ព្រះទ្រង់ស្គាល់អ្នកច្បាស់

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង។ ទំនុកដំកើង ១៣៩:១

ម្តាយ​ខ្ញុំ​ហាក់ដូចជា​អាច​មើល​ដឹង​ថា ខ្ញុំ​មាន​បញ្ហា ទោះ​ខ្ញុំ​មិនបាន​ប្រាប់​គាត់​ក៏ដោយ។ ថ្ងៃមួយ ខ្ញុំ​បាន​ជួប​ការ​លំបាក​ជាច្រើន​នៅ​សាលា ហើយក៏​ព្យាយាម​លាក់បាំង​អារម្មណ៍​នឿយណាយ ដោយ​សង្ឃឹមថា គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ។ គាត់​សួរ​ខ្ញុំ​ថា “កូន​មានរឿង​អី?” គាត់​ក៏​បន្ថែម​ទៀត​ថា “មុន​ពេល​កូន​និយាយ​ថា មិន​មានរឿង​អី​ កូន​ត្រូវ​ចាំ​ថា ម៉ាក់​ជា​ម៉ាក់​របស់​កូន។ ម៉ាក់​ផ្តល់​កំណើត​ឲ្យ​កូន ហើយ​ស្គាល់​កូន​ច្បាស់​ជាង​កូន​ស្គាល់​ខ្លួនឯង​ទៅទៀត”។ ម្តាយ​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ជា​ទៀងទាត់​ថា ដោយសារ​គាត់​ស្គាល់​ខ្ញុំ​ច្បាស់ នោះ​គាត់​អាច​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ជួយ​ខ្ញុំ ពេលណា​ខ្ញុំ​ត្រូវការ​គាត់​ខ្លាំង​បំផុត។

ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​បាន​ទទួលការ​ថែរក្សា​ពី​ព្រះ ដែល​ស្គាល់​យើង​ច្បាស់។ ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​សរសើរ​ព្រះអង្គ ដែល​បាន​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ជីវិត​របស់​កូន​ព្រះអង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា “ឱព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ”(ទំនុកដំកើង ១៣៩:១-២)។ ដោយសារ​ព្រះ​ទ្រង់​ជ្រាប​ច្បាស់​ថា យើង​ជា​នរណា គឺ​ជ្រាប​ទាំង​ចិត្ត គំនិត និង​ទង្វើ​របស់​យើង នោះ​យើង​មិន​អាច​ចេញពី​រង្វង់​នៅ​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​ជា​បរិបូរ​របស់​ព្រះអង្គ​ឡើយ(ខ.៧-១២)។ គឺ​ដូចដែល​ស្តេច​ដាវីឌ​បាន​ពោល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទីនោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ”(ខ.៩-១០)។ យើង​អាច​រក​ឃើញ​ការកម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ទោះ​យើង​នៅ​ទីណា​ក៏ដោយ ពេលណា​យើង​អធិស្ឋាន​ស្រែក​រក​ព្រះ ព្រះអង្គ​នឹង​ប្រទាន​យើង នូវ​សេចក្តី​ស្រឡាញ់ ប្រាជ្ញា និង​ការដឹកនាំ តាមដែល​យើង​ត្រូវការ។—KIMYA LODER

តើ​នៅពេល​ណា អ្នកមាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​អាច​យល់​អារម្មណ៍​ពិត​របស់​អ្នក? តើ​ភាព​ពិត​នៃ​ព្រះវ​ត្ត​មាន​ព្រះ បាន​ជួយ និង​លើកទឹកចិត្ត​អ្នក ក្នុង​ពេល​បែបនេះ ដោយ​របៀបណា?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ជា​ញឹកញាប់ ទូលបង្គំ​មាន​អារម្មណ៍​ថា គេ​មានការ​យល់​ច្រឡំ​មក​លើ​ទូលបង្គំ ហើយ​ទូលបង្គំ​មាន​អារម្មណ៍​ឯកោ។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​រំឭក​ទូលបង្គំ​ថា ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ ស្តាប់​ឮ​ទូល​បង្គំ និង​ស្រឡាញ់​ទូលបង្គំ ពេល​ដែល​ហាក់​ដូច​ជា​គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១១-១៣ និង យ៉ាកុប ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles