ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥
កាលពីឆ្នាំ១៩៤១ ក្លិបលោកសូក្រាតត្រូវបានគេបង្កើតឡើង នៅសកលវិទ្យាល័យអក់ស្វឺត នៅប្រទេសអង់គ្លេស ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តឲ្យមានការជជែកវែកញែក រវាងអ្នកជឿព្រះយេស៊ូវ ជាមួយអ្នកមិនជឿថា ព្រះមានមែនឬអត់។
ការជជែកវែកញែកអំពីជំនឿសាសនា នៅសកលវិទ្យាល័យរបស់អ្នកមិនជឿព្រះ មិនមែនជារឿងចម្លែកនោះទេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លោកស៊ីអេស លូអ៊ីស(C. S. Lewis) ជាអ្នកប្រាជ្ញគ្រីស្ទបរិស័ទដ៏ល្បីល្បាញ បានធ្វើជាប្រធានរបស់ក្លិបនេះ អស់រយៈពេល១៥ឆ្នាំ។ គាត់បានស្ម័គ្រចិត្តឲ្យគេចោទសួរ អំពីជំនឿ និងទស្សនៈរបស់គាត់ ដោយគាត់ជឿថា ជំនឿលើព្រះគ្រីស្ទអាចប្រឈមមុខដាក់ការចោទសួរដែលពិបាកៗបាន។ គាត់ដឹងថា យើងមានភស្តុតាងដែលអាចទទួលយកបាន និងសមហេតុផល សម្រាប់ឲ្យយើងជឿព្រះយេស៊ូវ។
ត្រង់ចំណុចនេះ លោកលូអ៊ីសកំពុងអនុវត្តតាមការបង្រៀនរបស់សាវ័កពេត្រុស ដល់អ្នកជឿសម័យដើម ដែលកំពុងរស់នៅខ្ចាត់ខ្ចាយ ដោយរំឭកពួកគេ “ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹម” របស់ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុងបទគម្ពីរនេះ សាវ័កពេត្រុសបានបង្ហាញចំណុចគន្លឹះពីរយ៉ាងគឺ : យើងមានហេតុផលដ៏ល្អ ដែលត្រូវមានសង្ឃឹមក្នុងព្រះគ្រីស្ទ ហើយយើងត្រូវបង្ហាញហេតុផលរបស់យើង ដល់អ្នកចោទសួរ ដោយចិត្តសុភាព និងការគោរព។
ការជឿព្រះយេស៊ូវ គឺមិនមែនជាការជឿសាសនា ឬជាការគិតផ្សងនោះទេ។ ជំនឿរបស់យើងមានមូលដ្ឋានគ្រឹះ នៅក្នុងការពិត ក្នុងប្រវត្តិសាស្រ្ត ដែលរាប់បញ្ចូលទាំងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ និងភស្តុតាងនៃស្នាព្រះហស្តទាំងឡាយរបស់ព្រះ ដែលបានធ្វើបន្ទាល់អំពីទ្រង់ ដែលជាព្រះអាទិករ។ ខណៈពេលដែលយើងសម្រាក ក្នុងប្រាជ្ញារបស់ព្រះ និងកម្លាំងនៃព្រះវិញ្ញាណ ចូរយើងត្រៀមខ្លួនជាស្រេច ដើម្បីចែកចាយអំពីហេតុផល ដែលយើងជឿព្រះដ៏ធំប្រសើរនៃយើង។—BILL CROWDER
តើអ្នកនឹងចែកចាយអំពីជំនឿរបស់អ្នក ដល់នរណាម្នាក់ ដោយរបៀបណា? តើមានភស្តុតាងដ៏សមហេតុផលអ្វីខ្លះ ដែលបញ្ជាក់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទោះព្រឹត្តិការណ៍នេះជាការអស្ចារ្យក៏ដោយ?
ឱព្រះដ៏មានគ្រប់ចេស្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទូលបង្គំ នូវភស្តុតាង ដើម្បីការពារជំនឿ ដែលទូលបង្គំមានមកលើព្រះអង្គ។
For further study, read Why We Believe: Evidences for Christian Faith at DiscoverySeries.org/Q0608.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៤-១៥ និង យ៉ាកុប ២