ការផ្លាស់ប្រែពិតប្រាកដ

ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាលពីដើម នោះ​ត្រូវឲ្យ​អ្នករាល់គ្នា​បាន​ដោះមនុស្ស​ចាស់ ដែល​តែងតែ​ខូច​ទៅ … ព្រមទាំង​ប្រដាប់ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ។ អេភេសូរ ៤:២២-២៤

ខ្លូត(Claud) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដ៏​វឹកវរ នៅ​ភាព​ខាងត្បូង​នៃ​ទី​ក្រុង​ឡុងដ៍។ គាត់​បាន​ចាប់ផ្តើម​លក់​កញ្ឆា ពេល​គាត់​មាន​អាយុ១៥ឆ្នាំ ហើយ​លក់​ឆ្នាំ​ញៀន​ហេរ៉ូអ៊ីន នៅ​អាយុ២៥ឆ្នាំ។ ដើម្បី​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន គាត់​ក៏បាន​ធ្វើការ​ជា​គ្រូបង្រៀន​យុវជន។ មិនយូរ​ប៉ុន្មាន អ្នកគ្រប់គ្រង​របស់​គាត់​ដែល​ជា​គ្រីស្ទបរិស័ទ មានការ​ចាប់អារម្មណ៍​ចំពោះ​គាត់ ហើយ​គាត់​ក៏​ចង់​ស្វែងយល់​បន្ថែម​អំពី​ជំនឿ​គ្រីស្ទបរិស័ទ។ បន្ទាប់ពី​គាត់​បាន​ចូលរួម​វគ្គសិក្សា​មួយ ដើម្បី​ស្វែងយល់​ជំនឿ​គ្រីស្ទបរិស័ទ គាត់​ក៏បាន​យាង​ព្រះយេស៊ូវ​ចូលក្នុង​ជីវិត​គាត់។ គាត់​ក៏បាន​និយាយ​ថា គាត់​បាន​ស្គាល់​ព្រះវ​ត្ត​មាន​ព្រះ ហើយ​គេ​ក៏បាន​ឃើញ​ការ​ផ្លាស់​ប្រែ​កើតមាន​ក្នុង​ជីវិត​គាត់​យ៉ាង​ឆាប់រហ័ស។ គាត់​ថា គាត់​បាន​ក្លាយជា​អ្នក​ជួញ​គ្រឿងញៀន​ដែល​មាន​អំណរ​បំផុត។

ប៉ុន្តែ ព្រះយេស៊ូវ​មិន​បាន​ធ្វើការ​ក្នុង​ជីវិត​គាត់​តែ​ប៉ុណ្ណេះ​ឡើយ។ ពេល​ដែល​លោក​ខ្លូត​ថ្លឹង​កញ្ចប់​ថ្នាំ​កូកាអ៊ីន នៅ​ថ្ងៃបន្ទាប់ គាត់​ក៏បាន​គិតថា គាត់​កំពុងតែ​ធ្វើ​រឿង​ដ៏​ល្ងង់ខ្លៅ។ គាត់​កំពុងតែ​លក់​ថ្នាំពុល​ទៅ​ឲ្យ​អ្នកដទៃ! គាត់​ក៏បាន​ដឹងខ្លួន​ថា គាត់​ត្រូវតែ​ឈប់​លក់​ថ្នាំញៀន​ទៀត ហើយ​ត្រូវ​ស្វែងរក​ការងារ​ធ្វើ។ ដោយ​ជំនួយ​មក​ពី​ព្រះវិញ្ញាណ គាត់​ក៏បាន​បិទ​ទូរស័ព្ទ​គាត់​ចោល ហើយ​ឈប់​​ជួញដូរ​គ្រឿងញៀន​ទៀត។

សាវ័ក​ប៉ុល​បាន​និយាយ​សំដៅ​ទៅលើ​ការ​ផ្លាស់​ប្រែ​ដូចនេះ​ឯង នៅពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ។ គាត់​បាន​បង្រៀន​អ្នកជឿ​ទាំងឡាយ កុំ​ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​ដាច់​ចេញពី​ព្រះ​ឡើយ តែ​ត្រូវ “ដោះមនុស្ស​ចាស់ ដែល​តែងតែ​ខូច​ទៅ តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោលចេញ” ហើយ​ផ្ទុយទៅវិញ ត្រូវ “ប្រដាប់ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើតមក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ”(អេភេសូរ ៤:២២,២៤)។ ដូចនេះ យើង​ត្រូវ​ប្រដាប់ខ្លួន ដោយ​មនុស្ស​ថ្មី ជា​រៀងរាល់ថ្ងៃ។

ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វព្រះទ័យ​នឹង​ជួយ​យើង រស់នៅ ជា​មនុស្ស​ថ្មី ហើយ​មាន​លក្ខណៈ​សម្បត្តិ​កាន់តែ​ដូច​ព្រះយេស៊ូវ​។—AMY BOUCHER PYE

តើ​អ្នក​បានឃើញ​ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​អ្នកដទៃ និង​ខ្លួន​អ្នក ដោយ​របៀបណា​ខ្លះ? តើ​ទីបន្ទាល់​ទាំងនោះ​បាន​ជួយ​ស្អាង​ជំនឿ​របស់​អ្នក​ឡើង ក្នុង​ព្រះអង្គ ដូចម្តេច​ខ្លះ នៅពេល​ដែល​ការ​ផ្លាស់​ប្រែ​ហាក់ដូចជា​មិន​អាច​កើតឡើង​បាន?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិនបាន​បោះបង់ចោល​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ផ្លាស់​ប្រែ​មាន​លក្ខណៈ​សម្បត្តិ​កាន់តែ​ដូច​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១-២ និង ១ធីម៉ូថេ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles