ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ។ អេភេសូរ ២:១០
កាលខ្ញុំនៅក្មេង ខ្ញុំខំមើលតាមបង្អួចបន្ទប់ថែទាំទារក នៅមន្ទីរពេទ្យ ឃើញទារកតូចមួយជាលើកដំបូង ដែលទើបតែចាប់កំណើត។ ដោយសារខ្ញុំមិនមានការយល់ដឹងច្រើន ខ្ញុំមានការខកចិត្ត ដែលបានឃើញទារកមានរូបរាងតូចល្អិត មានសាច់កង់ៗ មានក្បាលស្ដួចទៅលើ ហើយគ្មានសក់។ ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់ក្មេងនោះ កំពុងឈរនៅក្បែរយើង ដោយសួរគេឯងមិនចេះឈប់ថា តើកូនគាត់គួរឲ្យស្រឡាញ់ទេ? ខ្ញុំក៏បាននឹកចាំពេលដែលខ្ញុំបានមើលវីដេអូមួយ ដែលក្នុងនោះ ឪពុកវ័យក្មេងម្នាក់បានច្រៀងបទចម្រៀងដ៏ស្រទន់ ទៅកាន់កូនស្រីជាទារកដ៏តូចល្អិតថា កូនស្អាតខ្លាំងណាស់។ សម្រាប់ឪពុករបស់នាង នាងគឺជាងស្នាព្រះហស្តដែលស្រស់ស្អាតបំផុត ដែលព្រះបានបង្កើត។
ព្រះទ្រង់ក៏បានទតមើលយើង យ៉ាងដូចនេះដែរ មែនទេ? បទគម្ពីរអេភេសូរ ២:១០ បានចែងថា យើងជាស្នាព្រះហស្តដ៏ល្អឯករបស់ព្រះអង្គ។ ដោយសារយើងដឹងថា យើងមានចំណុចមិនល្អជាច្រើន នោះយើងពិបាកនឹងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់យើង ឬជឿថា យើងមានតម្លៃចំពោះព្រះអង្គ។ តែព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារយើងសមនឹងទទួលសេចក្តីស្រឡាញ់នោះទេ(ខ.៣-៤) តែព្រះអង្គស្រឡាញ់យើង ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តីស្រឡាញ់របស់ព្រះអង្គប្រកបដោយព្រះគុណ ហើយព្រះអង្គបង្ហាញជម្រៅនៃសេចក្តីស្រឡាញ់ តាមរយៈការលះបង់របស់ព្រះយេស៊ូវ ដោយព្រះអង្គឲ្យយើងមានជីវិតរស់ក្នុងព្រះអង្គ កាលយើងកំពុងស្លាប់ក្នុងអំពើបាបរបស់យើងនៅឡើយ(អេភេសូរ ២:៥,៨)។
សេចក្តីស្រឡាញ់របស់ព្រះមិនដែលប្រែប្រួល គឺតែងតែស្ថិតស្ថេរជានិច្ច។ ព្រះអង្គស្រឡាញ់មនុស្សដែលមិនល្អឥតខ្ចោះ ប្រេះបែក មានភាពកម្សោយ និងគ្មានសណ្ដាប់ធ្នាប់។ ពេលយើងដួលចុះ ព្រះអង្គតែងតែត្រៀមខ្លួនជាស្រេច ដើម្បីលើកយើងឡើង។ យើងជាកំណប់ទ្រព្យរបស់ព្រះអង្គ ហើយយើងមានភាពស្រស់ស្អាតចំពោះព្រះអង្គណាស់។—CINDY HESS KASPER
តើការដឹងថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់” មានន័យដូចម្តេចខ្លះ? តើអ្នកអាចទទួលយកសេចក្តីពិតនៃសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ ដោយរបៀបណា ពេលដែលអ្នកមានអារម្មណ៍ថា មិនសមនឹងទទួលសេចក្តីស្រឡាញ់ព្រះអង្គ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្រឡាញ់ទូលបង្គំ ដោយគ្មានលក្ខខណ្ឌ។
For further study, read How God Loves Us at DiscoverySeries.org
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣០-៣២ និង ១ពេត្រុស ៤