អំពើសប្បុរសធម៌តូចៗ ដែលនាំឲ្យមានអំណរ

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុកដូចជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ។ កូល៉ុស ៣:១២

អា​មែន​ដា(Amanda) ធ្វើការ​ជា​គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​នៅ​តាម​ផ្ទះ ដោយ​ចល័ត​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយទៀត។ ជា​ញឹកញាប់ នាង​នាំ​កូនស្រី​អាយុ១១ឆ្នាំ ឈ្មោះ​រូ​ប៊ី(Ruby) ទៅជាមួយ​នាង​ផង​ដែរ។ ដើម្បីឲ្យ​មានការ​ងារ​ធ្វើ រូ​ប៊ី​ក៏បាន​ចាប់ផ្តើម​សួរ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ទាំងនោះ​ថា “បើ​អ្នក​អាច​មាន​របស់​បី​យ៉ាង តើ​អ្នក​ចង់បាន​អ្វីខ្លះ?” នាង​ក៏បាន​កត់ទុក​ចម្លើយ​របស់​ពួក​គេ ក្នុង​សៀវភៅ​កត់ត្រា​របស់​នាង។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ភាគច្រើន​ពួក​គេ​ចង់​បាន​តែ​របស់​កំប៉ិច​កំប៉ុក ដែល​មាន​ដូចជា សាច់ក្រក​មក​ពី​ទីក្រុង​វីយែន នំ​សូកូឡា ឈីស និង​ផ្លែ​ប័រ​ជាដើម។ ដូចនេះ រូ​ប៊ី​ក៏បាន​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​បំពេញ​ក្តី​ប្រាថ្នា​ដ៏​សាមញ្ញ​របស់​ពួក​គេ។ នាង​ក៏បាន​ចែក​អំណោយ​ទាំងនោះ ដល់​ពួក​គេ ដោយ​ក្តី​ស្រឡាញ់​ដ៏​កក់ក្តៅ។ នាង​និយាយ​ថា រឿង​នេះ​ពិតជា​បាន​លើកទឹកចិត្ត​នាង ឲ្យ​មាន​ក្តី​អំណរ​ណាស់។

ពេលណា​យើង​បង្ហាញ​ចេញ​នូវ​ក្តី​អាណិត និង​ចិត្តសប្បុរស ដូច​រូ​ប៊ី យើង​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះ​នៃ​យើង ដែល “ទ្រង់​ប្រកបដោយ​មេត្តាករុណា និង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្តី​សប្បុរស​ដ៏​ធំ​ទូលាយ”(ទំនុកដំកើង ១៤៥:៨)។ ហេតុនេះ​ហើយ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ដែល​ជា​រាស្រ្ត​ទ្រង់ ឲ្យ “ប្រដាប់​កាយ ដោយចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់”(កូល៉ុស ៣:១២)។ ព្រោះ​ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះទ័យ​ក្តួល​អាណិត​យ៉ាង​ខ្លាំង ដល់​យើង នោះ​ជា​ធម្មតា យើង​ក៏​ចង់​បង្ហាញ​សេចក្តី​អាណិត​របស់​ព្រះអង្គ ដល់​អ្នកដទៃ​ផង​ដែរ។ ហើយ​កាលណា​យើង​បង្ហាញ​សេចក្តី​អាណិត ដល់​អ្នកដទៃ អស់ពី​ចិត្ត នោះ​មានន័យថា យើង​បាន​ប្រដាប់​កាយ​ដោយ​សេចក្តី​អាណិត​ហើយ។

សាវ័ក​ប៉ុល​ក៏បាន​ប្រាប់​យើង​ទៀត​ថា “ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែមទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់លក្ខណ៍”(ខ.១៤)។ ហើយ​គាត់​ក៏បាន​រំឭក​យើង​ថា យើង​ត្រូវតែ “ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ”(ខ.១៧) ដោយ​ចាំ​ថា ការ​ល្អ​គ្រប់យ៉ាង​សុទ្ធតែ​ចេញ​មក​ពី​ព្រះ។ ពេលណា​យើង​មានចិត្ត​សប្បុរស​ចំពោះ​អ្នកដទៃ វិញ្ញាណ​យើង​នឹង​ទទួល​បាន​ការ​លើកទឹកចិត្ត ឲ្យ​មាន​ក្តី​អំណរ​ឡើង។—ALYSON KIEDA

តើ​អ្នកដទៃ​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក នៅពេល​ណា? តើ​អ្នក​អាច​បង្ហាញ​សេចក្តី​សប្បុរស​ដល់​អ្នកដទៃ ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្ហាញ​យើងខ្ញុំ នូវ​សេចក្តី​សប្បុរស​ដ៏​ហូរហៀរ និង​គ្មាន​ដែន​កំណត់។ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ​ឲ្យ​រក​ឃើញ​ក្តី​អំណរ ក្នុង​ការប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​អ្នកដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ១-២ និង ហេព្រើរ ១០:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles