…ទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។ ១ថែស្សាឡូនិច ២:១២
ក្នុងបទកំណាព្យមានចំណងជើងថា “ការសម្រាក” អ្នកនិពន្ធបានជំរុញចិត្តយើង ឲ្យមានទម្លាប់ញែក ពេល “សម្រាក” ឲ្យដាច់ពីពេល “ធ្វើការ” ដោយសួរថា “តើវាជាការសម្រាកពិតប្រាកដ ឬជាការងារ?” បើអ្នកចង់ពិសោធន៍នឹងការសម្រាកដ៏ពិត ជាជាងព្យាយាមជៀសវាងតួនាទីដែលត្រូវធ្វើក្នុងជីវិត អ្នកនិពន្ធបានជំរុញយើងថា “ចូរធ្វើការឲ្យអស់ពីចិត្ត។ ចូរប្រើពេលសម្រាក ឲ្យបានល្អ ពុំនោះទេ វាមិនមែនជាការសម្រាកទេ តែនៅក្បែរអ្នកមានតែការបំពេញតួនាទី”។
អ្នកនិពន្ធរូបនេះបានធ្វើការសន្និដ្ឋានថា ការសម្រាក និងក្តីអំណរពិតប្រាកដអាចរកបាន តាមរយៈសេចក្តីស្រឡាញ់ និងការបម្រើ។ ទស្សនៈរបស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្ត ដែលសាវ័កប៉ុលបានផ្តល់ឲ្យពួកជំនុំនៅទីក្រុងថែស្សាឡូនិច។ គាត់បានពិពណ៌នាថា ព្រះបានត្រាស់ហៅគាត់ឲ្យលើកទឹកចិត្តអ្នកជឿ “ឲ្យរស់នៅ ឲ្យសមគួរនឹងព្រះ”(១ថែស្សាឡូនិច ២:១២) ហើយបន្ទាប់មក គាត់ក៏បានបកស្រាយឲ្យកាន់តែជាក់លាក់ថា ជីវិតប្រភេទនោះ គឺមានភាពពិតត្រង់ សេចក្តីស្រឡាញ់ និងការបម្រើ ដោយស្រគត់ស្រគំ។ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់ចម្រើនសេចក្តីស្រឡាញ់របស់ពួកគេ ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង(៣:១២)។ ហើយគាត់ក៏បានជំរុញអ្នកជឿព្រះយេស៊ូវ ឲ្យ “ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង”(៤:១១)។ វាជាប្រភេទជីវិត ដែលស្រឡាញ់ និងបម្រើដោយស្រគត់ស្រគំ តាមរបៀបដែលព្រះជួយឲ្យយើងអាចធ្វើ ដែលបង្ហាញដល់អ្នកដទៃ ឲ្យឃើញសម្រស់នៃជីវិតនៃសេចក្តីជំនឿ(ខ.១២)។
យើងនឹងមានក្តីអំណរពិតប្រាកដ ពីការស្រឡាញ់ និងបម្រើ អស់ពីចិត្ត ដោយដំណើរឆ្ពោះទៅមុខ ដោយមិនងាករេ។ នេះហើយជាការសម្រាកពិតប្រាកដ។—MONICA LA ROSE
តើព្រះវត្តមានព្រះបានជួយអ្នក ឲ្យពិសោធន៍នឹងការសម្រាកពិតប្រាកដ យ៉ាងណាខ្លះ? តើការសម្រាក និងការបម្រើបានរួមគ្នា ក្នុងនគរព្រះដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនចាំបាច់ត្រូវជៀសវាងការបំពេញតួនាទី ក្នុងការរស់នៅ ដើម្បីពិសោធន៍នឹងការសម្រាកក្នុងព្រះអង្គនោះឡើយ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់ក្តីអំណរ នៃជីវិតដ៏ស្ងប់ស្ងាត់ ក្នុងការរស់នៅជាមួយព្រះអង្គ។
For further study, read Fully Human, Fully Free: How Jesus Restores the Joy of Being Human at DiscoverySeries.org
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៥-៧ និង ហេព្រើរ ១២