ឱកាសបញ្ចេញពន្លឺ

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦

កាលពី​ខែមីនា ឆ្នាំ២០២០ ខណៈ​ពេល​ដែល​លោក​វីត​នី(Whitney) ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ចូល​និវត្ត កំពុង​បណ្តើរ​ឆ្កែ ក្នុង​សួនច្បារ​កណ្តាល នៃ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​ឡាន​ធំ តង់​ពណ៌ស​ជាច្រើន ដែល​សុទ្ធតែ​មាន​រូប​ឈើឆ្កាង​នៅ​ពីលើ និង​ឈ្មោះ​អង្គការ​មនុស្សធម៌ ដែល​គាត់​មិនដែល​ស្គាល់។ ពេល​គាត់​បានដឹង​ថា មនុស្ស​មួយ​ក្រុម​នោះ​កំពុងតែ​សង់​មន្ទីរពេទ្យ​ចល័ត សម្រាប់​អ្នកក្រុង​ញូយ៉​ក ដែល​មាន​ជំងឺ​កូ​វីត១៩ គាត់​ក៏​សួរ​ពួក​គេ​ថា តើ​គាត់​អាច​ជួយ​ពួក​គេ​បានទេ។ ប៉ុន្មាន​សប្តាហ៍​ក្រោយមក ទោះ​គាត់​មាន​ជំនឿ និង​និន្នាការ​នយោបាយ​ខុសពី​ពួក​គេ​ក៏ដោយ ក៏​គាត់ និង​ក្រុម​គ្រួសារ​គាត់​បាន​ចូលរួម​ជាមួយ​ពួក​គេ តាមដែល​អាច​ធ្វើ​ទៅ​បាន។ លោក​វីត​នី​ក៏បាន​លើកឡើង​ថា “មនុស្ស​ម្នាក់​ៗ​ដែល​ខ្ញុំ​បាន​ជួប នៅក្នុង​ក្រុម​នោះ សុទ្ធតែ​ជា​មនុស្ស​ល្អ ឥត​ពុត​មាយា”។ ហើយ​គាត់​ក៏បាន​កោតសរសើរ​ពួក​គេ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​អ្នកក្រុង​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ ក្នុង​ពេល​ដែល​ទីក្រុង​គាត់​កំពុងតែ​ត្រូវការ​ជំនួយ​ខ្លាំង​យ៉ាងនេះ។

ក្នុង​ការ​ឆ្លើយតប ចំពោះ​តម្រូវការ​ដ៏​លើសលប់ ក្នុង​ពេល​ដែល​វី​រូស​កូ​រ៉ូ​ណា​កំពុង​រាតត្បាត​ពិភពលោក អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ជំនឿ​សាសនា​ផ្សេងគ្នា​បាន​រួបរួម​គ្នា​បម្រើប្រជាជន ជា​ឱកាស​ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​បញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ឲ្យ​អ្នកដទៃ​បានឃើញ។ ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះយេស៊ូវ​នៅ​លើ​ភ្នំ ព្រះអង្គ​បាន​បង្រៀន​អ្នកដើរតាម​ព្រះអង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ យើង​បញ្ចេញ​ពន្លឺ​របស់​ព្រះគ្រីស្ទ ដោយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ព្រះអង្គ​ដឹកនាំ​យើង និយាយ​ស្តី និង​ប្រព្រឹត្ត ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តសប្បុរស(មើល​កាឡាទី ៥:២២-២៣)។ ពេលណា​យើង​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​ព្រះយេស៊ូវ​ បញ្ចេញ​ពន្លឺ​ច្បាស់ ក្នុង​ជីវិត​យើង នោះ​យើង​ក៏ “ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា ដែល​នៅ​គង់នៅ​ស្ថានសួគ៌”ផង​ដែរ(ម៉ាថាយ ៥:១៦)។

សព្វថ្ងៃ​នេះ យើង​នៅតែ​អាច​បញ្ចេញ​ពន្លឺ​ព្រះគ្រីស្ទ ជា​រៀងរាល់ថ្ងៃ ខណៈ​ពេល​ដែល​ព្រះអង្គ​ជួយ​យើង ឲ្យ​ធ្វើជា​ពន្លឺ និង​អំបិល ក្នុង​លោកិយ​ដែល​កំពុង​ត្រូវការ​ព្រះអង្គ។—ALYSON KIEDA

តើ​អ្នក​បាន​មើលឃើញ​ឱកាស​ផ្សាយ អំពី​សេចក្តី​សង្ឃឹម និង​ពន្លឺ​ដល់​អ្នកដទៃ នៅ​ថ្ងៃនេះ នៅកន្លែង​ណាខ្លះ? តើមាន​នរណា​ខ្លះ​បាន​ធ្វើជា​ពន្លឺ​ដល់​ជីវិត​អ្នក ក្នុង​ពេល​ដែល​អ្នក​មានទុក្ខ​លំបាក?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​បញ្ចេញ​ពន្លឺ​ព្រះអង្គ ក្នុង​គ្រប់ការ​ទាំងអស់​ដែល​ទូលបង្គំ​និយាយ និង​ធ្វើ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២២-២៣ និង ទីតុស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles