ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ។ ម៉ាថាយ ១៥:១៩
បេសកកម្មសង្គ្រោះសត្វមួយ ត្រូវគេដាក់រហ័សនាមឲ្យថា “ប្រតិបត្តិការទូកលោកណូអេ” ដែលស្តាប់មើលទៅ ដូចជារឿងដ៏រីករាយសម្រាប់អ្នកដែលស្រឡាញ់សត្វ ប៉ុន្តែ វាជាសុបិន្ដអាក្រក់មួយ សម្រាប់សមាគមន៍ណាសូ ដើម្បីបង្ការអំពើព្រៃផ្សៃមកលើសត្វ។ បន្ទាប់ពីបានទទួលបណ្តឹងអំពីសម្លេងរំខាន និងក្លិនស្អុយចេញពីផ្ទះមួយខ្នង នៅលើកោះឡងអាយឡិន បុគ្គលិករបស់សមាគមន៍នេះ ក៏បានចូលក្នុងផ្ទះនោះ ហើយក៏បានរកឃើញសត្វ៤០០ក្បាល ដែលបេសកកម្មសង្គ្រោះសត្វនោះបានបង្ខាំងទុក ក្នុងស្ថានភាពដ៏កខ្វក់ ហើយក៏បានរំដោះសត្វទាំងអស់ ចេញពីផ្ទះនោះ។
យើងប្រហែលមិនកំពុងតែបង្ខាំងទុកសត្វចិញ្ចឹមរាប់រយក្បាល ក្នុងកន្លែងដ៏កខ្វក់នោះទេ តែព្រះយេស៊ូវមានបន្ទូលថា យើងប្រហែលជាកំពុងតែមានគំនិតដែលមានបាប និងអាក្រក់ក្នុងចិត្តយើង ដែលចាំបាច់ត្រូវដកចេញ។
កាលព្រះយេស៊ូវកំពុងបង្រៀនពួកសិស្សព្រះអង្គថា មានការអ្វីដែលធ្វើឲ្យមនុស្សស្អាត និងមិនស្អាត ព្រះអង្គក៏បានមានបន្ទូលថា មនុស្សមានភាពស្មោកគ្រោក មិនមែនដោយសារដៃគគ្រិច ឬ “របស់អ្វីដែលចូលទៅក្នុងមាត់”នោះទេ តែដោយសារចិត្តស្មោកគ្រោកទៅវិញទេ(ម៉ាថាយ ១៥:១៧-១៩)។ ក្លិនស្អុយក្នុងចិត្តយើងនឹងជ្រាបចេញមកខាងក្រៅ ជាមិនខាន។ បន្ទាប់មក ព្រះយេស៊ូវក៏ប្រទានឧទាហរណ៍ អំពីគំនិត និងទង្វើអាក្រក់ ដែលចេញ “ពីចិត្ត”(ខ.១៩)។ គ្មានការធ្វើពិធី ឬសកម្មភាពសាសនាណា ដែលអាចលាងសម្អាតភាពកខ្វក់នោះបានទេ។ យើងត្រូវការព្រះកែប្រែចិត្តយើង។
យើងអាចអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវ ដោយថ្វាយចិត្តយើងដល់ព្រះអង្គ ឲ្យព្រះអង្គដឹកនាំ ហើយអនុញ្ញាតព្រះអង្គ ឲ្យដកបាប ដែលនាំឲ្យមានក្លិនស្អុយនោះ។ ខណៈពេលដែលព្រះគ្រីស្ទដកវាចេញពីចិត្តយើងហើយ ព្រះអង្គនឹងជួយឲ្យពាក្យសម្ដី និងសកម្មភាពយើង ស្របតាមបំណងព្រះទ័យព្រះអង្គ ហើយក្លិនក្រអូបនៃជីវិតយើង នឹងបានជាទីសព្វព្រះទ័យដល់ព្រះអង្គ។—MARVIN WILLIAMS
ហេតុអ្វីបានជាយើងចាំបាច់ត្រូវពិនិត្យមើលចិត្តខ្លួនឯង ឲ្យបានញឹកញាប់? តើអ្នកអាចស្វែងរកជំនួយរបស់ព្រះដូចម្តេចខ្លះ ដើម្បីសម្អាតសណ្ឋាននៃវិញ្ញាណរបស់អ្នកក្នុងពេលសព្វថ្ងៃ?
ឱព្រះនៃសេចក្តីស្រឡាញ់ ពេលណាចិត្តទូលបង្គំមានសេចក្តីអាក្រក់ មានតែព្រះអង្គទេ ដែលអាចស្គាល់ចិត្តទូលបង្គំ ហើយដកសេចក្តីអាក្រក់ចេញពីវាបាន។
For further study, read The Forgiveness of God at DiscoverySeries.org/Q0602.
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៥-៦ និង អេភេសូរ ១