បានធ្វើល្អដល់ព្រះអង្គ

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០

នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។

រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ មើល ២៦:៣-៥)។ ពួក​សុចរិត​នឹង​ចោទសួរ​ព្រះអង្គ​ថា តើ​ពួក​គេ​បាន​ថ្វាយ​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ពី​ពេលណា(២៥:៣៧) តែ​ព្រះអង្គ​​មាន​បន្ទូល​ច្បាស់​ថា ការអ្វី​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​អ្នកដទៃ ក៏​រាប់​ថា បាន​ធ្វើ​ដល់​ព្រះអង្គ​ផង​ដែរ(ខ.៤០)។

ការ​ចែក​អាហារ​ដល់​អ្នក​អត់ឃ្លាន ក៏​ជា​របៀប​មួយ​ដែល​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​អាច​ថែរក្សា​រាស្រ្ត​ព្រះអង្គ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ដល់​ព្រះអង្គ និង​បង្ហាញ​ថា យើង​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​យើង ឲ្យ​អាច​បំពេញ​តម្រូវការ​អ្នកដទៃ នៅ​ថ្ងៃនេះ។—KATARA PATTON

តើ​មាន​ទង្វើ​សប្បុរស​អ្វីខ្លះ ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃនេះ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដល់​អ្នកដទៃ? តើ​អ្នក​អាច​បំពេញ​តម្រូវ​ការ​អ្នកដទៃ​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាមរយៈ​ការប្រព្រឹត្ត​របស់​ទូលបង្គំ​នៅ​ថ្ងៃនេះ។

For further study, read Loving the Neighbor Next Door at DiscoverySeries.org

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៥-៣៦ និង ២ពេត្រុស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles