ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ

ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ1

ទី​បន្ទាល់​របស់​គ្រីស្ទ​បរិស័ទ អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ​បាន ដែល​ប្រាប់​យើង​អំពី​ជីវិត​ផ្លាស់​ប្រែ ប៉ុន្តែ ការ​ចែក​ចាយ​ទី​បន្ទាល់​តែ​ម្យ៉ាង គឺ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ នៅ​ថ្ងៃ​នេះ លោក​គ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul) បញ្ជាក់​ឡើង​វិញ ឲ្យ​បាន​ច្បាស់​ថា អំណាច​ចេស្ដា​ព្រះ​សម្រាប់​ជួយ​សង្គ្រោះ គឺ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ជំនួស​មនុស្ស​មាន​បាប។

អត្ថបទ

សព្វ​ថ្ងៃ​នេះ យើង​តែង​តែ​ឮ​គេ​និយាយ​ថា «ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ដំណឹង​ល្អ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចែក​ចាយ​ដំណឹង​ល្អ ឬ​ក៏​ខ្ញុំ​នឹង​ផ្សាយ​ដំណឹង​ល្អ»។ ប៉ុន្តែ បើ​យើង​ពិនិត្យ​មើល​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ចែក​ចាយ និង​ផ្សព្វ​ផ្សាយ ពួក​គេ​ប្រហែល​ជា​គ្រាន់​តែ​ប្រាប់​យើង​ថា ខ្ញុំ​បាន​ចែក​ចាយ​ដល់​អ្នក​ជិត​ខាង​ខ្ញុំ​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ផ្លាស់​ប្រែ នេះ​ជា​ទីបន្ទាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ការ​ចែក​ចាយ​ដូច​នេះ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ​។ ខ្ញុំ​អាច​និយាយ​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា «ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ចង់​ប្រាប់​អ្នក។ ព្រះ​ស្រឡាញ់​អ្នក»។ នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ តែ​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ទេ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ថា ដំណឹង​ល្អ​មាន​អត្ថរូប​ច្បាស់​លាស់។ ហើយ​អត្ថរូប​នោះ​មិន​មែន​និយាយ​អំពី​ខ្ញុំ ហើយ​ពិត​ជា​មិន​និយាយ​អំពី​អ្នក។ អត្ថរូប​នោះ​ផ្ដោត​ទៅ​លើ​អង្គ​ព្រះ​យេស៊ូវ និង​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ពោល​គឺ​ផ្ដោត​ទៅ​លើ​សេចក្តី​ដែល​ថា ព្រះ​អង្គ​ជា​នរណា ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ជាង​នេះ​ទៅ​ទៀត ដំណឹង​ល្អ​ថែម​ទាំង​ផ្ដោត​ទៅ​លើ​របៀប​ដែល​យើង​អាច​ទទួល​លទ្ធផល​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ ដោយ​ជំនឿ។

ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ មាន​ការ​លើក​ឧទាហរណ៍​ជា​ញឹកញាប់ អំពី​ការ​ចែក​ចាយ​របស់​ពួក​សាវ័ក។ យើង​ឃើញ​មាន ឧទាហរណ៍ អំពី «ការ​ប្រកាស​ព្រះ​បន្ទូល» របស់​ពួក​ជំនុំ​ដំបូង ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ហៅ​ថា «កេរូម៉ា» (kérugma)។ ពេល​ណា​យើង​ចង់​ដឹង​អំពី​របៀប​ដែល​យើង​គួរ​ទៅ​ឈោង​ចាប់​លោកីយ៍​ដែល​កំពុង​សង្កេត​មើល​យើង និង​លោកិយ​ដែល​កំពុង​វិនាស លោកិយ​ដែល​មិន​ជឿ​ព្រះ តើ​ពួក​គេ​ត្រូវ​ការ​ឮ​ដំណឹង​ល្អ​អ្វី? យើង​ឃើញ​មាន​ការ​ប្រកាស​ព្រះ​បន្ទូល​ដូច​នេះ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ នៅ​ត្រង់​ចំណុច​ការ​អធិប្បាយ​ព្រះ​បន្ទូល​មួយ​ហើយ​មួយ​ទៀត ហើយ​អត្ថន័យ​នៃ​ការ​ប្រកាស​ព្រះ​បន្ទូល​នោះ សុទ្ធ​តែ​និយាយ​អំពី​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។

ខ្ញុំ​យល់​ឃើញ​ថា ការ​ចែក​ចាយ​ទី​បន្ទាល់​គឺ​ជា​ការ​ល្អ​ហើយ តែ​សូម​កុំ​ច្រឡំ​ថា ការ​ចែក​ចាយ​ទី​បន្ទាល់​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ឡើយ។ យើង​អាច​ប្រើ​ទី​បន្ទាល់​របស់​យើង ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ ទី​បន្ទាល់​របស់​យើង​អាច​នាំ​ឲ្យ​ញាតិ​មិត្ត​យើង​ចង់​ស្តាប់​ដំណឹង​ល្អ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​ថា ការ​រស់​នៅ​របស់​យើង​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ឡើយ។ ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ទើប​ជា​ដំណឹងល្អ។ ទីបន្ទាល់​របស់​លោក​គ្រូ អ. ស៊ី. ស្ព្រោល ក៏​មិន​មែន​ជា​អំណាច​របស់​ព្រះ សម្រាប់​ជួយ​សង្គ្រោះ​នោះ​ទេ។ ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ទើប​ជា​អំណាច​របស់​ព្រះ​សម្រាប់​ជួយ​សង្គ្រោះ ដោយ​ផ្ដោត​ទៅ​លើ​ឈើ​ឆ្កាង ពោល​គឺ​ទៅ​លើ​ការ​លោះ​បាប។ ការ​ចែក​ចាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​យើង អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ ប៉ុន្តែ បើ​មិន​បាន​និយាយ​អំពី​ឈើ​ឆ្កាង​ទេ នោះ​វា​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ វា​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ឡើយ។

យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​អាច​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ អំពី​ព្រះ និង​អំពី​របៀប​ដែល​ព្រះ​អង្គ​អាច​កែ​ប្រែ​ជីវិត​អ្នក និង​ថែម​ទាំង​និយាយ​អំពី​ព្រះ​យេស៊ូវ។ ប៉ុន្តែ បើ​ទីបន្ទាល់​នេះ​មិន​បាន​និយាយ​បញ្ជាក់ អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ទេ នោះ​វា​អាច​ជា​ដំណឹង​ដ៏​ល្អៗ តែ​មិន​មែន​ជា​ដំណឹង​ល្អ​តាម​ព្រះ​គម្ពីរ​នោះ​ឡើយ។ ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ ដូច​នេះ បើ​មិន​មាន​ធាតុ​ផ្សំ​ទាំង​នេះ​ទេ ការ​ចែក​ចាយ​នោះ​មិន​មែន​ជា​ការ​ចែក​ចាយ​ដំណឹង​ល្អ​តាម​ព្រះ​គម្ពីរ​ឡើយ។

កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។

More articles