ក្នុងជំនាន់នីមួយៗ រាស្រ្តរបស់ព្រះបានអត់ទ្រាំនឹងទុក្ខលំបាក ក្នុងលោកិយនេះ ដោយនឹកចាំថា ក្តីសង្ឃឹមរបស់ពួកគេមិនអាស្រ័យទៅលើលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យបន្តផ្ដោតចិត្តទៅលើផ្ទះរបស់ពួកគេនៅស្ថានសួគ៌ ជាកន្លែងដែលព្រះគ្រីស្ទគង់នៅ។
អត្ថបទ
ពួកបរិសុទ្ធនៅគ្រាសញ្ញាចាស់ក៏បានមើលទៅជីវិត នៅនគរព្រះផងដែរ។ នៅក្នុងពេលដែលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់ក៏បានមានប្រសាសន៍ថា “ ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ … ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។
បុព្វបុរសនៃសាសន៍អ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ មិនមានឱកាសអានប្រវត្តិសាស្ត្រដែលបានកត់ត្រាអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ឬអាចសិក្សាព្រះបន្ទូលព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចយើងក្នុងពេលបច្ចុប្បន្នឡើយ។ ពួកគេគ្រាន់តែមានសេចក្តីសង្ឃឹមជាស្រមោល ផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ អំពីពេលអនាគត។ តែដោយផ្អែកទៅលើសេចក្តីសង្ឃឹមនេះ ពួកគេបានទទួលរងទារុណកម្ម ការបៀតបៀន ការស្អប់ ការឈឺចាប់ និងទុក្ខវេទនា ដែលមិននឹកស្មានដល់ ព្រោះពួកគេបានស្វែងរកប្រទេសល្អជាងមុន ជាប្រទេសនៅស្ថានសួគ៌ ហើយស្វែងរកទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ និងអ្នកបង្កើតទីក្រុងនោះ។ ព្រោះពួកគេដឹងថា ការលាចាកលោក ទៅនៅនគរស្ថានសួគ៌ គឺល្អជាងការរស់នៅលើផែនដីឆ្ងាយណាស់។