ការរង់ចាំ ដោយចិត្តរំពឹង

គាត់ … ប្រកាសប្រាប់​ពី​ព្រះ​ឱរស ដល់​អស់អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម។ លូកា ២:៣៨

នៅ​ថ្ងៃ​ដ៏​មមាញឹក មុន​ពេលថ្ងៃ​ណូអែល​មកដល់ ស្ត្រី​ចំណាស់​ម្នាក់​បាន​ទៅ​ការិយាល័យ​ប្រៃសណីយ៍​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ។ នៅ​ទីនោះ​មាន​មនុស្ស​កកកុញ​កំពុង​រង់ចាំ​វេន​ទទួល​សំបុត្រ​ម្តង​ម្នាក់។ បុគ្គលិក​ប្រៃសណីយ៍​ដែល​កំពុង​មានចិត្ត​អត់ធ្មត់ បានឃើញ​គាត់​ផ្លាស់​ទី​យឺតៗ ហើយក៏​បាន​និយាយ​ស្វាគមន៍​គាត់​ថា “សូ​ស្តី នារី​វ័យក្មេង!” ពាក្យ​សម្ដី​របស់​គាត់​មាន​ភាព​ស្និទ្ធស្នាល តែ​អ្នកខ្លះ​ប្រហែលជា​គិតថា គាត់​កំពុងតែ​ប្រាប់​ស្ត្រី​ចំណាស់​នោះ​ថា “ការ​មាន​វ័យក្មេង ល្អ​ជាង​ការ​មាន​វ័យចាស់”។

ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ឲ្យ​យល់ឃើញ​ថា ការ​មាន​វ័យចាស់​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ក្តី​សង្ឃឹម។ កាល​លោក​យ៉ូសែប និង​នាង​ម៉ារា​នាំ​ព្រះ​ឱរស​យេស៊ូវ​ ថ្វាយ​ដល់​ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មាន​អ្នកជឿ​វ័យ​ចំណាស់​ពីរ​នាក់​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់។

ពី​ដំបូង លោក​ស៊ីម្មាន ដែល​បាន​រង់ចាំ​ព្រះ​មែ​ស៊ី​យាង​មក​អស់​ជាច្រើន​ឆ្នាំ ក៏បាន​បី​ព្រះអង្គ “ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវនេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើកឲ្យ​បាវបំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បានឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅមុខ​បណ្តាជន​ទាំងឡាយ”(លូកា ២:២៨-៣១)។

បន្ទាប់មក អ្នកស្រី​អា​ណ ជា​ហោរា​ស្រី ដែល “មាន​វ័យចាស់​យ៉ាង​ខ្លាំង”(ខ.៣៦) ក៏បាន​មក​ទីនោះ​ដែរ នៅពេល​ដែល​លោក​ស៊ីម្មាន​កំពុង​ជជែកគ្នា ជាមួយ​នាង​ម៉ារា និង​លោក​យ៉ូសែប។ គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​ធ្លាប់​រៀបការ​បាន​តែ​៧ឆ្នាំ ហើយក៏​បាន​រស់នៅ​ក្នុង​ព្រះវិហារ ពេល​គាត់​មាន​អាយុ៨៤ឆ្នាំ។ គាត់​នៅតែ​ក្នុង​ព្រះវិហារ មិនដែល​ចេញទៅ​ណា​ឡើយ ។ “គាត់​គោរព​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​ប្រកាសប្រាប់​ពី​ព្រះ​ឱរស ដល់​អស់អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេ​រូ​សា​ឡិម”(ខ.៣៧-៣៨)។

អ្នកបម្រើ​ទាំងពីរ​នាក់​នេះ ដែល​សង្ឃឹម​ដល់​ព្រះ បាន​ក្រើន​រំឭក​យើង កុំ​ឲ្យ​ឈប់​រង់ចាំ​ព្រះអង្គ ដោយចិត្ត​រំពឹង​ដ៏​អស្ចារ្យ ទោះ​យើង​កំពុងតែ​ស្ថិត​ក្នុង​វ័យ​ណាក៏ដោយ។—PATRICIA RAYBON

តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ ពី​អ្នកជឿ​វ័យ​ចំណាស់​ទាំងអស់​នោះ អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះ? តើ​អ្នក​បាន​ទទួលការ​បណ្តាល​ចិត្ត​អ្វីខ្លះ ពី​ការ​មាន​ក្តី​សង្ឃឹម​របស់​ពួក​គេ?

ឱ​ព្រះ​វរបិតា​ដ៏​ស្មោះត្រង់ ពេលណា​យើងខ្ញុំ​អស់សង្ឃឹម សូម​ព្រះអង្គ​រំឭក​យើងខ្ញុំ ឲ្យ​រង់ចាំ​ព្រះអង្គ ដោយចិត្ត​រំពឹង​ដ៏​អស្ចារ្យ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles