឃើញការល្អ ដែលយើងរាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌(ខ.១៦)។ ហើយកាលណាយើងនៅបន្តបញ្ចេញពន្លឺ ពួកគេនឹងមានអារម្មណ៍ថា យើងស្វាគមន៍ពួកគេ ហើយចូលមករកយើង ដើម្បីស្វែងយល់បន្ថែម អំពីព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២)។ ពន្លឺព្រះអង្គ នៅតែភ្លឺក្នុងលោកិយដ៏ហត់នឿយ និងងងឹតជានិច្ច។
តើអ្នកនៅមានពន្លឺឬទេ? ខណៈពេលដែលព្រះយេស៊ូវបញ្ចេញពន្លឺតាមរយៈអ្នកនៅថ្ងៃនេះ អ្នកដទៃនឹងមើលឃើញ ហើយទទួលពន្លឺរបស់ព្រះអង្គផងដែរ។—Katara Patton
តើអ្នកអាចបញ្ចេញពន្លឺ ថ្វាយព្រះយេស៊ូវ នៅថ្ងៃនេះ តាមរបៀបណា? តើមានអ្វីអាចរារាំងអ្នក មិនឲ្យបញ្ចេញពន្លឺថ្វាយព្រះអង្គ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យបញ្ចេញពន្លឺភ្លឺច្បាស់ ដើម្បីនាំអ្នកដទៃឲ្យចង់ចូលមករកព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៩-១៣២ និង ១កូរិនថូស ១១:១-១៦