បទពិសោធន៍ដ៏តក់ស្លុតជាមួយត្រីបាឡែន
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក។ យ៉ូណាស ២:១១ មានពេលមួយ ម៉ៃឃល(Michael) ជ្រមុជទឹកទៅដល់បាតសមុទ្រ ដើម្បីចាប់បង្កង ហើយក៏បានចូលទៅក្នុងមាត់ត្រីបាឡែនដែលកំពុងហែលទឹកនៅក្បែរនោះ។ គាត់បានព្យាយាមរើបម្រាស់នៅក្នុងពោះត្រីបាឡែន ដែលងងឹតគ្មានពន្លឺ ខណៈពេលដែលសាច់ដុំរបស់វាបានសង្កត់មកលើខ្លួនគាត់។ គាត់គិតថា ជីវិតគាត់ដល់ទីបញ្ចប់ហើយ។ ប៉ុន្តែ សត្វត្រីបាឡែនមិនចង់លេបអ្នកនេសាទបង្កងនោះទេ ហើយ៣០វិនាទីក្រោយមក វាក៏បានស្តោះម៉ៃឃលចេញពីមាត់វា បាញ់ឡើងទៅលើ។ ពិតជាអស្ចារ្យណាស់ ម៉ៃឃលមិនបានបាក់ឆ្អឹងទេ គ្រាន់តែមានស្នាមជាំនៅលើខ្លួនគាត់ និងបទពិសោធន៍ដ៏តក់ស្លុតជាមួយសត្វត្រីបាឡែន។ គាត់មិនមែនជាមនុស្សទីមួយ ដែលត្រូវត្រីធំលេបចូលពោះនោះឡើយ។ ហោរាយ៉ូណាសត្រូវត្រីធំ លេបផងដែរ(យ៉ូណាស ១:១៧) ហើយគាត់បានរស់នៅក្នុងពោះវា៣ថ្ងៃ មុនពេលវាខ្ជាក់គាត់ចេញនៅលើដីគោក(១:១៧ ២:១០)។ ហោរាយ៉ូណាសត្រូវសត្វត្រីលេបចូលក្នុងពោះ ដោយសារគាត់ស្អប់ខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែល ហើយមិនចង់ឲ្យពួកគេប្រែចិត្តចេញពីអំពើបាប គឺខុសពីម៉ៃឃល ដែលបានចូលទៅក្នុងមាត់ត្រីបាឡែនដោយចៃដន្យ។ ពេលដែលព្រះទ្រង់ប្រាប់លោកយ៉ូណាសឲ្យប្រកាសព្រះបន្ទូល នៅទីក្រុងនីនីវេ គាត់បែរជាជិះសំពៅទៅតាមទិសដៅផ្សេងវិញ។ ដូចនេះ ព្រះទ្រង់ក៏បានចាត់ត្រីធំមួយ ឲ្យលេបគាត់ ដើម្បីឲ្យគាត់ភ្ញាក់ខ្លួន។ ខ្ញុំយល់អំពីមូលហេតុដែលលោកយ៉ូណាសស្អប់សាសន៍អាសស៊ើរ។ ព្រោះពួកគេធ្លាប់ធ្វើបាបសាសន៍អ៊ីស្រាអែលយ៉ាងខ្លាំង ហើយក៏បានចាប់ពូជអំបូរនៅខាងជើងជាចំណាប់ខ្មាំង ឲ្យទៅនៅទឹកដីសាសន៍ដទៃអស់៥០ឆ្នាំ ហើយពូជអំបូរទាំងនោះបាត់បង់ជារៀងរហូត។ ដូចនេះ លោកយ៉ូណាសមានការរវាតចិត្ត ពេលគាត់បានដឹងថា សាសន៍អាសស៊ើរអាចទទួលការអត់ទោសបាប។ ប៉ុន្តែ លោកយ៉ូណាសមានចិត្តស្មោះស្ម័គ្រចំពោះរាស្រ្តរបស់ព្រះ ជាជាងស្មោះស្ម័គ្រចំពោះព្រះ។…
Read article