ទឹករស់

បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ។ យ៉ូហាន ៧:៣៧

មាន​ពេល​មួយ ​គេ​បាន​កាត់​ផ្កា​ផ្ញើ​មក​ខ្ញុំ ​ពី​ប្រទេស​អេក្វាឌ័រ។ ពេល​ដែល​ផ្កា​ទាំងនោះ​មកដល់​ផ្ទះ​ខ្ញុំ ពួក​វា​ក៏បាន​ស្រពោន​អស់។ គ្រូបង្រៀន​ដាំ​ផ្កា​ក៏បាន​នែ​នាំ​ខ្ញុំ ឲ្យ​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក ដើម្បីឲ្យ​ពួក​វា​មាន​ភាព​ស្រោះ​ស្រាយ​ឡើងវិញ។ ទោះជាយ៉ាងណា​ក៏ដោយ មុន​ពេល​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក យើង​ត្រូវ​ច្រឹប​ទង​វា​បន្តិច ដើម្បីឲ្យ​វា​អាច​បឺត​ទឹក​កាន់តែ​ងាយស្រួល។ តើ​ពួក​វា​នឹងអាច​ស្រស់​ឡើងវិញ​បានទេ?

នៅពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏បាន​រក​ឃើញ​ចម្លើយ​របស់ខ្ញុំ។ ផ្កា​របស់​ប្រទេស​អេក្វាឌ័រ​មាន​សម្រស់​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​មិនដែល​បាន​ឃើញ​កាល​ពី​មុន។ ទឹកបាន​នាំឲ្យ​ពួក​វា​មានការ​ផ្លាស់​ប្តូរ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ អំពី​ទឹក និង​អត្ថន័យ​របស់​ទឹក​សម្រាប់​អ្នកជឿ។

កាល​ព្រះយេស៊ូវ​​សុំ​ទឹក​ពី​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់ នៅ​មាត់​អណ្តូង ព្រះអង្គ​ក៏បាន​ប្រាប់​នាង​អំពី​ទឹក​រស់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើឲ្យ​ជីវិត​​នាង​ផ្លាស់​ប្រែ។ នាង​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ស្នើ​សុំ​របស់​ព្រះអង្គ ព្រោះ​ជនជាតិយូដា​បាន​រើសអើង​ជនជាតិ​សាម៉ារី។ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”(យ៉ូហាន ៤:១០)។ ក្រោយមក  ​ព្រះអង្គ​ក៏​បាន​ប្រកាស​ក្នុង​ព្រះវិហារ​ថា “បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ”(៧:៣៧)។ ក្នុងចំណោម​អ្នកជឿ​ព្រះអង្គ “នឹង​មាន​ទន្លេ​ទឹក​រស់​ហូរចេញ​ពី​ពោះ​ខ្លួន​មក ដូចជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល”(ខ.៣៨-៣៩)។

ព្រះវិញ្ញាណ​របស់​ព្រះ​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រស់ថ្លា​ឡើង នៅ​ថ្ងៃនេះ ពេលណា​ជីវិត​យើង​មាន​ភាព​ហត់នឿយ។ ព្រះវិញ្ញាណ​ជា​ទឹក​​រស់ គង់នៅ​ក្នុងចិត្ត​យើង ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្រស់ថ្លា​ឡើង។ ចូរ​យើង​ផឹកទឹក​រស់​របស់​ព្រះអង្គ ឲ្យបាន​ច្រើន។—PATRICIA RAYBON

តើមាន​ផ្នែក​ណាខ្លះ​នៃ​ជីវិត​អ្នក កំពុង​មាន​ភាព​ក្រៀមក្រោះ? តើមាន​អ្វី​រារាំង​អ្នក មិន​ឲ្យ​ទទួល​ទឹក​រស់​ពី​ព្រះយេស៊ូវ​​?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ពេល​ណា​វិថី​ជីវិត​ធ្វើឲ្យ​ទូលបង្គំ​ហត់នឿយ និង​ស្រេក​ទឹក នោះ​ទូលបង្គំ​សូម​អរព្រះគុណ​សម្រាប់​អំណោយ​នៃ​ព្រះវិញ្ញាណ​ព្រះអង្គ ដែល​ជា​ទឹក​រស់ កំពុង​គង់នៅ​ក្នុង​អ្នកជឿ​ម្នាក់​ៗ។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សាស្ដា ៧-៩ និង ២កូរិនថូស ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles