ព្រះទ្រង់ដេញតាមយើង ជាប្រាកដ

ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣:៦

កាល​ប៉ុន្មាន​ឆ្នាំមុន បុរស​ម្នាក់​កំពុងតែ​ដើរ​នៅ​ចម្ងាយ៥០ម៉ែត្រ ខាងមុខ​ខ្ញុំ។ ខ្ញុំ​អាច​មើលឃើញ​គាត់​កំពុង​មាន​កញ្ចប់​ឥវ៉ាន់​កាន់​ពេញដៃ។ ភ្លាម​ៗ​នោះ គាត់​ក៏បាន​ជំពប់​ជើង​ដួល ជ្រុះ​របស់របរ​ទាំងអស់​នោះ​ទៅលើ​ដី។ មនុស្ស​ពីរបី​នាក់ បាន​ជួយ​លើក​គាត់ ហើយ​ជួស​រើស​របស់​ដែល​គាត់​បាន​ជ្រុះ។ តែ​ពួក​គេ​មិនបាន​ឃើញ​កាបូប​លុយ​របស់​គាត់​ទេ។ ខ្ញុំ​ក៏បាន​រើស​កាបូប​លុយ​គាត់ ហើយ​ប្រញាប់​រត់​តាម​ពីក្រោយ​បុរស ដែល​ខ្ញុំ​មិនដែល​ស្គាល់​នោះ ដោយ​សង្ឃឹមថា នឹង​បាន​ប្រគល់​របស់​ដែល​គាត់​បាន​ជ្រុះ​នោះ ទៅ​គាត់។ ខ្ញុំ​ក៏​ស្រែកហៅ​គាត់​ថា “លោក លោក!” ហើយ​ទីបំផុត​គាត់​ក៏បាន​ឮ​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ទាន់​គាត់ គាត់​ក៏បាន​ងាក​មករ​ក​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ហុច​កាបូប​លុយ​ទៅ​គាត់ ខ្ញុំ​មិនដែល​ភ្លេច​ទឹកមុខ​របស់​គាត់ ដែល​បង្ហាញ​ចេញ​នូវ​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍ និង​ការ​ដឹងគុណ។

ការ​តាម​ពីក្រោយ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ “តាម” នៅក្នុង​ព្រះគម្ពីរ ដែល​មានន័យ​ផ្សេង​ពី​នេះ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ បាន​ចែងថា “ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ”(ខ.៦)។ ហើយ​ក្នុង​ព្រះគម្ពីរ​ភាសា​ហេព្រើរ ពាក្យ​ដែល​ប្រែ​មក​ថា “ជាប់​តាម” គឺ​មាន​ន័យ​ថា “ដេញ​តាម ឬ​ដេញ” ដូច​សត្វ​ឆ្កែចចក​ដេញ​តាម​សត្វ​ចៀម​អញ្ចឹង​ដែរ។

សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា​របស់​ព្រះ ជាប់​តាមយើង តែ​មិន​មែន​យូរ​ៗ​ម្តង ដោយ​គ្មាន​ការបន្ទាន់ ដូច​សត្វ​ចិញ្ចឹម​ដើរតាម​ម្ចាស់​នោះ​ទេ។ ការ​ដេញ​តាម​នេះ គឺ​បាន​ធ្វើឡើង ដោយ​ចេតនា។ អ្នកគង្វាល​ដ៏​ល្អ​ដែល​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ កំពុងតែ​ដេញ​តាមយើង​ជាប់​ជានិច្ច(ខ.១,៦)។—JOHN BLASÉ

តើ​អ្នកជឿ​ថា សេចក្តី​សប្បុរស​របស់​ព្រះ ពិតជា​ដេញ​តាម​អ្នក​ឬទេ? បើ​មិន​ជឿ​ទេ តើ​ហេតុអ្វី? ព្រះគម្ពីរ​បាន​ប្រើ​ពាក្យ ប្រាកដជា។

ឱ​ព្រះ​ដ៏​ជា​អ្នកគង្វាល​ល្អ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដ្បិត​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ បាន​ដេញ​តាម​ទូលបង្គំ​ជានិច្ច។

For further study, read The Lord Is My Shepherd: Rest and Renewal from Psalm 23 at DiscoverySeries.org​/HP952.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ដានីយ៉ែល ៥-៧ និង ២យ៉ូហាន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles