ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ។ ទំនុកដំកើង ៥៧:១០
កាលពីឆ្នាំ១៩១៧ លោកហ្វ្រេដរីក លេហមែន(Frederick Lehman) ដែលជាអ្នកជំនួញម្នាក់នៅរដ្ឋកាលីហ្វូញ៉ា បានជួបបញ្ហាហិរញ្ញវត្ថុ។ គាត់ក៏បាននិពន្ធបទទំនុកសកលមានចំណងជើងថា “សេចក្តីស្រឡាញ់របស់ព្រះ”។ គាត់បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធបានពីរល្បះដំបូង តែគាត់ក៏បានជាប់គាំងនៅល្បះទី៣។ គាត់ក៏បាននឹកចាំ អំពីកំណាព្យមួយបទ ដែលគេបានរកឃើញប៉ុន្មានឆ្នាំមុន នៅលើជញ្ជាំងក្នុងពន្ធធនាគារមួយ។ អ្នកទោសម្នាក់បានឆ្លាក់បទកំណាព្យនោះ នៅលើថ្ម ដោយបង្ហាញចេញនូវការយល់ដឹងដ៏ជ្រាលជ្រៅ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ បទកំណាព្យនោះមានអត្ថន័យ ដូចបទចម្រៀងដែលលោកលេហមែនកំពុងនិពន្ធ។ ដូចនេះ គាត់ក៏បានដាក់បញ្ចូលបទកំណាព្យនោះ នៅក្នុងល្បះទី៣នៃបទចម្រៀងគាត់តែម្តង។
នៅពេលខ្លះ យើងជួបប្រទះភាពអន់ថយដ៏ពិបាក ដូចលោកលេហមែន និងកវីកំណាព្យក្នុងមន្ទីរឃុំឃាំងនោះផងដែរ។ ក្នុងពេលដែលយើងអស់សង្ឃឹម យើងចាំបាច់ត្រូវនឹកចាំ អំពីព្រះបន្ទូលក្នុងបទគម្ពីរទំនុកដំកើងរបស់ស្តេចដាវីឌ ដោយ “ជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់”(ទំនុកដំកើង ៥៧:១)។ យើងចាំបាច់ត្រូវស្រែករកព្រះ ពេលយើងមានបញ្ហា(ខ.២) ដោយទូលថ្វាយព្រះអង្គ អំពីទុក្ខលំបាក និងការភ័យខ្លាច ដែលយើងមាន “នៅកណ្តាលហ្វូងសឹង្ហ”(ខ.៤)។ មិនយូរប៉ុន្មាន យើងនឹងនឹកចាំអំពីការផ្គត់ផ្គង់របស់ព្រះ កាលពីមុន ហើយចូលរួមជាមួយស្តេចដាវីឌ ដែលមានបន្ទូលថា “ទូលបង្គំនឹងច្រៀងសរសើរ ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង ឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើង ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ”(ខ.៧-៨)។
បទគម្ពីរទំនុកដំកើងនេះបានប្រកាសថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ”។ នៅពេលដែលយើងត្រូវការជំនួយបំផុត យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា សេចក្តីស្រឡាញ់ ឬសេចក្តីសប្បុរសរបស់ព្រះអស្ចារ្យប៉ុណ្ណា “គឺខ្ពស់ដល់ស្ថានសួគ៌”(ខ.១០)។—KENNETH PETERSEN
តើអ្នកកំពុងជួបការលំបាកអ្វីខ្លះ នៅថ្ងៃនេះ? តើព្រះទ្រង់បានផ្គត់ផ្គង់តម្រូវការអ្នកដូចម្តេចខ្លះ កាលពីមុន?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំកំពុងប្រឈមមុខដាក់ទុក្ខលំបាក តែទូលបង្គំនឹកចាំ អំពីសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះទូលបង្គំ និងការផ្គត់ផ្គង់របស់ព្រះអង្គ ពេញមួយជីវិតទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ៣-៥ និង ហេព្រើរ ១០:១៨-៣៩