ឱកាសផ្លាស់ប្រែក្នុងជីវិត

ព្រះយេស៊ូវ​​មា​នព្រះ​បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី? យ៉ូហាន ១១:៤០

លោក​ខេវិន លីន(Kevin Lynn) ជា​អ្នកនិពន្ធ​អត្ថបទ​នៅ​លើ​វិប​សាយ ដែល​ជីវិត​របស់​គាត់​ហាក់ដូចជា​បាន​ជួប​ភាព​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ ក្នុង​អត្ថបទ​ដែល​គាត់​បាន​បង្ហោះ​កាលពី​ពេល​ថ្មីៗនេះ គាត់​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ថា មាន​ពេល​មួយ គាត់​ធ្លាក់​ចូលក្នុង​ភាព​អស់សង្ឃឹម​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ចង់​ធ្វើ​អត្តឃាត។ តែ​ពេល​ដែល​គាត់​យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្លួនឯង ហៀប​នឹង​សម្លាប់​ខ្លួន ព្រះ​ទ្រង់​ក៏បាន​បាន​ធ្វើការ​ក្នុងចិត្ត​គាត់ ហើយ​គាត់​ក៏បាន​បោះបង់ចោល​ការ​សម្លាប់​ខ្លួន។ ព្រះ​ទ្រង់​បាន​រារាំង​គាត់​មិន​ឲ្យ​សម្លាប់​ខ្លួន ដោយធ្វើ​ការ​ក្នុងចិត្ត​គាត់ ឲ្យ​នឹក​ចាំ​អំពី​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ លោក​លីន​មិន​បាន​លាក់​រឿង​នេះ​ទុក​ក្នុងចិត្ត​តែម្នាក់ឯង​ឡើយ ផ្ទុយទៅវិញ គាត់​បាន​ចែកចាយ​ទីបន្ទាល់​នេះ ដល់​ពិភពលោក ដោយ​បង្កើត​យូធូប​ឈែនល ដើម្បី​ចែកចាយ​រឿង​នៃ​ការ​ផ្លាស់​ប្រែ​របស់​គាត់ និង​ទីបន្ទាល់​របស់​អ្នកដទៃ​ផង​ដែរ។

ពេល​ដែល​លោក​ឡា​សា ដែល​ជា​អ្នកជឿ និង​មិត្តសំឡាញ់​ព្រះយេស៊ូវ​​ បាត់បង់​ជីវិត មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ព្រះយេស៊ូវ​​មាន​កា​រយឺត​យ៉ាវ​ក្នុង​ការ​មក​ជួយ​គាត់(យ៉ូហាន ១១:៣២)។ គេ​បាន​បញ្ចុះសព​លោក​ឡា​សា ក្នុង​ផ្នូរ​អស់​រយៈពេល៤ថ្ងៃ មុន​ពេល​ព្រះគ្រីស្ទ​យាង​មកដល់ តែ​ព្រះអង្គ​បាន​កែប្រែ​ពេល​សោកសង្រេង​នោះ ឲ្យ​ក្លាយជា​ការ​អស្ចារ្យ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើងវិញ(ខ.៣៨)។ ព្រះយេស៊ូវ​​មាន​ព្រះបន្ទូល​ទៅ​នាង​ម៉ាថា ដែល​ជា​បងស្រី​គាត់​ថា “តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី?”(ខ៤០)។

ដែល​ព្រះយេស៊ូវ​​បាន​ប្រោស​លោក​ឡា​សា​រស់​ឡើងវិញ​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​ប្រទាន​ជីវិត​ថ្មី​មក​យើង​រាល់គ្នា តាមរយៈ​អង្គ​ទ្រង់​ផង​ដែរ។ ព្រះអង្គ​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង ដើម្បី​បង់ថ្លៃ​លោះ​បាប​យើង ហើយ​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់ទោស​បាប។ កាលណា​យើង​បាន​ទទួលអំណោយ​នៃ​ព្រះគុណ​ព្រះអង្គ នោះ​យើង​នឹង​បាន​រួចពី​ចំណង​នៃ​អំពើបាប កើតជា​ថ្មី​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ហើយ​មានឱកាស​ផ្លាស់​ប្រែ​ក្នុង​ជីវិត។—KIMYA LODER

សូម​ពិចារណា​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ដើម្បី​កែប្រែ​ជីវិត​អ្នក? តើ​អ្នក​អាច​ប្រើ​ទីបន្ទាល់​របស់​អ្នក​ដូចម្តេច​ខ្លះ ដើម្បី​នាំ​អ្នកដទៃ​ចូល​មក​រក​ព្រះអង្គ?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ពេលខ្លះ ទូលបង្គំ​មាន​ការ​ធ្វេសប្រហែស បន្ទាប់ពី​ជីវិត​ទូលបង្គំ​បាន​ផ្លាស់​ប្រែ​ហើយ។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​បោះបង់ចោល​ទូលបង្គំ។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ១-២ និង កាឡាទី ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles