តើគ្រីស្ទបរិស័ទគួរតែចុះចូលនឹងអ្នកមានអំណាច ដែលព្រះទ្រង់បានដាក់ឲ្យគ្រប់គ្រងនៅលើពួកគេឬទេ? ថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul)សូមលើកឡើង អំពីគោលការណ៍ដើម្បីឲ្យយើងដឹងថា ពេលណាយើងត្រូវស្តាប់បង្គាប់ ហើយពេលណាយើងមិនត្រូវស្តាប់បង្គាប់អ្នកមានអំណាច។
អត្ថបទ
យើងត្រូវស្តាប់បង្គាប់អ្នកដែលមានអំណាចជានិច្ច លើកលែងតែអ្នកមានអំណាច ដែលបញ្ជាយើងឲ្យធ្វើអ្វី ដែលព្រះបានហាម ឬហាមយើងមិនឲ្យធ្វើអ្វីដែលព្រះបានបង្គាប់ឲ្យយើងធ្វើ។ ព្រះទ្រង់បានរៀបចំឲ្យប្តីមានអំណាចមកលើប្រពន្ធ។ បើប្តីប្រាប់ប្រពន្ធឲ្យទៅលក់ខ្លួន ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ នោះនាងមិនគ្រាន់តែមិនគួរ តែក៏មិនត្រូវស្តាប់បង្គាប់គាត់សោះឡើយ។
ម្យ៉ាងទៀត បើស្រ្តីម្នាក់បានរៀបការជាមួយអ្នកមិនជឿព្រះ ហើយបុរសនោះប្រាប់នាង ឲ្យឈប់ទៅចូលរួមក្រុមចម្រៀងនៅព្រះវិហារ តើនាងគួរតែធ្វើដូចម្តេច ក្នុងនាមជាភរិយា? នាងគួរតែនៅផ្ទះ ព្រោះគ្មានបទគម្ពីរណាមួយ ដែលបានបង្គាប់ថា នាងត្រូវតែចូលរួមក្រុមចម្រៀងនោះទេ។ បើនាងអាចចូលរួមបាន គឺជាការល្អ តែព្រះគម្ពីរមិនបានបង្គាប់ទេ។
ចុះបើសិនជាស្វាមីប្រាប់ភរិយាថា គាត់មិនអនុញ្ញាតឲ្យនាងទៅព្រះវិហារ នៅថ្ងៃអាទិត្យ ដើម្បីជួបជុំថ្វាយបង្គំព្រះជាមួយរាស្រ្តរបស់ព្រះអង្គទេ តើនាងត្រូវធ្វើដូចម្តេច? នាងមិនគ្រាន់តែមិនគួរ តែមិនត្រូវស្តាប់បង្គាប់គាត់ឡើយ ព្រោះព្រះទ្រង់បានបង្គាប់នាង ឲ្យមានការប្រកបជាមួយពួកបរិសុទ្ធជាទៀងទាត់។
តើអ្នកឃើញទេ យើងអាចមានការឈឺចាប់ និងមានការលះបង់ខ្លាំងប៉ុណ្ណា ពេលដែលយើងស្ថិតនៅក្នុងគំនាបរវាងអំណាចពីរផ្សេងគ្នា? យើងមិនអាចជៀសវាងការស្តាប់បង្គាប់ព្រះ ហើយធ្វើអំពើបាប ដោយយកលេសថា “ខ្ញុំគ្រាន់តែធ្វើតាមបញ្ជា តែចិត្តខ្ញុំមិនចង់ធ្វើទេ”។ តែផ្ទុយទៅវិញ យើងត្រូវមានផ្នត់គំនិតដែលគិតថា ដោយសារតែព្រះទ្រង់ប្រទានយើងនូវសិទ្ធិ និងការទទួលខុសត្រូវ ដែលមិនត្រូវស្តាប់បង្គាប់អ្នកមានអំណាចដែលបញ្ជាយើង ឲ្យធ្វើអ្វី ដែលទ្រង់បានហាម ឬហាមយើងមិនឲ្យធ្វើអ្វីដែលព្រះទ្រង់បង្គាប់ នោះមិនមែនមានន័យថា យើងមានហេតុផលដែលមិនត្រូវស្តាប់បង្គាប់ ពេលណាយើងមិនយល់ស្របនឹងអ្នកមានអំណាច ឬនៅពេលដែលអ្នកមានអំណាចកំពុងកេងប្រវ័ញ្ច ឬធ្វើទុក្ខយើង ឬក៏នាំឲ្យយើងមានការពិបាកនោះទេ។ តើលោកយ៉ូសែប និងនាងម៉ារាមានការលំបាកប៉ុណ្ណា ក្នុងការធ្វើដំណើរទៅភូមិបេថ្លេហិម? តែពួកគេបានចុះចូលនឹងច្បាប់ ព្រោះព្រះទ្រង់មិនដែលបានបង្គាប់លោកយ៉ូសែប និងនាងម៉ារាឲ្យរស់នៅមានភាពសុខស្រួល មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬមានភាពល្បីល្បាញនោះទេ។
យ៉ាងណាមិញ គោលការជាទូទៅដែលយើងត្រូវប្រកាន់ខ្ជាប់នោះគឺ យើងត្រូវខិតខំអស់ពីចិត្ត ដើម្បីចុះចូលនឹងអ្នកមានអំណាចលើយើង តែយើងត្រូវប្រឆាំងអ្នកដែលបង្គាប់យើងមិនឲ្យស្តាប់បង្គាប់ព្រះ។ ហេតុនេះហើយ ក្នុងការរស់នៅរបស់យើងជាប្រចាំថ្ងៃ យើងចាំបាច់ត្រូវដឹងថា ព្រះទ្រង់បង្គាប់យើងឲ្យធ្វើអ្វី ហើយហាមមិនឲ្យធ្វើអ្វី។ ពុំនោះទេ យើងប្រៀបដូចជាសត្វចៀម ដែលគ្មានអ្នកគង្វាល ហើយយើងនឹងមានផ្នត់គំនិតដែល “ចេះតែដើរតាមហ្វូង” ដោយធ្វើអ្វីក៏ដោយដែលគេប្រាប់ឲ្យយើងធ្វើ ដែលតាមពិត មានពេលខ្លះគ្រីស្ទបរិស័ទត្រូវនិយាយថា ទេ ផងដែរ។
នេះជាមូលហេតុដែលសតវត្សរ៍ទី១ ជាសតវត្សរ៍ដែលឈាមរបស់ពួកជំនុំបានក្លាយជាគ្រាប់ពូជនៃការលូតលាស់របស់ពួកជំនុំ តាមរយៈការលះបង់ជីវិតរបស់អ្នក ដែលមិនព្រមចុះចូលនឹងអ្នកដឹកនាំផ្តាច់ការ ដែលបង្ខំពួកគេឲ្យបោះបង់ចោលជំនឿលើព្រះគ្រីស្ទ។ យើងត្រូវតែនិយាយដូចលោកយ៉ូបថា “ទោះយើងត្រូវបាត់បង់ជីវិតក៏ដោយ ក៏យើងនៅតែគោរពប្រតិបត្តិព្រះ”។ ខ្ញុំសូមជំរុញបងប្អូនគ្រីស្ទបរិស័ទទាំងឡាយ ឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ពេលដែលអ្នកត្រូវជ្រើសរើសយកការស្តាប់បង្គាប់អ្នកដែលបញ្ជាឲ្យយើងធ្វើអំពើបាប ឬជ្រើសរើសយកការស្តាប់បង្គាប់ព្រះគ្រីស្ទ។