ពេលដែលព្រះទ្រង់មានបន្ទូល
នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង។ លោកុប្បត្តិ ១:៣ កាលពីឆ្នាំ១៨៧៦ លោកអ័ឡិចស៊ែនឌ័រ ក្រាហាំ ប៊ែល(Alexander Graham Bell) ដែលជាអ្នកឆ្នៃប្រឌិត បាននិយាយពាក្យដំបូងបំផុត តាមទូរស័ព្ទ។ គាត់បានហៅលោកថូម៉ាស វ៉ាតសិន(Thomas Watson) ដែលជាជំនួយការរបស់គាត់ ដោយនិយាយថា “វ៉ាតសិន មកនេះមួយភ្លែត។ ខ្ញុំចង់ជួបអ្នក”។ លោកវ៉ាតសិនក៏បានឮលោកប៊ែលនិយាយតាមទូរស័ព្ទ ដោយសម្លេងមិនសូវច្បាស់ តែគាត់អាចស្តាប់យល់។ ពាក្យសម្តីទីមួយ ដែលលោកប៊ែលបាននិយាយ តាមខ្សែទូរស័ព្ទបានបង្ហាញថា យុគសម័យថ្មីនៃការទំនាក់ទំនងរបស់មនុស្សបានចាប់ផ្តើមហើយ។ នៅថ្ងៃទីមួយនៃការបង្កើតផ្ទៃមេឃនិងផែនដី(លោកុប្បត្តិ ១:២) ព្រះទ្រង់មានបន្ទូលដំបូងបំផុត ដែលមានចែងក្នុងព្រះគម្ពីរថា “ចូរឲ្យមានពន្លឺឡើង”(ខ.៣)។ ព្រះបន្ទូលនេះមានពេញដោយអំណាចនៃការបង្កើត។ ព្រះអង្គគ្រាន់តែមានបន្ទូល នោះក៏កើតមានដូច្នោះ(ទំនុកដំកើង ៣៣:៦,៩)។ ព្រះទ្រង់មានបន្ទូលថា “ចូរឲ្យមានពន្លឺឡើង” ហើយពន្លឺក៏មានឡើង។ ព្រះបន្ទូលព្រះអង្គបង្កើតឲ្យមានជ័យជម្នះភ្លាមៗ ខណៈពេលដែលភាពងងឹត និងភាពវឹកវរបានចាញ់ភាពភ្លឺត្រចះនៃពន្លឺ និងសណ្ដាប់ធ្នាប់។ ពន្លឺជាចម្លើយរបស់ព្រះ ចំពោះអំណាចនៃភាពងងឹត។ ហើយនៅពេលដែលព្រះអង្គបង្កើតពន្លឺ ព្រះអង្គទតឃើញថា “ល្អហើយ”(លោកុប្បត្តិ ១:៤)។ ព្រះបន្ទូលដំបូងបំផុតរបស់ព្រះ នៅតែបន្តមានអំណាច ក្នុងជីវិតរបស់អ្នកជឿព្រះយេស៊ូវ។…
Read article