សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ។សុភាសិត ៣០:៨
ក្នុងខ្សែភាពយន្តមានចំណងជើងថា អ្នកលេងវីយូឡុង នៅលើដំបូលផ្ទះ តួអង្គឈ្មោះថេវា(Tevye) បាននិយាយទៅកាន់ព្រះ ដោយចិត្តស្មោះត្រង់ អំពីបញ្ហាជីវភាពរបស់គាត់ យ៉ាងដូចនេះថា “ព្រះអង្គបានបង្កើតឲ្យមានអ្នកក្រច្រើនណាស់។ ជាការពិតណាស់ ទូលបង្គំដឹងថា ភាពក្រីក្រមិនមែនជាអ្វីដែលគួរឲ្យខ្មាសអៀននោះទេ។ តែវាក៏មិនមែនជាកិត្តិយសដ៏ខ្ពង់ខ្ពស់អីដែរ! ដូចនេះ បើទូលបង្គំមានទ្រព្យសម្បត្តិតែបន្តិចបន្តួច តើមានខុសទាស់អ្វី … បើទូលបង្គំក្លាយជាអ្នកមាន តើវានឹងមានផលប៉ះពាល់អ្វី មកលើផែនការដ៏ធំ និងអស់កល្បរបស់ព្រះអង្គឬ?”
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអេគើរ ដែលបានទូលថ្វាយដល់ព្រះ ដោយចិត្តស្មោះត្រង់ដូចនេះផងដែរ តែតាមរបៀបផ្សេងពីនេះ ដូចមានចែងក្នុងកណ្ឌគម្ពីរសុភាសិត។ លោកអេគើរបានទូលសូមព្រះថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ” (សុភាសិត ៣០:៨)។ គាត់ដឹងថា “ការមានទ្រព្យសម្បត្តិច្រើនពេក” អាចធ្វើឲ្យគាត់មានអំនួត និងធ្វើឲ្យគាត់រស់នៅដូចអ្នកមិនជឿព្រះ ដោយបដិសេធន៍ចរិយាសម្បត្តិរបស់ព្រះ។ ម្យ៉ាងទៀត គាត់បានសូមព្រះអង្គ កុំឲ្យគាត់ “មានភាពទាល់ក្រឡើយ” ព្រោះវាអាចបណ្តាលឲ្យគាត់បង្ខូចព្រះនាមព្រះអង្គ ដោយការលួចទ្រព្យសម្បត្តិអ្នកដទៃ(ខ.៩)។ លោកអេគ័របានទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកផ្គត់ផ្គង់គាត់ ហើយបានទូលសូមព្រះអង្គ “ឲ្យគាត់មានទ្រព្យសម្បត្តិល្មម” នឹងបំពេញតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ។ ការអធិស្ឋានរបស់គាត់ បានបង្ហាញអំពីការដេញតាមបំណងព្រះទ័យព្រះ និងការស្កប់ចិត្ត ដែលអាចរកបានក្នុងព្រះអង្គតែប៉ុណ្ណោះ។
ចូរយើងមានផ្នត់គំនិតដូចលោកអេគ័រ ដោយទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាងដល់យើង។ ហើយខណៈពេលដែលយើងខិតខំប្រើប្រាស់អ្វីដែលព្រះអង្គបានប្រទាន ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ចូរយើងរស់នៅ ដោយការស្កប់ចិត្ត នៅចំពោះព្រះអង្គ ដែលមិនគ្រាន់តែផ្គត់ផ្គង់យើង យ៉ាង “គ្រប់គ្រាន់” តែលើសពីគ្រប់គ្រាន់ទៅទៀត។—MARVIN WILLIAMS
តើធ្វើដូចម្តេច ឲ្យអ្នកអាចដេញតាមបំណងព្រះទ័យព្រះ ហើយរកឃើញការស្កប់ចិត្តក្នុងព្រះអង្គ? តើអ្នកអាចបង្ហាញចេញនូវការដឹងគុណព្រះអង្គដូចម្តេចខ្លះ សម្រាប់សេចក្តីស្មោះត្រង់របស់ព្រះអង្គ?
ឱព្រះដែលផ្គត់ផ្គង់យើងខ្ញុំ សូមព្រះអង្គជួយទូលបង្គំឲ្យស្កប់ចិត្ត នឹងអ្វីៗគ្រប់យ៉ាងដែលព្រះអង្គផ្គត់ផ្គង់។
For further study, read Missing the Mission? Disciples in an Age of Abundance at DiscoverySeries.org/Q0912.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៧-៩ និង វិវរណៈ ៨