ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង។ អេសាយ ៥៥:១២
មានពេលមួយ ចៅប្រុសខ្ញុំបាននិយាយថា “មើលហ្ន៎ លោកតា ដើមឈើកំពុងគ្រវីដៃដាក់ព្រះ!” ខណៈពេលដែលយើងកំពុងមើលដើមឈើរេចុះឡើង តាមកម្លាំងខ្យល់បក់ មុនពេលខ្យល់ព្យុះមកដល់ ការសង្កេតដ៏រំភើបរីករាយរបស់ចៅប្រុសខ្ញុំ បានធ្វើឲ្យខ្ញុំមានទឹកមុខញញឹម។ ការនេះក៏បានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា រឿងដែលកើតឡើងក្នុងធម្មជាតិបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះដែរឬទេ?
អ្នកស្រីអេលីហ្សាប៊ែត បារែត ប្រោននីង(Elizabeth Barrett Browning) ដែលជាអ្នកនិពន្ធបទកំណាព្យ បានឆ្លុះបញ្ចាំង អំពីរឿងលោកម៉ូសេ និងគុម្ពបន្លាឆេះ ដោយសរសេរថា “ផែនដីប្រសព្វនឹងសួគ៌ស្ថាន គុម្ពបន្លាក៏បានឆេះឡើងជាភ្លើង នោះលោកម៉ូសេបានដោះស្បែកជើង ក្រោយភ្នែកបានឃើញព្រះវត្តមានព្រះ”។ ស្នាព្រះហស្តរបស់ព្រះ ដែលមាននៅជុំវិញខ្លួនយើង បានបង្ហាញភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអង្គ ហើយនៅថ្ងៃមួយ ពេលណាព្រះអង្គបង្កើតផែនដីថ្មី យើងបានឃើញភាពអស្ចារ្យ ដែលខុសប្លែកពីពេលណាទាំងអស់។
ព្រះទ្រង់បានមានបន្ទូលអំពីថ្ងៃនោះ តាមរយៈហោរាអេសាយ យ៉ាងដូចនេះថា “ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេ និងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង”(អេសាយ ៥៥:១២)។ តើភ្នំបានច្រៀងឬ? ដើមឈើទះដៃមែនទេ? ជាការពិតណាស់ សាវ័កប៉ុលបានកត់សំគាល់ថា “ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ”(រ៉ូម ៨:២១)។
ព្រះយេស៊ូវក៏ធ្លាប់មានបន្ទូល អំពីថ្មដែលនឹងស្រែកឡើងផងដែរ(លូកា ១៩:៤០) ហើយព្រះបន្ទូលព្រះអង្គក៏បានរំឭក អំពីបទទំនាយរបស់ហោរាអេសាយ អំពីការអ្វីដែលកំពុងរង់ចាំអ្នកដែលចូលមករកព្រះអង្គ ដើម្បីទទួលសេចក្តីសង្គ្រោះ។ ពេលណាយើងមើលទៅព្រះអង្គដោយជំនឿ ដែលនឹកចាំអំពីការអ្វីដែលមានតែព្រះអង្គដែលអាចធ្វើបាន នោះយើងនឹងឃើញស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់បន្តមាន ជារៀងរហូត!—JAMES BANKS
តើអ្នកស្រមៃថា ផែនដីថ្មីនឹងមានលក្ខណៈដូចម្តេចខ្លះ ក្នុងនគរដ៏អស់កល្បរបស់ព្រះ? តើអ្នកនឹងបម្រើព្រះអង្គ ដោយនឹកចាំអំពីព្រះអង្គ តាមរយៈស្នាព្រះហស្តព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមសរសើរព្រះអង្គ ដ្បិតគ្មាននរណា ដែលមានភាពប៉ិនប្រសប់ជាងព្រះអង្គឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលភាពអស្ចារ្យរបស់ព្រះអង្គ និងអ្វីទាំងអស់ដែលព្រះអង្គអាចធ្វើបាន!
For further study, read All Creation Sings at DiscoverySeries.org/HP001.
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សាស្តា ១-៣ និង ២កូរិនថូស ១១:១៦-៣៣