មេរៀននៃការស៊ូទ្រំា

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២

គេ​បាន​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ គេ​បាន​លក់​គ្រាប់​ជ័រ​ឡេហ្គោ​បាន​ជាង ៧៥ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ បាន​សេចក្តី​ថា បើ​គេ​លក់​ឲ្យ​មនុស្ស​ម្នា​ក់ៗនៅ​លើ​ផែនដី​នេះ នោះ​ក្នុង១នាក់ ទទួល​បាន​គ្រាប់​ជ័រ​ឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើ​មិនមែន​ដោយសារ​ការ​តស៊ូ​របស់​លោក អូ​លេ ឃើក គ្រីស្ទាន​ស៊ែ​ន(Ole Kirk Christiansen) ដែល​ជា​អ្នក​ផលិត​ប្រដាប់​ក្មេង​លេង នៅ​ប្រទេស​ដាណឺម៉ាក​ទេ នោះ​គេ​ក៏​គ្មាន​គ្រាប់​ជ័រ​ឡេហ្គោ​លេង ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។

លោក​គ្រីស្ទាន​ស៊ែ​នបាន​ធ្វើការ​យ៉ាង​ហត់នឿយ ក្នុង​ទីក្រុង​ប៊ី​លុន ប្រទេស​ដាណឺម៉ាក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ មុន​ពេល​គាត់​បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែល​មានន័យថា “លេងសប្បាយ”។ រោងជាង​របស់​គាត់​បាន​ជួប​គ្រោះ​អគ្គីភ័យ​២​លើក។ គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ក្ស័យ​ធន់ និង​សង្រ្គាម​លោក​លើក​ទី២ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​វត្ថុធាតុដើម។ ទីបំផុត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ គាត់​ក៏បាន​មានគំនិត​បង្កើត​ដុំ​ជ័រ​តូចៗ ដែល​អាច​ផ្គំ​ចូលគ្នា។ ពេល​ដែល​គាត់​បាន​លាចាក​លោក នៅ​ឆ្នាំ១៩៥៨ ពាក្យ​ឡេហ្គោ ​ហៀបនឹង​ក្លាយជា​ពាក្យ ដែល​ក្រុម​គ្រួសារ​នី​មួយៗ នៅ​លោកខាងលិច​បាន​ស្គាល់។

ការ​អត់ធ្មត់ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម ក្នុង​ការងារ និង​ជីវិត អាច​មានការ​ពិបាក។ បញ្ហា​នេះ​ក៏​កើតមាន​ក្នុង​ជីវិត​ខាងវិញ្ញាណ​ផង​ដែរ ព្រោះ​យើង​ត្រូវ​ព្យាយាម​លូតលាស់ ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ​​។ បញ្ហា​បាន​វាយប្រហារ​មក​លើ​យើង ហើយ​យើង​ត្រូវការ​កម្លាំង​ពី​ព្រះ ដើម្បី​ស៊ូទ្រាំ។ សាវ័ក​យ៉ាកុប​បាន​សរសេរ​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង” (យ៉ាកុប ១:១២)។ ជួនកាល បញ្ហា​ដែល​យើង​ជួបប្រទះ ជា​ការ​អន់ថយ ក្នុង​ទំនាក់ទំនង ឬបញ្ហា​ហិរញ្ញវត្ថុ ឬក៏​សុខភាព​ជាដើម។ ជួនកាល យើង​ជួប​ការ​ល្បួង ដែល​រារាំង​មិន​ឲ្យ​យើង​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះ តាមរយៈ​ការរស់នៅ​របស់​យើង។

ប៉ុន្តែ ព្រះ​ទ្រង់​សន្យា​ថា នឹង​ប្រទាន​ប្រាជ្ញា​សម្រាប់​ពេល​បែបនេះ(ខ.៥) ហើយ​ព្រះ​បង្គាប់​យើង​ឲ្យ​ទុកចិត្ត​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​បំពេញ​តម្រូវការ​យើង(ខ.៦)។ សរុប​មក យើង​នឹង​រក​ឃើញ​ព្រះពរ​ពិតប្រាកដ(ខ.១២) ពេលណា​យើង​អនុញ្ញាត​ព្រះអង្គ ឲ្យ​ជួយ​យើង​អត់ទ្រាំ ក្នុង​ការ​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ តាមរយៈ​ការរស់នៅ​របស់​យើង។—DAVE BRANON

តើ​អ្នក​កំពុង​ជួប​កា​រល្បងល​អ្វី សព្វថ្ងៃ​នេះ? តើ​ធ្វើ​ដូចម្តេច ឲ្យ​ព្រះ​ទ្រង់​អាច​ជួយ​អ្នក ឲ្យ​រស់នៅ​អស់ពី​ចិត្ត ថ្វាយព្រះ​អង្គ?

ឱ​ព្រះយេស៊ូវ​​ យើងខ្ញុំ​បាន​រៀនសូត្រ​អំពី​ការ​អត់ទ្រាំ តាមរយៈ​គំរូ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ដឹកនាំ​ជីវិត​ទូលបង្គំ តាម​គំរូ​ព្រះអង្គ ពេលណា​ទុក្ខ​លំបាក កើតមាន​ក្នុង​ដំណើរ​ជីវិត​ទូលបង្គំ។

For further study, read How to Read the Bible: The General Epistles at DiscoverySeries.org​/Q0930.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៦-១៤៧ និង ១កូរិនថូស ១៥:១-២៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles