ធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះ

ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង។ ចោទិយកថា ១០:១៨

អស់​រយៈពេល​ជាង១ឆ្នាំ​ហើយ ដែលគេ​បាន​ដាក់ឈ្មោះ​ជា​ផ្លូវការ ឲ្យ​ទារក​ម្នាក់​ថា “បេ​ប៊ី ប៊យ”( Baby Boy)។ អ្នកយាម​ម្នាក់​បានឮ​សម្លេង​ក្មេង​តូច​យំ គាត់​ក៏​បាន​រក​ឃើញ​បេប៊ី ប៊យ ដែល​គេ​បោះបង់ចោល បន្ទាប់ពី​បាន​ចាប់កំណើត​បាន​ប៉ុន្មាន​ម៉ោង ដោយ​គេ​ដាក់​គាត់​នៅក្នុង​កាបូប ទុកចោល​ក្នុង​ចំណតរថយន្ត​របស់​មន្ទីរពេទ្យ។

បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​គាត់ មិនយូរ​ប៉ុន្មាន អង្គការ​សេវាកម្ម​សង្គម​ក៏បាន​ស្វែងរក​មនុស្ស​ដែល​ចង់​យក​គាត់​ទៅ​ចិញ្ចឹម​ជា​រៀង​រហូត។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ចិញ្ចឹម​គាត់ ហើយ​ដាក់ឈ្មោះ​ឲ្យ​គាត់​ថា ក្រេយសិន(Grayson មិនមែន​ជា​ឈ្មោះ​ពិត)។ ទីបំផុត ការ​ដាក់ពាក្យ​ទទួល​ចិញ្ចឹម​គាត់​ក៏បាន​ចប់​សព្វគ្រប់ ហើយ​ឈ្មោះ​ក្រេយសិន ក៏បាន​ក្លាយជា​ឈ្មោះ​ផ្លូវការ​របស់​គាត់។ សព្វថ្ងៃ​នេះ អ្នក​អាច​ជួប​ក្មេង​តូច​ដ៏​រីករាយ​ម្នាក់​នេះ ដែល​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ អ្នក​នឹង​មិន​នឹកស្មាន​ថា គាត់​ជា​ក្មេង​ដែលគេ​បាន​បោះបង់ចោល​ក្នុង​កាបូប​នោះ​ទេ។

លោក​ម៉ូសេ​បាន​រៀបរាប់​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះ និង​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​អ៊ីស្រាអែល។ គាត់​ប្រាប់​ពួក​គេ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​ស្រឡាញ់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​តរៀងមក គឺ​ឯង​រាល់គ្នា ដែល​ទ្រង់​រាប់អាន​លើស​ជាង​អស់ទាំង​សាសន៍”(ចោទិយកថា ១០:១៥)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​មាន​ភាព​ធំធេង​ណាស់។ “ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង”(ខ.១៨)។ “ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង”(ខ.២១)។

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ទោះជា​តាមរយៈ​ការ​ទទួល​ចិញ្ចឹម​ក្មេង ឬ​តាម​រយៈ​ការ​ជួយ​យក​អាសា និង​បម្រើ​ក្តី។ ប្តី​ប្រពន្ធ​ដែល​មាន​ក្តី​ស្រឡាញ់​នោះ បាន​ក្លាយជា​ព្រះបាទ​និង​ព្រះហស្ត ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​ទារក​តូច ដែលគេ​បាន​បោះបង់ចោល។ យើង​ក៏​អាច​ធ្វើជា​ព្រះហស្ត​និង​ព្រះ​បាទ សម្រាប់​ឲ្យ​ព្រះអង្គ​ប្រើ​ផង​ដែរ។—TIM GUSTAFSON

តើ​ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដល់​អ្នក តាមរបៀប​ដ៏​តូច​និង​ធំ យ៉ាងដូច​ម្តេច​ខ្លះ? តើមាន​ការ​ដ៏​តូច​អ្វី ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃនេះ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​នោះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ព្រះអង្គ​មាន​សេចក្តី​មេត្តា​ដល់​ក្មេងកំព្រា។ សូម​ព្រះអង្គ​ប្រើ​ទូលបង្គំ​ជា​ព្រះហស្ត និង​ព្រះបាទ​ព្រះអង្គ​នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៣-៤៤ និង ១ថែស្សាឡូនិច ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles