ឈ្មោះ​ឯង​មិន​ត្រូវ​ហៅថា អាប់​រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅថា អ័​ប្រា​ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើជា​ឪពុក​នៃ​សាសន៍​ជាច្រើន។ លោកុប្បត្ដិ ១៧:៥

លោក​រ៉ានជីត(Ranjit) បាន​ព្យាយាម​រាប់រក​ក្មេង​អនាថា​មួយចំនួន នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា។ គាត់​ក៏បាន​និពន្ធ​បទចម្រៀង​មួយ​បទ ដែល​រៀបរាប់​ឈ្មោះ​របស់​ពួក​គេ។ គាត់​បាន​និពន្ធ​បទភ្លេង​ដ៏​ពិសេស សម្រាប់​ឈ្មោះ​នី​មួយៗ ដោយ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ច្រៀង​បទ​ចម្រៀង​នោះ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​មានការ​ចងចាំ​វិជ្ជមាន ទាក់ទង​នឹង​ឈ្មោះ​របស់​ពួក​គេ។ សម្រាប់​ក្មេង​ៗ​ដែល​មិនបាន​ឮ​គេ​ហៅឈ្មោះ​គាត់ ដោយ​សេចក្តី​ស្រឡាញ់ ជា​ទៀងទាត់ នោះ​គាត់​ក៏បាន​​ផ្តល់​ឲ្យ​ពួក​គេ នូវ​អំណោយ​នៃ​ការគោរព។

ឈ្មោះ​មាន​សារៈសំខាន់​នៅក្នុង​ព្រះគម្ពីរ ដែល​ជា​ញឹកញាប់ ឈ្មោះ​បាន​ឆ្លុះបញ្ចាំង​អំពី​ចារិក​លក្ខណៈ ឬ​តួនាទី​ថ្មី​របស់​បុគ្គល​ណា​ម្នាក់។ ព្រះ​ទ្រង់​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​លោក​អាប់​រ៉ាម និង​អ្នកស្រី​សារ៉ាយ ពេល​ដែល​ព្រះអង្គ​តាំង​សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ ជាមួយ​ពួក​គេ ដោយ​សន្យា​ថា ព្រះអង្គ​នឹង​ធ្វើជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើជា​រាស្រ្ត​ព្រះអង្គ។ ឈ្មោះ​អាប់​រ៉ាម ដែល​មានន័យថា “ឪពុក​ដែល​បាន​លើក​ដំកើង​” បាន​ប្រែក្លាយ​ជា​អ័ប្រាហាំ​វិញ ដែល​មានន័យថា “ឪពុក​របស់​មនុស្សជា​ច្រើន​”។ ហើយ​ឈ្មោះ​សារ៉ាយ ដែល​មានន័យថា ព្រះនាង ក៏បាន​ក្លាយជា​សារ៉ា​វិញ ដែល​មានន័យថា ព្រះនាង​របស់​មនុស្សជា​ច្រើន (មើល​លោកុប្បត្តិ ១៧:៥,១៥)។

ឈ្មោះ​ថ្មី ដែល​ព្រះអង្គ​ប្រទាន​ពួក​គេ ក៏បាន​រាប់បញ្ចូល​ព្រះបន្ទូល​សន្យា​ប្រកបដោយ​ព្រះគុណ​ព្រះអង្គ​ថា ពួក​គេ​នឹង​ឈប់​រស់នៅ​ជា​មនុស្ស​អា​ទៀត។ ពេល​ដែល​នាង​សារ៉ា​ប្រសូត​បានកូន​ប្រុស​មួយ ពួក​គេ​មាន​អំណរ​ជា​ពន់ពេក ហើយក៏​បាន​ដាក់ឈ្មោះ​ឲ្យ​កូន​នោះ​ថា អ៊ីសាក់ ដែល​មានន័យថា “មនុស្ស​សើច​” ហើយ​នាង​សារ៉ា​ក៏បាន​ពោល​ថា “ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​អញ​សើច ហើយ​អស់អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជាមួយនឹង​អញ​ដែរ​”(លោ​កុប្បត្តិ ២១:៦)។

យើង​ផ្តល់​កិត្តិយស និង​ការគោរព​ដល់​អ្នកដទៃ ពេល​ដែល​យើង​ហៅឈ្មោះ​ពួក​គេ ហើយ​បញ្ជាក់​ថា ព្រះ​ទ្រង់​បាន​បង្កើត​ពួក​គេ​ឲ្យ រស់នៅ​ជា​មនុស្ស​ប្រភេទ​ណា។ ឈ្មោះ​ហៅក្រៅ ដែល​យើង​ហៅ​ដោយ​ក្តី​ស្រឡាញ់ ហើយ​បញ្ជាក់ អំពី​លក្ខណៈ​ពិសេស​នៃ​មនុស្ស​ដែល​ព្រះ​បាន​បង្កើត ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ ក៏​អាច​បង្ហាញ​នូវ​ការគោរព​ផង​ដែរ។—AMY BOUCHER PYE

តើឈ្មោះ​របស់​អ្នក​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក? តើ​នៅ​ពេល​ណា អ្នក​បាន​ឃើញ​ឈ្មោះ​របស់​មនុស្ស​ក្នុង​គ្រួសារ ឬ​មិត្ត​ភក្តិបាន​ឆ្លុះ​បញ្ចាំង​អំពី​លក្ខណៈ​របស់​ពួក​គេ?

ឱព្រះ​ដែល​ប្រទាន​មនុស្ស​ម្នាក់​ៗឲ្យ​មានឈ្មោះ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ ហើយ​ស្រឡាញ់​ទូលបង្គំ។ សូម​ព្រះអង្គ​កែច្នៃ​ទូលបង្គំ ឲ្យ​កាន់តែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : បទចម្រៀង​សាឡូម៉ូន ៤-៥ និង កាឡាទី ៣