រត់ទៅរកកន្លែងជ្រកកោនរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា …ជាទី​ជ្រកកោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួចពី​អំណាច​អាក្រក់។ ២សាំ​យ៉ូអែល ២២:២-៣

ការប្រកួត​កីឡា​វាយ​កូន​បាល់​របស់​សិស្ស​ថ្នាក់​ទី៦ មានដំណើរ​ការ​ល្អ។ ឪពុក​ម្តាយ និង​ជីដូនជីតា​ទាំងឡាយ​កំពុងតែ​លើកទឹកចិត្ត​កូន ឬ​ចៅ​របស់​ខ្លួន​ដែល​កំពុង​ប្រកួត ខណៈ​ពេល​ដែល​ប្អូនៗ​របស់​ក្មេង​ក្នុង​ក្រុម​ទាំង​នោះ កំពុង​លេង​នៅក្នុង​ផ្លូវ​ដើរ​ក្នុង​សាលា។ ភ្លាម​ៗ​នោះ សម្លែង​ស៊ីរ៉ែន​ក៏បាន​បន្លឺ​ឡើង ហើយ​មាន​ពន្លឺ​ភ្លឹបភ្លែត​ៗ នៅក្នុង​កន្លែង​ហាត់ប្រាណ​ក្នុង​សាលា។ មាន​នរណា​ម្នាក់​បាន​ប៉ះ​ប៊ូតុង​បញ្ចេញ​សម្លេង​ប្រកាស​អាសន្ន​អគ្គីភ័យ។ មិនយូរ​ប៉ុន្មាន ក្មេង​តូច​ៗ​ទាំងនោះ​ក៏បាន​ប្រញាប់​ចូល​ទៅ​ក្នុង​កន្លែង​ហាត់ប្រាណ ដោយចិត្ត​តក់ស្លុត ដើម្បី​ស្វែងរក​ឪពុក​ម្តាយ​របស់​ខ្លួន។

តាមពិត គ្មាន​អគ្គីភ័យ​កើតឡើង នៅ​ថ្ងៃ​នោះ​ទេ។ មាន​គេ​បាន​ប៉ះ​ប៊ូតុង​ធ្វើឲ្យ​សម្លេង​ប្រកាស​អាសន្ន​បន្លឺ​ឡើង ដោយ​អចេតនា។ តែ​ពេល​ដែល​ខ្ញុំ​មើលទៅ​ហេតុការណ៍​នោះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​បាន​ឃើញ​ក្មេង​ៗ​ទាំងនោះ​ប្រញាប់​រត់​ទៅ​ឱប​ឪពុក​ម្តាយ​ខ្លួន ដោយ​គ្មាន​ការ​អៀនខ្មាស ដោយ​គិតស្មាន​ថា មានរឿង​វិបត្តិ​អ្វីមួយ​កំពុង​កើតមាន។ ទិដ្ឋភាព​នេះ​បាន​បង្ហាញថា ពួក​គេ​កំពុង​មានទំនុក​ចិត្ត​លើ​អ្នក​ដែល​អាច​ផ្តល់​សុវត្ថិភាព និង​ការធានា ក្នុង​ពេល​ដែល​មានការ​ភ័យខ្លាច។

ព្រះគម្ពីរ​បាន​ចែង​អំពី​ពេល​ដែល​ស្តេច​ដាវីឌ​បាន​ជួប​ការភ័យខ្លាច​យ៉ាង​ខ្លាំង។ ស្តេច​សូល និង​ខ្មាំងសត្រូវ​ជាច្រើន​ទៀត កំពុង​តាម​សម្លាប់​ទ្រង់(២សាំ​យ៉ូអែល ២២:១)។ បន្ទាប់ពី​ព្រះ​ទ្រង់​រំដោះ​ស្តេច​ដាវីឌ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់ ទ្រង់​ក៏បាន​ច្រៀង​សរសើរ​ព្រះ​យ៉ាង​ពិរោះ ដោយ​ការ​ដឹងគុណ។ ទ្រង់​ច្រៀង​ថា ព្រះអម្ចាស់​ជា “ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​ទូលបង្គំ​ឲ្យ​រួច”(ខ.២)។ ពេល​ដែល “ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់” និង “ខ្សែរូត​នៃ​សេចក្តី​ស្លាប់” បាន​រុំ​ព័ទ្ធជុំវិញ(ខ.៦) ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ ហើយ​ព្រះ​ទ្រង់​ក៏បាន​ឮ​សម្លេង​ស្តេច​ដាវីឌ(ខ.៧)។ នៅ​ចុងបញ្ចប់ ស្តេច​ដាវីឌ​ក៏បាន​ប្រកាស​ថា ទ្រង់ “រំដោះ​ទូលបង្គំ”(ខ.១៨,២០,៤៩)។

ក្នុង​ពេល​ដែល​មានការ​ភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់ យើង​អាច​រត់​ទៅ​រក “ថ្មដា”(ខ.៣២)។ ពេលណា​យើង​ស្រែក​រក​ព្រះនាម​ព្រះ ព្រះអង្គ​នឹង​ប្រទាន​កន្លែងជ្រក​កោន និង​កន្លែង​សម្រាក​ដែល​យើង​ត្រូវការ(ខ.២-៣)។—DAVE BRANON

តើ​អ្នក​កំពុង​ប្រឈមមុខ​ដាក់​ការភ័យខ្លាច​អ្វីខ្លះ សព្វថ្ងៃ​នេះ? តើ​ព្រះ​ទ្រង់​អាច​ជួយ​អ្នក​ប្រឈម​មុខ​ដាក់​ការភ័យខ្លាច និង​ដោះស្រាយ​បញ្ហា​នៃ​ការភ័យខ្លាច​នោះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ពេលណា​ទូលបង្គំ​មានការ​ភ័យខ្លាច សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​នឹក​ចាំ​ថា ទូលបង្គំ​ត្រូវ​ទុកចិត្ត​ព្រះអង្គ ពឹងផ្អែក​ព្រះអង្គ ហើយ​សរសើរ​ដំកើង​ព្រះនាម​ព្រះអង្គ។

For further study, read Hope: Choosing Faith Instead of Fear at DiscoverySeries.org​/Q0733.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ហូសេ ១-៤ និង វិវរណៈ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles