ការរៀនសូត្រ និងការស្រឡាញ់

ទ្រង់​ក៏​ឱប​វា​រាល់គ្នា ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ ម៉ាកុស ១០:១៦

ក្នុង​សាលាបឋមសិក្សា​មួយ នៅ​ក្រុង​គ្រី​ណក់ ប្រទេស​ស្កត់​ឡង់ មាន​គ្រូបង្រៀន​បី​នាក់​បាន​ឈប់សម្រាក ដើម្បី​សម្រាលកូន។ ពួក​គេ​ក៏បាន​នាំ​កូនតូច​របស់​ខ្លួន មក​សាលារៀន​រៀងរាល់២សប្តាហ៍​ម្តង ដើម្បី​ទំនាក់ទំនង​ជា​មួយ​ក្មេងៗ។ ការ​ចំណាយ​ពេល​លេង​ជាមួយ​ទារក បាន​បង្រៀន​ក្មេងៗ​ទាំង​នោះ ឲ្យ​មាន​ក្តី​អាណិត ឬ​យក​ចិត្ត​ទុកដាក់ និង​គិតដល់​អ្នកដទៃ។ គ្រូ​ម្នាក់​បាន​មានប្រសាសន៍​ថា “ជា​ញឹកញាប់ សិស្ស​ដែល​​រៀនសូត្រ​បាន​ច្រើនជាង​គេ​ពី​សកម្មភាព​នេះ គឺជា​ក្មេង​ដែល​មាន​អាកប្ប​កិរិយា​មិនល្អ​នៅ​សាលារៀន ហើយ​មិនសូវ​មាន​ទំនាក់ទំនង​ជា​ក្រុម។ ពួក​គេ​បានដឹង​ថា ការ​ថែរក្សា​កូនតូច​មានការ​លំបាក​ប៉ុណ្ណា ហើយក៏​បាន​រៀន​យល់​អារម្មណ៍​គ្នា​ទៅវិញទៅមក​បាន​កាន់តែ​ច្រើន​”។

ការ​រៀន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ តាម​គំរូ​របស់​ក្មេងៗ គឺជា​អ្វី​ដែល​អ្នកជឿ​ព្រះយេស៊ូវ​​ មាន​តាំងពី​យូរ​មក​ហើយ​ឡើយ។ យើង​ស្គាល់​ព្រះ​ដែល​បាន​យាង​មក​ចាប់កំណើត​ជា​ទារក​តូច មាន​ព្រះនាម​យេ​ស៊ូ​វ។ ការ​ប្រសូត​របស់​ព្រះអង្គ​បាន​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់យ៉ាង ដែល​យើង​យល់ដឹង អំពី​ទំនាក់ទំនង​ដែល​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក។ ក្រុម​មនុស្ស​ដំបូង​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​ប្រ​សូត្រ​របស់​ព្រះគ្រីស្ទ គឺជា​ពួក​អ្នកគង្វាល ដែល​អាជីព​របស់​ពួក​គេ​មាន​ងឲឋានៈតូច​ទាប ជាអ្នក​​ឃ្វាល​សត្វ​ចៀម ដែល​ទន់ខ្សោយ និង​ងាយ​រងគ្រោះ។ ក្រោយមក ពេល​ដែលគេ​នាំ​ក្មេងៗ​មក​ជួប​ព្រះយេស៊ូវ​​ ព្រះអង្គ​ក៏បាន​កែ​តម្រង់​ពួក​សាវ័ក ដែល​គិតថា ក្មេង​ៗ​មិន​មាន​ភាព​សក្តិ​សម។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ឲ្យ​កូនក្មេង​មក​ឯខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស ដូច​វា​រាល់គ្នា​ដែរ​”(ម៉ាកុស ១០:១៤)។

ព្រះយេស៊ូវ​​ក៏​បាន​ឱប​ក្មេងៗ​ទាំង​នោះ ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង(ខ.១៦)។ ក្នុង​ជីវិត​យើង ជួនកាល យើង​មាន​អារម្មណ៍​ថា ខ្លួន​យើង​មិន​មាន​ភាព​សក្តិ​សម ដូច​ក្មេង​ៗ​ដែល​មាន​អាកប្ប​កិរិយា​មិនល្អ​ផង​ដែរ។ ផ្ទុយទៅវិញ ក្នុងនាម​ព្រះយេស៊ូវ​​ ជា​ព្រះ​ដែល​ធ្លាប់​ឆ្លងកាត់​កុមារភាព ព្រះអង្គ​បាន​ទទួលយក​យើង ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដោយ​បង្រៀន​យើង អំពី​អំណាច​នៃ​ការ​យកចិត្ត​ទុកដាក់ ដោយ​ស្រឡាញ់ ដល់​ក្មេងៗ និង​មនុស្ស​ទាំងអស់។—PATRICIA RAYBON

តើ​អ្នកចូលចិត្ត​ការ​ចំណាយពេល​ជា​មួយ​ក្មេង​ៗ ត្រង់​ចំណុច​ណា? តើ​ព្រះយេស៊ូវ​​បាន​បង្រៀន​អ្នក​អ្វីខ្លះ នៅ​ថ្ងៃនេះ អំពី​របៀប​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់ ចំពោះ​អ្នកដទៃ?

ឱ​ព្រះ​ដែល​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ទូលបង្គំ ពេលណា​​ទូលបង្គំ​ភ្លេច​បង្ហាញ​ការ​អាណិត​ដល់​អ្នកដទៃ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ តាម​គំរូ​ព្រះអង្គផងដែរ​។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ៣០-៣១ និង ២កូរិនថូស ១១:១-១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles