ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ ទំនុកដំកើង ៥១:១០
កាលពីឆ្នាំ១៨៥៤ ប្រជាជនរាប់ពាន់នាក់ បានបាត់បង់ជីវិត នៅទីក្រុងឡុងដ៍។ គេយល់ឃើញថា ពួកគេប្រហែលជាបានស្លាប់ ដោយសារខ្យល់អាកាសមានជាតិពុល ព្រោះនៅសម័យនោះ ធាតុអាកាសក្តៅខុសរដូវ បានដុតកម្តៅទន្លេថេម ដែលមានក្លិនស្អុយទឹកលូរ បណ្តាលឲ្យមានក្លិនស្អុយកាន់តែខ្លាំងឡើង ដល់ថ្នាក់គេហៅទឹកទន្លេនោះថា “ទន្លេមហាស្អុយ”។
តែក្លិនក្នុងខ្យល់អាកាស មិនមែនជាបញ្ហាអាក្រក់បំផុតឡើយ។ លោកបណ្ឌិត ចន ស្នូ(Dr. John Snow) បានធ្វើការស្រាវជ្រាវ រកឃើញថា ទឹកទន្លេថេមមានមេរោគ ដែលបណ្តាលឲ្យមានការរាតត្បាតជំងឺអាសន្នរោគ។
មនុស្សយើងបានដឹងអំពីវិបត្តិមួយទៀត ដែលមានក្លិនស្អុយសាយភាយដល់ផ្ទៃមេឃ។ យើងកំពុងរស់នៅ ពិភពលោកដែលប្រេះបែក ហើយយើងងាយនឹងមានការយល់ច្រឡំ អំពីប្រភពនៃបញ្ហានេះ បានជាយើងព្យាយាមព្យាបាលរោគសញ្ញា តែមិនអាចព្យាបាលជំងឺនោះបាន។ កម្មវិធីសង្គម និងគោលនយោបាយប្រកបដោយប្រាជ្ញា មានប្រយោជន៍ខ្លះៗដែរ តែគ្មានអំណាចកាត់ផ្តាច់ឫសគុលនៃជំងឺរបស់សង្គម ដែលជាចិត្តមានពេញដោយអំពើបាប។
ព្រះយេស៊ូវមានបន្ទូលថា “គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបាន”(មាកុ ៧:១៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនមែនកំពុងមានបន្ទូលសំដៅទៅលើជំងឺផ្លូវកាយឡើយ(ម៉ាកុស ៧:១៥)។ ផ្ទុយទៅវិញ ព្រះអង្គកំពុងបង្ហាញធាតុពិតនៃបញ្ហាខាងវិញ្ញាណរបស់យើងម្នាក់ៗ។ ព្រះអង្គមានបន្ទូលថា “គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ”(ខ.១៥) ហើយព្រះអង្គក៏បានរៀបរាប់អំពីសេចក្តីអាក្រក់ ដែលកំពុងលាក់ខ្លួនក្នុងវិញ្ញាណយើង(ខ.២១-២២)។
ស្តេចដាវីឌក៏បានមានបន្ទូលថា “មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ”(ទំនុកដំកើង ៥១:៥)។ យើងរាល់គ្នាសុទ្ធតែអាចពោលទំនួញដូចនេះផងដែរ។ យើងមានភាពប្រេះបែកតាំងពីដើមមក។ ហេតុនេះហើយស្តេចដាវីឌបានអធិស្ឋានថា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ”(ខ.១០)។ ជារៀងរាល់ថ្ងៃ យើងត្រូវការចិត្តថ្មីនោះ ដែលព្រះយេស៊ូវបានបង្កើត តាមរយៈព្រះវិញ្ញាណព្រះអង្គ។
យើងមិនត្រូវព្យាយាមព្យាបាលរោគសញ្ញារបស់បាប តែផ្ទុយទៅវិញ យើងត្រូវអនុញ្ញាតឲ្យព្រះយេស៊ូវលាងសម្អាតយើងឲ្យបរិសុទ្ធ។—TIM GUSTAFSON
តើអ្នកអាចចែកចាយដំណឹងល្អ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គការពារចិត្ត និងជួយទូលបង្គំ ឲ្យស្តាប់ព្រះវិញ្ញាណព្រះអង្គ ដោយប្រុងប្រយ័ត្ន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៥០ និង ហេព្រើរ ៨