ហេតុផលដែលត្រូវអរសប្បាយ

ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយនូវ​ព្រះយេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់អ្នក​ណា​ដែល​មានចិត្ត​ទៀត​ត្រង់

គេ​នឹង​អួត​សរសើរ។ ទំនុកដំកើង ៦៤:១០

ពេល​ដែល​អ្នក​ស្រី​គ្លែ​នដា(Glenda) ដើរចូល​ក្នុង​កន្លែង​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ ក្តី​អំណរ​របស់​គាត់​បាន​បង្ហាញ​ចេញ​មក​ពេញ​បន្ទប់។ គាត់ទើប​តែ​ជាសះស្បើយ​ពី​ការ​ព្យាបាល​ជំងឺ​ដ៏​ពិបាក។ ខណៈ​ពេល​ដែល​គាត់​ដើរមក​រក​ខ្ញុំ​ដូច​សព្វមួយដង បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះ ដែល​គាត់​បាន​យំ​ជាមួយ​ខ្ញុំ កែ​តម្រង់​ខ្ញុំ​ដោយ​សុភាព ហើយ​លើកទឹកចិត្ត​ខ្ញុំ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ។ គាត់​ថែមទាំង​សុំទោស​ខ្ញុំ ពេល​គាត់​ដឹងខ្លួន​ថា គាត់​បាន​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ឈឺចាប់។ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ គាត់​តែងតែ​ឲ្យ​ខ្ញុំ​ចែកចាយ អំពី​ទុក្ខ​លំបាក ដោយចិត្ត​ស្មោះត្រង់ ហើយ​រំឭក​ខ្ញុំ​ថា យើង​មានហេតុ​ផល​ជាច្រើន ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ។

គាត់​បាន​ចាត់ទុក​ខ្ញុំ​ដូច​កូន​គាត់ ពេល​ដែល​គាត់​ឱប​ខ្ញុំ​យ៉ាង​សុភាព។ យើង​មានការ​សន្ទនា​ខ្លីៗ ជាមួយគ្នា​ដោយ​អំណរ ហើយក៏​បាន​អធិស្ឋាន​ជាមួយគ្នា។ បន្ទាប់មក គាត់​ក៏បាន​ដើរចេញ​ទៅ ដោយ​សម្លេង​ច្រៀង​ខ្សឹប​ៗ​ដូច​សព្វមួយដង ដើម្បី​ស្វែងរក​អ្នកដទៃ​ទៀត ដែល​គាត់​អាច​នាំឲ្យ​ទទួល​ព្រះពរ។

ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៦៤ ស្តេច​ដាវីឌ​បាន​ចូល​មក​រក​ព្រះ ដោយ​ទូល​ថ្វាយ​ទុក្ខ​លំបាក​របស់​ទ្រង់(ខ.១)។ ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​ព្រះទ័យ​នឿយណាយ ចំពោះ​ភាព​ទុច្ចរិត​ដែល​ទ្រង់​បានឃើញ​ជុំវិញ​ខ្លួន​ទ្រង់(ខ.២-៦)។ ទ្រង់​មិនបាន​ឈប់​ជឿ​លើ​អំណាច​ចេស្ដា​ព្រះ ឬ​ឈប់​ពឹងផ្អែក​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ឡើយ(ខ.៧-៩)។ ទ្រង់​ជ្រាប​ថា ថ្ងៃណាមួយ “ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយនូវ​ព្រះយេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់អ្នក​ណា​ដែល​មានចិត្ត​ទៀត​ត្រង់ គេ​នឹង​អួត​សរសើរ”(ខ១០)។

ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ ការ​យាង​មកវិញ​របស់​ព្រះយេស៊ូវ​ យើង​នឹង​ជួបការ​លំបាក​ជាច្រើន។ តែ​យើង​នៅតែ​មានហេតុ​ផល ដែល​ត្រូវ​អរ​សប្បាយ​ជា​ក្នុង​ថ្ងៃ​មួយៗ ដែល​ព្រះ​ទ្រង់​បាន​បង្កើត។—XOCHITL DIXON

តើ​ព្រះ​ទ្រង់​បាន​ប្រទាន​ហេតុផល​អ្វី សម្រាប់​ឲ្យ​អ្នក​អរ​សប្បាយ​នៅ​ថ្ងៃនេះ? តើ​អ្នក​អាច​លើកទឹកចិត្ត​អ្នកដទៃ​ដូចម្តេច​ខ្លះ ក្នុង​ពេល​ដែល​ពួក​គេ​បាក់ទឹកចិត្ត?

ឱ​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ទូលបង្គំ​នូវ​ហេតុផល​ជាច្រើន ដើម្បី​អរ​សប្បាយ ខណៈ​ពេល​ដែល​ទូលបង្គំ​អបអរ​ថា ព្រះអង្គ​ជា​នរណា និង​បាន​សន្យា​អ្វីខ្លះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៦-៥៨ និង ២ថែ​ស្សា​ឡូ​និច ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles