តោងជាប់ព្រះបន្ទូលព្រះ

សេចក្តី​បន្ទាល់​នៃ​ព្រះយេហូវ៉ា​ជា​ពិត ក៏​ធ្វើឲ្យ​មនុស្ស​ខ្លៅល្ងង់​មាន​ប្រាជ្ញា។ ទំនុកដំកើង ១៩:៧

ផ្ទះ​កសិដ្ឋាន​ចាស់​របស់​អ៊ំប្រុស​ខ្ញុំ មាន​កង​ដែក​មួយ​ធ្វើ​ពី​ដែកស្មិត នៅ​ជាប់នឹង​ស៊ុមទ្វារ​។ កង​នោះ​ចាស់​មាន​ច្រេះ​ស៊ី តែ​វា​នៅតែ​ធន់​នឹង​អាកាសធាតុ​ដ៏​អាក្រក់ ក្នុង​រដូវរងា​នៅ​រដ្ឋ​មីនេសូតា។ នៅ​ចម្ងាយ​ប្រហែល៣០ម៉ែត្រ​ពី​កន្លែង​នោះ មាន​កង​ដែក​មួយទៀត នៅ​ជាប់​ក្រោលគោ​យ៉ាង​មាំ។ ពេលណា​មាន​ព្យុះ​ព្រឹល​ដែល​ធ្វើឲ្យ​អ៊ំប្រុស​ខ្ញុំ​មើលផ្លូវ​មិនឃើញ គាត់​ក៏បាន​យក​ខ្សែ​មក​ចងភ្ជាប់​ពី​កង​ដែក​មួយ ទៅ​កង​ដែក​មួយទៀត ដើម្បីឲ្យ​គាត់​អាច​ដើរ​ពី​ក្រោលគោ ទៅផ្ទះ​គាត់។ កាលណា​គាត់​កាន់​ខ្សែ​នោះ​ជាប់ គាត់​អាច​ជៀសវាង​ការ​វង្វេងផ្លូវ ពេល​មាន​ព្រឹល​ធ្លាក់​ខ្លាំង​មើលផ្លូវ​មិនឃើញ។

ការដែល​អ៊ំប្រុស​ខ្ញុំ​​ប្រើ​ខ្សែពួរ​សុវត្ថិភាព ក្នុង​ពេល​មាន​ព្យុះ​ព្រឹល ​ធ្វើឲ្យខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ស្តេច​ដាវីឌ​បាន​ប្រើ​ចំណង​នៃ​បទ​កំណាព្យ​ជា​ភាសា​ហេព្រើរ ដើម្បី​ពិពណ៌នា អំពី​របៀប​ដែល​ប្រាជ្ញា​របស់​ព្រះ​បាន​នាំ​ផ្លូវ​យើង ឆ្លងកាត់​ជីវិត ហើយ​ការពារ​យើង ឲ្យ​រួចផុត​ពី​អំពើបាប និង​កំហុស យ៉ាងដូច​នេះ​ថា “សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀងរាប​ដរាប អស់ទាំង​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់ជំពូក សេចក្តី​ទាំងនោះ​គួរ​ចង់បាន​លើស​ជាងមាស អើ ជាជាង​មាស​សុទ្ធ​ជាច្រើន​ផង ក៏​ផ្អែម​ជាង​ទឹកឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង មួយទៀត ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្ន ដោយសារ​សេចក្តី​ទាំងនោះ​ដែរ ហើយដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ”(ទំនុកដំកើង ១៩:៩-១១)។

ការ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​នៃ​ព្រះគម្ពីរ ដែល​ព្រះវិញ្ញាណ​បាន​ជួយ​ឲ្យ​យើង​យល់ ជួយការ​ពារ​យើង​ឲ្យ​រួចផុត​ពី​ការ​វង្វេងផ្លូវ ហើយ​ជួយ​យើង​ឲ្យ​ធ្វើការ​សម្រេចចិត្ត ដែល​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះ និង​ការគោរព​ដល់​អ្នកដទៃ។ ព្រះគម្ពីរ​បាន​ដាស់តឿន​យើង មិន​ឲ្យ​ងាក​បែរចេញ​ពី​ព្រះ ហើយ​បង្ហាញផ្លូវ​យើង ឲ្យ​វិល​មក​រក​ព្រះ​អង្គ​វិញ។ ព្រះគម្ពីរ​ក៏បាន​ប្រាប់​យើង អំពី​សេចក្តី​ស្រឡាញ់​ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះពរ ដែល​រង់ចាំ​អស់អ្នក​ដែល​ជឿ​ព្រះអង្គ។ ព្រះបន្ទូល​ព្រះ​គឺជា​អាហារ​ទ្រទ្រង់​ជីវិត​ខាងវិញ្ញាណ។ សូម​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​តោង​​ជាប់​ព្រះបន្ទូល​ព្រះអង្គ​ជានិច្ច។—JAMES BANKS

តើមាន​ព្រះបន្ទូល​សន្យា​អ្វីខ្លះ ក្នុង​ព្រះគម្ពីរ ដែល​​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ឃឹម? តើ​អ្នក​នឹង​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត នៃ​ព្រះគម្ពីរ​នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ទទួលការ​បង្រៀន​ព្រះបន្ទូល​ព្រះអង្គ​ជា​កំណប់ទ្រព្យ នៅ​ថ្ងៃនេះ។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​សម្រាប់​ការ​ប្រទាន​ព្រះពរ​ជា​បរិបូរ និង​ជ្រាលជ្រៅ តាមរយៈ​ព្រះបន្ទូល​ព្រះអង្គ ក្នុង​ព្រះ​គម្ពីរប៊ីប!

To learn more about New Testament Basics, visit ODBU.org​/NT109.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៧-២៩ និង ទីតុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles